សូក្រាត៖ «ធម្មជាតិផ្ដល់អ្នកត្រចៀកពីរ ភ្នែកពីរ អណ្ដាតមួយ ដូច្នេះអ្នកគួរស្ដាប់និងមើលឲ្យច្រើនមុននិយាយ»
ធម្មជាតិផ្ដល់យុត្តិធម៌ដល់មនុស្សគ្រប់រូប ដោយធម្មជាតិផ្ដល់ខួរក្បាលសម្រាប់គិត ត្រចៀកសម្រាប់ស្ដាប់ ភ្នែកសម្រាប់មើល និងអណ្ដាតសម្រាប់និយាយ។ ប៉ុន្តែមនុស្សមួយចំនួនមិនទាន់ចេះប្រើប្រាស់របស់ទាំងនេះអស់នៅឡើយទេ។ មនុស្សមួយចំនួនចូលចិត្តនិយាយចចេចចចូច ទាំងងងឹតងងល់ ទាំងខ្លួនមិនដឹងការពិត ឬដឹងការពិតតិចតួច ហើយមកអួតអាងថាខ្លួនដឹងគ្រប់យ៉ាង ធ្វើខ្លួនត្រូវទាំងអស់។
សូក្រាត ទស្សនវិទូបុរាណក្រិក បាននិយាយថា៖ «ធម្មជាតិផ្ដល់ឲ្យអ្នកត្រចៀកពីរ ភ្នែកពីរ អណ្ដាតមួយ ដូច្នេះអ្នកគួរស្ដាប់និងមើលឲ្យច្រើនមុននិយាយ»។ នេះបញ្ចាក់ថា មុននឹងនិយាយអ្វីមួយ អ្នកត្រូវស្ដាប់គេស្ដាប់ឯង ស្ដាប់ពីនេះស្ដាប់ពីនោះ ស្ដាប់រកហេតុនិងផលសិន ថាជាការពិតឬអត់។ ហើយភ្នែកទាំងពីររបស់អ្នកទៀតសោតត្រូវចេះប្រើប្រាស់ដើម្បីអង្កេត និងមើលឲ្យដឹងរឿងរ៉ាវស៊ីជំម្រៅសិន។ ប្រសិនបើអ្នកស្ដាប់ឮព័ត៌មានតែម្ខាង ដោយមិនព្រមស្ដាប់ទាំងសងខាង នោះអ្នកទទួលបានព័ត៌មានលំអៀងហើយ។
កុំដឹងតិចតួច ឬគ្រាន់តែដឹងលំៗ ធ្វើខ្លួនគ្រាន់បើ ធ្វើខ្លួនដូចដឹងរឿងគ្រប់យ៉ាង ចេះគ្រប់យ៉ាង។ មនុស្សមួយចំនួនតូចចូលចិត្តស្រែកឡូឡា ធ្វើដូចគ្រាន់បើ ដើម្បីឲ្យអ្នកដទៃមើលមកខ្លួនល្អ ខ្លួនឡូយ ដឹងគ្រប់យ៉ាង។
ដូចនេះ ស្ដាប់ឲ្យដឹងព័ត៌មានសព្វគ្រប់សិន មើលឲ្យឃើញនឹងភ្នែកឲ្យជាក់សិន ហើយយកខួរក្បាលមកគិត មុននឹងនិយាយ។ កុំនិយាយទាំងកម្រោល ទាំងងងឹតងងល់ និយាយទាំងកំហឹងគ្មានហេតុគ្មានផល ដើម្បីតែខ្លួនត្រូវ។ ត្រូវចេះស្ដាប់ មើល វិភាគ មុននិងនិយាយ៕
អត្ថបទដោយ៖ លង់ វណ្ណៈ