មិនធម្មតា! បារាំង​ចង់​បើក​ក្រុមហ៊ុន​ជួសជុល​យន្តហោះ​នៅ​កម្ពុជា​



ប្រទេស​បារាំង​មាន​បំណង​ចង់​បង្កើត​ក្រុមហ៊ុន​ថែទាំ​ និង​ជួសជុល​យន្តហោះ​នៅ​កម្ពុជា ព្រម​ទាំង​គ្រោង​នឹង​បើក​សាលា​បណ្ដុះ​បណ្ដាល​លើ​វិស័យ​អាកាសចរ​ស៊ីវិល​ផង​ដែរ។ ការ​លើក​ឡើង​របស់​ភាគី​បារាំង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​រវាង  ឯកឧត្ដម​នាយ​ឧត្ដម​សេនីយ៍​បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី អនុញ្ញាតិ​ឱ្យ លោក​ទំទាវ Nguyen Binh Eva ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព របស់​សាធារណរដ្ឋ​បារាំង ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក Mr. Philippe BAUDRY ប្រធាន​កិច្ចការ​សេដ្ឋកិច្ច​ប្រចាំ​ប្រទេស​កម្ពុជា និង​ឡាវ កាល​ពី​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ២០១៩ កន្លង​ទៅ។

នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ ក្រៅ​អំពី​បំណង​បើក​ក្រុមហ៊ុន​ជួសជុល​យន្តហោះ​និង​សាលា​បណ្ដុះ​បណ្ដាល​វិស័យ​អាកាសចរ​ស៊ីវិល​ ភាគី​បារាំង​ថា​នឹង​ផ្ដល់​ការសិក្សា​អាកាសចរ​ស៊ីវិល​នៅ​កម្ពុជា​ ព្រម​ទាំង​បង្ហាញ​ពី​បំណង​ពង្រឹង​លើ​ការងារ​សុវត្ថិភាព​និង​សន្តិសុខ​អាកាសចរ​ ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី រវាង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​អាជ្ញាធរ​អាកាសចរ​ស៊ីវិល​បារាំង។

លើស​ពី​នេះ​ លោក​ជំទាវ Nguyen Binh Eva ក៏​បាន​អបអរសាទរ​ចំពោះ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ដោយ​មាន​ការ​ផ្ដល់​អាហារូបករណ៍ ពី​ប្រទេស​បារាំង បាន​បញ្ជូន មន្ត្រី និង​បាន​បញ្ចប់​ការសិក្សា លើ​ជំនាញ​ឯកទេស គ្រប់គ្រង​ដឹក​ជញ្ជួន​ផ្លូវ​អាកាស កម្រិត​ក្រោយ​បរិញ្ញាបត្រ័​ជាន់​ខ្ពស់ ០១រូប នៅ​សាលា​អាកាសចរ​ជាតិ ENAC ប្រទេស​បារាំង ក្នុង​ឆ្នាំ២០១២-២០១៣ និង០២ រូប ទើប​បញ្ចប់​ការ​សិក្សា​ក្នុង​ខែ កក្កដា ឆ្នាំ២០១៩ នេះ នៅ​សាលា​អាកាសចរ​ក្រុង​ហុងកុង​ ដែល​មាន​កិច្ច​សហប្រតិបត្តិ​ការ​ជា​មួយ ENAC ។

ឯកឧត្ដម​ ម៉ៅ ហាវណ្ណាល់ បាន​គួស​បញ្ជាក់​ពី​កិច្ច​សហប្រតិបត្តិ​ល្អ រវាង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​អាជ្ញាធរ​អាកាសចរ​ស៊ីវិល​បារាំង និង​បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រទេស​បារាំង​ដែល​បាន​ជួយ​ដល់​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស លើ​វិស័យ​អាកាសចរ​ស៊ីវិល នៅ​កម្ពុជា និង​សំដែង​នូវ​ការ​គាំទ្រ​ទាំង​អស់ លើ​កិច្ច​សហ​ប្រតិបត្តិការ​ សំដៅ​អភិវឌ្ឍ​វិស័យ​អាកាសចរ​ឱ្យ​កាន់​តែ​រីកចម្រើន​ថែម​ទៀត៕

ប្រភព៖ រដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល

X
5s