តំបន់ជុំវិញអង្គរ ភ្នំគូលែន បឹងទន្លេសាប នឹងក្លាយជាផលិតផលទេសចរណ៍ថ្មីទាក់ទាញភ្ញៀវមកខេត្តសៀមរាបបន្ថែម
(ភ្នំពេញ)៖ តំបន់ជុំវិញអង្គរ ភ្នំគូលែន បឹងទន្លេសាប នឹងក្លាយជាផលិតផលទេសចរណ៍ថ្មីសម្រាប់ទាក់ទាញភ្ញៀវទេសចរមកខេត្តសៀមរាបបន្ថែម ដើម្បីរក្សាបាននូវកំណើនទេសចរខ្ពស់ នឹងអាចឈានទៅសម្រេចគោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យកើនដល់ ១០លាននាក់ នៅឆ្នាំ២០២៥។
តាមការជំរុញយ៉ាងច្បាស់លាស់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន នៅក្នុងការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប បានគូសបញ្ជាក់ថា តំបន់ជុំវិញអង្គរ ភ្នំគូលែន បឹងទន្លេសាប និងតំបន់ដែលមានសក្ដានុពលនៅជុំវិញនោះ ត្រូវតែអភិវឌ្ឍន៍ទៅជាផលិតផលទេសចរណ៍ថ្មីៗ សម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តសៀមរាបបន្ថែម ប៉ុន្តែការអភិវឌ្ឍនេះក៏ត្រូវគិតគូរដល់ការអភិរក្ស និរន្តរភាព និងការទទួលខុសត្រូវខ្ពស់ផងដែរ។
ឯកឧត្តមបានលើកឡើងថា សៀមរាប-អង្គរ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរអន្តរជាតិ ដោយបានធ្វើឱ្យកំណើនទេសចរកាន់តែកើនឡើងជារៀងរាល់ឆ្នាំ តួយ៉ាងនៅឆ្នាំ២០១៨ កន្លងទៅ មានភ្ញៀវទេសចរប្រមាណ ៥លាននាក់ បានទៅទស្សនាតំបន់សៀមរាប-អង្គរទាំងមូល ក្នុងចំណោមនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២លាន៥០ម៉ឺននាក់ផងដែរ។
ប៉ុន្តែកំណើននេះអាចនឹងថមថយទៅវិញ ប្រសិនបើកម្ពុជាមិនព្រមបង្កើតផលិតផលទេសចរណ៍ថ្មីៗ សម្រាប់ជាកត្តាទាក់ទាញបន្ថែម ពីព្រោះភ្ញៀវទេសចរមួយចំនួនមិនប្រាកដថា មកមើលតែប្រាសាទអង្គរ និងប្រាសាទដទៃទៀត ដែលស្ថិតនៅក្នុងតំបន់បេតិកភណ្ឌអង្គរនោះឡើយ ពោលគឺពួកគេប្រាកដជាត្រូវការដើរកម្សាន្តនៅកន្លែងផ្សេងទៀត ដែលនៅមិនឆ្ងាយពីតំបន់អង្គរ។
ដោយមើលឃើញពីនិន្នាការរបស់ភ្ញៀវទេសចរយ៉ាងដូច្នេះហើយ បានជាឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ខំប្រឹងជំរុញឱ្យមានការអភិវឌ្ឍ និងពង្រីកផលិតផលទេសចរណ៍ថ្មីៗសម្រាប់ទឹកដីដ៏ប្រសិទ្ធមួយនេះ ក្នុងនោះលោកបានសម្លឹងឃើញសក្ដានុពលដែលមាននៅឧទ្យានជាតិភ្នំគូលែន (មហិន្ទ្របព៌ត) តំបន់បឹងទន្លេសាប និងតំបន់ជុំវិញអង្គរ។
នៅក្នុងការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប លោករដ្ឋមន្ត្រីក៏បានជំរុញឱ្យក្រុមការងារជំនាញចុះសិក្សាពីការរៀបចំតំបន់ទេសចរណ៍ថ្មីៗ នៅតាមទីតាំងខាងលើផងដែរ។
ពាក់ព័ន្ធការចុះសិក្សានៅតំបន់ទាំងនោះ ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រុមជំនាញការរបស់គណៈកម្មការអន្តរក្រសួងបានចុះទៅដល់តំបន់ទាំងនោះហើយ ពិសេសគឺភ្នំគូលែន និងទន្លេសាប ដោយបានសាកសួរផ្ទាល់ជាមួយប្រជាពលរដ្ឋ និងទទួលបានព័ត៌មានមួយចំនួន។ ឯកឧត្តមបានបន្តថា បើតាមការអង្កេតរបស់ក្រុមជំនាញការ ក្រៅពីទស្សនាកម្សាន្តនៅតំបន់អង្គរ ភ្ញៀវទេសចរក៏និយមចូលចិត្តទៅទស្សនាតំបន់ឧទ្យានជាតិភ្នំគូលែន និងតំបន់បឹងទន្លេសាបផងដែរ ដូច្នេះបានន័យថា តំបន់ជុំវិញទាំងនោះពិតជាមានសក្ដានុពលខ្លាំងណាស់ទាំងវប្បធម៌ និងប្រវត្តិសាស្ត្រ។
ឯកឧត្តមអគ្គនាយកបានបញ្ជាក់ថា ក្រៅពីសក្ដានុពលទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ឧទ្យានជាតិភ្នំគូលែន និងតំបន់បឹងទន្លេសាប ក៏អាចរៀបចំអភិវឌ្ឍន៍ទៅជាតំបន់អេកូទេសចរណ៍ និងកសិទេសចរណ៍ ប្រកបដោយភាពទាក់ទាញបន្ថែមទៀតផងដែរ។
ការសិក្សារៀបចំលើផែនការមេនេះ នឹងត្រូវបញ្ចប់ជាដំណាក់កាលៗ ហើយនឹងបញ្ចប់ទាំងស្រុងនៅអំលុងដើមឆ្នាំ២០២០។ ផែនការមេនេះនឹងត្រូវគេយកមកអនុវត្តចាប់ពីឆ្នាំ២០២០-២០៣៥។
ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍ ក៏បានឱ្យដឹងដែរថា ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងមួយសម្រាប់អនុវត្តលើការងារនានា មិនមែនតែវិស័យទេសចរណ៍ប៉ុណ្ណោះទេ គឺមានវិស័យពាក់ព័ន្ធជាច្រើនទៀត។
ឯកឧត្តមបានបន្ថែមថា ការអភិវឌ្ឍឱ្យមានផលិតផលទេសចរណ៍ថ្មីៗយ៉ាងណាខ្លះនោះ គឺត្រូវគិតគូរដល់បញ្ហា «ស្អាត និងបៃតង» ធ្វើយ៉ាងណាត្រូវធានាឱ្យបានថា ភ្ញៀវទេសចរដែលមកទស្សនាសៀមរាប-អង្គរហើយ ត្រលប់ទៅវិញនឹងផ្សព្វផ្សាយពីព័ត៌មានល្អៗ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានបន្តថា ការរៀបចំផែនការមេនេះ គឺដើម្បីចូលរួមសម្រេចតាមចក្ខុវិស័យរបស់កម្ពុជា ដែលនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១០លាននាក់ នៅឆ្នាំ២០២៥ និងប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០៕