រុស្សីនិងចិនសហការគ្នាបង្កើតមហាវិថីប្រវែង ២០១២ គីឡូមែ៉ត្រក្នុងគម្រោងយក្សខ្សែក្រវ៉ាត់មួយផ្លូវមួយ​



រុស្ស៊ីបានសម្រេចចិត្តដើម្បីកសាងផ្លូវថ្មីដ៍ធំមួយដែលមានប្រវែងជាង ២០១២ គីឡូម៉ែត្រឆ្លងកាត់តំបន់ដែលជាអតីតដែនដីសហភាពសូវៀតដែលផ្លូវនេះនឹងដើរតួនាទីជាផ្លូវកាត់ទីក្រុងម៉ូស្គូ រវាងចិននិងអឺរ៉ុប។

រូបតំណាង

គម្រោងនេះត្រូវបានគេស្គាល់ថាជាមហាវិថី Meridian Highway ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងរុស្ស៊ីដែលកំពុងរួមគ្នាបង្កើតមហាវិធី ៨០៤៧ គីឡូម៉ែត្រដែលជាមហាវិថីរុស្ស៊ីភាគលោកខាងលិច-ចិនដើម្បីភ្ជាប់កំពង់ផែហាំប៊ឺកនិងសៀងហៃ។ ច្រកផ្លូវម៉ូស្គូនឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយឯកជន និងរត់ពីព្រំដែនប្រទេសបេឡារុស្សទៅព្រំដែនរបស់ប្រទេសកាហ្សាក់ស្ថាន។ មហាវិធីនេះមានចំនួន ៤ ជួរសែដែលត្រូវបានគេរំពឹងថានឹងត្រូវចំណាយថវិកាអស់ប្រហែល ៩.៤៥ ពាន់លានដុល្លារអាមេរិកដោយក្រុមហ៊ុនឯកជនដែលមានការចូលរួមឧបត្ថមដោយមូលនិធិសាធារណៈដោយមានការរំពឹងថានឹងទទួលបានចំណូលមកវិញក្នុងពេលខាងមុខ។

ប្រាក់ចំណូលទំនងជាភាគច្រើនទទួលបានមកពីឡានដឹកទំនិញដែលធ្វើដំណើរតាមដងផ្លូវរវាងប្រទេសចិននិងអឺរ៉ុបដោយការដឹកជញ្ជូនតាមផ្លូវថ្នល់ដែលរំពឹងថានឹងដឹកជញ្ជូនទំនិញជាច្រើនដែលបច្ចុប្បន្នកំពុងតែដឹកតាមរថភ្លើងនៅលើផ្លូវរថភ្លើង Trans-Siberian Railway ឬតាមនាវាតាមរយៈព្រែកជីក Suez Canal ។

យោងតាមកាសែតពាណិជ្ជកម្ម Vedimosti បានឱ្យដឹងថាការសាងសង់មហាវិថីនេះបានចាប់ផ្តើមរួចហើយនៅ Sagarchin ដែលជាចំណុចឆ្លងកាត់ព្រំដែនរវាងប្រទេសកាហ្សាក់ស្ថាននិងរុស្ស៊ី។ ហើយនៅចុងខាងលិចនៃច្រកចូលមហាវិធីនឹងត្រូវបានផ្ដើមពី Smolensk នៅក្នុងប្រទេសបេឡារុស្ស។

គម្រោងនេះត្រូវបានគាំទ្រយ៉ាងរឹងមាំដោយលោក Alexander Ryazanov ដែលជាអតីតអនុប្រធានក្រុមហ៊ុនឧស្ម័ន Gazprom ដែលមានដីប្រហែល ៨០ ភាគរយនៃដីដែលគេសាងសង់មហាវិធីនោះហើយគេបានព្យាករថានឹងចំណាយពេលពី ១២ ទៅ ១៤ ឆ្នាំដើម្បីបញ្ចប់ការសាងសង់មហាវិថីនេះ។

គួរដឹងផងដែរថាគម្រោងមហាវិថីនេះលេចមុខឡើងនៅពេលដែលប្រទេសចិនបានព្យាយាមបង្កើតផ្លូវសូត្របុរាណរវាងអឺរ៉ុបនិងតំបន់បូព៌ាឲ្យមានវត្តមាននិងមានភាពរឹងមាំឡើងវិញជាមួយនឹងគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ (BRI) ។ គម្រោង BRI នេះត្រូវបានបង្កើតឡើងដោយប្រធានាធិបតីចិនស៊ីជីនភីងនៅក្នុងឆ្នាំ ២០១៣ ដោយបច្ចុប្បន្ននេះមានការឃើញការអភិវឌ្ឍបណ្តាញផ្លូវថ្នល់នៅតាមប្រទេសជាច្រើនជាមួយនឹងកិច្ចព្រមព្រៀងនិងការវិនិយោគទុននៅក្នុងប្រទេសចំនួន ១៥២ ប្រទេសមកហើយ។ ប៉ុន្តែមានអ្នករិះគន់ពីគម្រោង BRI នេះថាប្រទេសចិនអាចប្រើគំនិតផ្តួចផ្តើមនេះដើម្បីគ្រប់គ្រងលើបណ្តាប្រទេសតូចៗមួយចំនួន។ តបតនឹងការវិះគន់នេះវិញ ប្រទេសចិនអះអាងថាទង្វើនេះនឹងបង្កើនការទំនាក់ទំនងក្នុងតំបន់និងផ្ដល់នូវការរីកចម្រើនយ៉ាងធំធេងដល់ប្រទេសទាំងនោះ​៕

ដោយ៖ នឿន វណ្ណៈ

X
5s