ដើម្បី​រៀន​​ពី​​អនាគត​អាជីវកម្ម អ្នក​ក៏​ត្រូវ​ត្រឡប់​មើល​អតីតកាល​ផង​ដែរ​



ប្រវត្តិសាស្ត្រ ឬ​អតីតកាល​គឺ​ជា​គ្រូ​ដ៏​​មាន​ឥទ្ធិពល​បំផុត​មួយ​សម្រាប់​មនុស្ស​គ្រប់គ្នា​ ត្បិតអី​​វា​បាន​បង្កប់​នូវ​មេរៀន​ទាំង​ល្វីងជូរចត់​ និង​ផ្អែមល្ហែម​នៅ​ទីនោះ។ នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​មនុស្ស​ច្រើនណាស់​ដែល​​មើល​រំលង ហើយ​​គេច​ការ​ទទួលខុសត្រូវ​​មិន​ព្រម​រៀនសូត្រ​​​ពី​វា​ដើម្បី បញ្ចៀស​កំហុស​ឆ្គង​សម្រាប់​បង្កើត​ភាព​ជោគជ័យ​​របស់​ខ្លួន​។ ​ខណៈ​ដែល​អតីតកាល​មិន​អាច​ផ្លាស់ប្ដូរ​​បាន អ្វី​​ដែល​អ្នក​​គួរ​​​សម្លឹង​មើល​រឿងរ៉ាវ​ជា​ច្រើន​ដែល​កន្លង​ផុត​​ ​​គឺ​ដើម្បី​ធានា​ថា​ ប្រវត្តិសាស្ត្រ​ដ៏​អាក្រក់​​ទាំង​នោះ ​នឹង​មិន​​កើត​ឡើង​វិញ​ទៀត​ទេ​នៅ​ពេល​អនាគត។

រឿង​ធ្វើ​ជំនួញ​រកស៊ី​ក៏​មិន​ខុស​ពី​រឿងរ៉ាវ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​ដែរ។ មើលទៅ​វា​គ្មាន​​គ្រូ​ណា​ល្អ​ប្រសើរ​ជាង​បទពិសោធន៍​នោះ​ទេ។ ក៏ប៉ុន្តែ​មិនមែន​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ឆ្លងកាត់​បទពិសោធន៍​ក្នុង​ជំនួញ​នោះ​ឡើយ។ អ្នក​ដឹកនាំ​ជំនួញ​សម័យ​ថ្មី ត្រូវ​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការ​សិក្សា​​រៀនសូត្រ​ពី​លទ្ធផល​​ធ្វើ​ជំនួញ​របស់​ខ្លួន​នៅ​ពេល​កន្លង​មក​ដើម្បី​​បង្កើត​ភាព​ជោគជ័យ​ឲ្យ​បាន​កាន់តែ​ច្រើន និង​បង្រួម​ហានិភ័យ​ឲ្យ​កាន់តែ​តិច។

​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ វា​​មិនមែន​ជា​រឿង​មួយ​ងាយស្រួល​ឡើយ។ ក៏ប៉ុន្តែ​អ្នក​ត្រូវ​ចងចាំ​ថា អ្នក​ត្រូវ​ព្យាយាម​បើក​ចិត្ត​ទូលាយ​រៀនសូត្រ​ពី​អតីតកាល​ និង​ចំណេះដឹង​ថ្មីៗ​ឲ្យ​បាន​កាន់តែ​ច្រើន។ នៅ​ក្នុង​អត្ថបទ​នេះ នឹង​នាំ​អ្នក​ទៅ​ស្វែង​យល់​នូវ​សម្រង់​សម្ដី​​ប្រកបដោយ​គតិ​បណ្ឌិត​របស់​បុគ្គល​ល្បីៗ​​ជា​ច្រើន​រូប​ដែល​ទាក់ទង​ទៅ​នឹង​ប្រធានបទ​រៀនសូត្រ​ពី​អតីតកាល​នេះ។

១.អ្នក​ជំនួញ និង​អ្នកនយោបាយ​ជនជាតិ​ចាម៉ៃកា​លោក​ Marcus Garvey 
“មនុស្ស​ដែល​មិន​បាន​ស្គាល់​អតីតកាល ដើមកំណើត និង​វប្បធម៌​របស់​ខ្លួន ប្រៀប​ដូច​ជា​ដើមឈើ​មួយ​ដើម​ដែល​គ្មាន​ឫស”។

