សេដ្ឋី​អាមេរិក​ម្នាក់បង្ហើប​​មូលហេតុ​ថា ហេតុអ្វី​សន្សំលុយទុកក្នុងធនាគារ​គឺជារឿងគ្មានប្រយោជន៍? ​​



លោក Grant Cardone ដែល​ជា​សេដ្ឋី​អចលនទ្រព្យ និង​ជាអ្នកនិពន្ធ​សៀវភៅ​​អាមេរិក​បាន​​ផ្តល់​ដំបូន្មាន​មួយ​ដល់​សាធារណជន​ពី​របៀប​ប្រើ​លុយ​ដើម្បី​បង្កើត​លុយ។ ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ទៅ​ឲ្យ​សារព័ត៌មាន CNBC របស់​អាមេរិក មហាសេដ្ឋី​រូប​នេះ​បាន​​អះអាង​ថា ការ​សន្សំ​លុយ​​ទុក​ក្នុង​ធនាគារ​មិន​មែន​​ជា​ជម្រើស​ត្រឹមត្រូវ​ឡើយ។

 

​​​ក្នុង​វ័យ ៦១ ឆ្នាំ សេដ្ឋី Grant ​បាន​លើកឡើង​ដូច្នេះ​ថា​៖«អ្នក​បាន​ឮគេ​និយាយ​ថា លុយ​គឺ​ជា​ស្តេច។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ប្រាប់​អ្នក​ទាំងអស់​គ្នា​គឺ​ថា ការ​ពិត​វា​មិន​អីចឹង​ទេ! លុយ​គឺ​ជា​​​សំរាម។ ហេតុ​អី? ព្រោះ​អតិផរណា​​ចេះ​តែ​​កើន​ឡើង។ តម្លៃ​លុយ​ ១ ០០០ ដុល្លារ​​កាល​​ឆ្នាំ ១៩៦០ មាន​​តម្លៃ​ស្មើ​ ៨ ០០០ ដុល្លារ​នៅ​ពេល​​ឥឡូវ​​នេះ។ នេះ​ហើយ​ជា​មូលហេតុ​ដែល​​ការ​សន្សំ​លុយ​​ទុក​ក្នុង​ធនាគារ គឺ​ជា​រឿង​គ្មាន​ប្រយោជន៍​។ ខ្លួន​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​អត់​សន្សំ​លុយ​ទេ។ ខ្ញុំ​គ្រាន់តែ​ទុក​វា​មួយ​រយៈពេល​ខ្លី ហើយ​ក៏​​យក​វា​ទៅ​វិនិយោគ​តែម្តង​​»

សេដ្ឋី​មាន​ទ្រព្យ​​ប្រហែល ៣០០ លាន​ដុល្លារ​រូប​នេះ​បាន​បន្ត​ទៀត​ថា ការ​សន្សំ​លុយ​ដូច​ជា​សន្សំ​​​ក្រដាស​ឯកសារ​អីចឹង​ដែរ។ លុយ​ប្រៀប​ដូច​​ជា​ក្រដាស​​ ហើយ​វា​​មាន​តម្លៃ​តែ​​នៅ​ពេល​​យក​វា​ទៅ​ប្រើ​តែប៉ុណ្ណោះ។  ប៉ុន្តែ​បើ​អ្នក​ទុក​វា​ចោល​យូរ​ពេក វា​នឹង​បាត់បង់​តម្លៃ​របស់​វា​បន្តិច​ម្តងៗ។ 

​«សន្សំ​លុយ​ទុក​ក្នុង​ធនាគារ​ មិនមែន​ជា​រឿង​ល្អ​ទេ។ អត្រា​ការប្រាក់​សព្វថ្ងៃ​នេះ ធ្វើ​ឲ្យអ្នក​ប្រើ​ពេល​ដល់​ទៅ ៨៣៣ ឆ្នាំ​ទើប​លុយ​អ្នក​អាច​​ចំណេញ​បាន​ទ្វេដង។ ប៉ុន្តែ​អត្រា​ការប្រាក់​ដែល​ធនាគារ​ឲ្យ​អ្នក​ពេល​ខ្លះ​មិន​ដល់ ១% ផង ហើយ​អត្រា​អតិផរណា​កើន​ឡើង​លឿន​ជាង​ហ្នឹង​ទៅ​ទៀត។ រឿង​ពិត​គឺ​អីចឹង! អ្នក​ឯង​នឹង​បាត់​បង់​លុយ​ បើ​គិតតែ​ពី​សន្សំ​​លុយ​ទុក»។ លោក Grant បាន​បញ្ជាក់​បន្ថែម។

បើ​ផ្អែក​តាម​ដំបូន្មាន​​ខាងលើ​របស់​​សេដ្ឋី​រូប​នេះ អ្នក​គួរ​សន្សំ​លុយ​ទុក​នៅ​ក្នុង​រយៈពេល​ខ្លី​មួយ​ប៉ុណ្ណោះ ហើយ​បន្ទាប់​មក​អ្នក​ត្រូវ​តែ​វិនិយោគ​លើ​លុយ​ដែល​អ្នក​សន្សំ​បាន​នោះ។

