តំណាងសាជីវកម្មធំៗរបស់អាមេរិក បង្ហាញសុទិដ្ឋិនិយមល្អចំពោះទីផ្សារកម្ពុជា
ភ្នំពេញ៖ តំណាងសាជីវកម្មធំៗរបស់អាមេរិក បង្ហាញសុទិដ្ឋិនិយមល្អចំពោះទីផ្សារកម្ពុជា ដោយសន្យា នឹងបណ្តាក់ទុនបន្ថែម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក នៅតែមានលក្ខណៈវិជ្ជមាន មិនមានសញ្ញាណថមថយឡើយ ខណៈភាគីទាំងពីរបានបង្ហាញឆន្ទៈក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច និងវិនិយោគ រាប់ចាប់តាំងពីទំនិញប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់សេវាកម្មបច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិក នេះបើតាមកិច្ចពិភាក្សារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក Alexander Feldman និងមានការចូលរួមពីលោក Michael Newbill ភារធារីនៃស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា។
នៅក្នុងជំនួបធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីដើមសប្ដាហ៍នេះ លោក Alexander Feldman រួមជាមួយតំណាងសាជីវកម្មធំៗរបស់អាមេរិក មានដូចជា ConocoPhillips, Ford, General Electric (GE), Chevron, Coca-Cola, Facebook, Amazon Web Service, Oracle, Google, Master Card និង Visa Card សុទ្ធតែបានបង្ហាញសុទិដ្ឋិនិយមចំពោះទីផ្សារកម្ពុជា និងមានបំណងបណ្តាក់ទុនបន្ថែម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូ US-ABC និងបានជម្រាបជូនលោក Alexander Feldman និងតំណាងសាជីវកម្មទាំងអស់ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់នានា ដើម្បីលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា និងការពារអត្ថប្រយោជន៍ជូនវិស័យឯកជន ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តលើកស្ទួយបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីទាក់ទាញការវិនិយោគបន្ថែមពីបរទេស។ ទន្ទឹមគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូ US-ABC ពីភាពដឹកនាំរបស់ក្រសួងពាណិជ្ជកម្ម នៅក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងដៃគូ រួមមាន អាស៊ាន +១, អាស៊ាន +៣ និងអាស៊ាន +៦ ព្រមទាំងកិច្ចប្រឹងប្រែងលុបបំបាត់របាំងពន្ធគយ និងគោលនយោបាយគាំពារនិយម ជាដើម។
គួរបញ្ជាក់ដែរថា កាលពីឆ្នាំ២០១៨ កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបាន ៤,២៦៤លានដុល្លារ គឺបានកើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០១៧។ ទន្ទឹមគ្នានេះ គិតត្រឹមខែមេសា ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មសរុបនៃប្រទេសទាំងពីរ សម្រេចបានទឹកប្រាក់ ១,៦៥៦លានដុល្លារ គឺបានកើនឡើង ២៣,៧១% ធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៨៕
ដោយ៖ ស្រីពេជ្រ