"លុយ​ប្រៀប​ដូច​​ជា​ក្រដាស​​ ហើយ​វា​​មាន​តម្លៃ​តែ​​នៅ​ពេល​​យក​វា​ទៅ​ប្រើ​តែប៉ុណ្ណោះ"

ទស្សនៈ​លើកឡើង​របស់​សេដ្ឋី Grant Cardone ​គឺ​ជា​រឿង​មួយ​សមហេតុ​សម​ផង ត្បិតអី​លុយ​វា​មិន​ខុស​ពី​មេ​មាន់​នោះ​ទេ។ ប្រសិន​បើ​​មេ​មាន់​​វា​ព្រម​ក្រាប​លើ​ពង​របស់​វា ​ពង​នោះ​នឹង​ញាស់​ទៅ​ជា​កូន​​មាន់​។ ប៉ុន្តែ​ប្រសិន​បើ​វា​មិន​ព្រម​ក្រាប​​ទុក​​ពង​របស់​វា​ចោល​ នោះ​ប្រហែល​ជា​​ទុក​វា​ត​ទៅទៀត​ក៏​មិន​មាន​ន័យ​អ្វី​ដែរ។ ​

អ្នក​ត្រូវ​ធ្វើ​ឲ្យ​លុយ​កើត​កូន​កើត​ចៅ។ អ្នក​ត្រូវ​ធ្វើ​ឲ្យ​ ១ ដុល្លារ​ក្លាយ​ជា​ ១០ ដុល្លារ  ហើយ​ ១០ ដុល្លារ​ឲ្យ​ក្លាយ​ទៅ​ជា ១០០ ដុល្លារ។ វិធី​ដែល​ល្អ​ដែល​ធ្វើ​ឲ្យ​លុយ​​របស់​អ្នក​ចេះ​តែ​កើតកូន​កើត​ចៅ​ដូច​មេមាន់ គឺ​ត្រូវ​យក​លុយ​ទៅ​វិនិយោគ។ ​

អ្នក​អាច​ពិចារណា​លើ​ករណី​ជាក់ស្តែង​មួយ​នេះ​បាន។ ប្រសិនបើ​អ្នក​​​សម្លឹង​មើល​ទីក្រុង​ជា​ច្រើន និង​ភូមិ​នានា​នៅ​ជុំវិញ​ពិភពលោក គឺ​សុទ្ធតែ​មាន​ផ្លូវ​នៅ​ទីនោះ។ ផ្លូវ​កាន់តែ​ធំ ភូមិ​នោះ​កាន់តែ​ធំ។ កំពង់​ផែ​មួយ​ដែល​​មាន​តម្លៃ​​ដោយសារតែ​វា​មាន​បណ្ដាញ​​ដឹក​ទំនិញ​ចេញចូល​ទៅ​កាន់​ទី​នោះ​ច្រើន និង​ឆាប់រហ័ស​។ ​

នេះ​ហើយ​ជា​រឿង​ពិត​ទាក់ទង​ទៅ​នឹង​លុយកាក់​របស់​អ្នក។ លុយ​មិនមែន​ជា​ស្តេច​ទេ។ ប៉ុន្តែ​ចរន្ត​សាច់​ប្រាក់​ទៅ​វិញ​ទេ​ដែល​ជា​ស្តេច។ ហេតុដូច្នេះ អ្នក​គួរ​តែ​ធ្វើ​រឿង​សំខាន់ៗ​ខាងក្រោម​នេះ​ដើម្បី​​ធ្វើ​ឲ្យ​លុយ​របស់​អ្នក​​បង្កើត​លុយ​ឲ្យ​អ្នក​កាន់តែ​ច្រើន​ឡើងៗ​។

១. វិនិយោគ​លើ​ខ្លួន​ឯង​ដើម្បី​​រក​ចំណូល​ឲ្យ​បាន​កាន់តែ​ច្រើន​

២. វិនិយោគ​ទៅ​លើ​អាជីវកម្ម​របស់​អ្នក​ដើម្បី​​រក​ចំណូល​ឲ្យ​បាន​កាន់តែ​ច្រើន

៣. វិនិយោគ​ទៅ​លើ​វិស័យ​អចលនទ្រព្យ​ដែល​​បង្កើត​ឲ្យ​មាន​ចរន្ត​សាច់ប្រាក់។

សូម​ធានា​ថា ត្រូវ​ចំណាយ​ប្រាក់​របស់​អ្នក​ទិញ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​បាន​ប្រាក់​ចំណេញ​។ កុំ​សន្សំ​ប្រាក់​ទុក​យូរ​ពេក! អ្នក​ត្រូវ​វិនិយោគ​ប្រាក់​សន្សំ​របស់​អ្នក។ លុយ​មិនមែន​ជា​ស្តេច​ទេ។ ប៉ុន្តែ​ចរន្ត​សាច់​ប្រាក់​ទៅ​វិញ​ទេ​ដែល​ជា​ស្តេច៕

ប្រភព៖ NCBC 

 

 

 

 

 

X
5s