២.ប្រវត្តិវិទូ​​​ជនជាតិ​អង់គ្លេស​លោកDavid G. Chandler 
“គ្មាន​នរណា​ម្នាក់​អាច​បដិសេធ​ថា​ រាល់​សង្គ្រាម និង​ការ​ប្រយុទ្ធ​គ្នា ​គឺ​ជា​ទង្វើ​​មិន​គួរ​ឲ្យ​សោកស្តាយ​ ឈឺចាប់​ និង​​វេទនា​ដែល​ជា​រឿង​​អយុត្តិធម៌​ចំពោះ​យុទ្ធជន និង​​ជនស៊ីវិល​នោះ​​ឡើយ​។  ​ដូច្នេះ​បើ​គ្រាន់តែ​​​សិក្សា​​ស្វែងយល់​ពី​​ប្រវត្តិសាស្ត្រ​ដែល​កន្លង​ហួស​​ដើម្បី​​បញ្ចៀស​កំហុស​ឆ្គង និង​សោកនាដកម្ម​​មិន​ឲ្យ​កើត​ឡើង​វិញ នោះ​​សកម្មភាព​នេះ​​មិន​គួរ​ត្រូវ​បាន​គេ​រារាំង​ទេ"។ 

៣.លោក Dwight D. Eisenhower ប្រធានាធិបតី​ទី ៣៤​របស់​អាមេរិក  
“ទាំង​មនុស្ស​ឆ្លាត និង​មនុស្ស​អង់អាច​​​គង់តែ​ដេក​​សម្រាក​លើ​គន្លង​ផ្លូវ​​ប្រវត្តិសាស្ត្រ​ដើម្បី​​រង់ចាំ​រថភ្លើង​មក​ដល់​បរ​កាត់​លើ​ទ្រូង​ពួកគេ”។

៤.លោកBoris Becker អតីត​កីឡាករ​វាយ​​​​តេនីស​លំដាប់​ពិភពលោក​របស់​​អាល្លឺម៉ង់ 
“ខ្ញុំ​មិន​អាច​ផ្លាស់ប្ដូរ​​អតីតកាល​បាន​ទេ។ ខ្ញុំ​ក៏​មិន​ចង់​ផ្លាស់ប្ដូរ​អតីតកាល​ដែរ​។ អ្វី​ដែល​ខ្ញុំ​អាច​ផ្លាស់ប្ដូរ​បាន​ គឺ​មាន​តែ​អនាគតកាល​របស់​ខ្ញុំ​តែប៉ុណ្ណោះ។ ឥឡូវ​នេះ​ ខ្ញុំ​កំពុង​ធ្វើ​វា​ហើយ​”។

៥. កវីនិពន្ធ និង​សិល្បករ​អាមេរិក​លោកស្រី   Maya Angelou
“ទោះបី​ជា​​​​​អតីតកាល​មាន​ការ​ឈឺចាប់​ខ្លាំង ក៏​មិន​​អាច​បំភ្លេច​វា​បាន​ដែរ។ ប៉ុន្តែ​បើ​ជីវិត​ជួប​តែ​រឿង​​ល្អ​ គួរតែ​មិន​ចាំបាច់​រស់​ម្តង​ទៀត​ល្អ​ជាង”។ 

៦.លោក Colin Powell អ្នក​នយោបាយ​​អាមេរិក
“គ្មាន​ឡើយ​អាថ៌កំបាំង​ដើម្បី​ជោគជ័យ។ វា​ជា​លទ្ធផល​កើត​ចេញ​ពី​ការ​ត្រៀម​ខ្លួន ខិតខំ​ប្រឹងប្រែង និង​រៀនសូត្រ​ពី​ការ​បរាជ័យ”។

៧.អ្នកប្រាជ្ញ​អាល្លឺម៉ង់​លោក Albert Einstein
“រៀនសូត្រ​ពី​ថ្ងៃ​ម្សិលមិញ រស់​នៅ​​សម្រាប់​ថ្ងៃ​នេះ សង្ឃឹម​សម្រាប់​ថ្ងៃ​ស្អែក។ មិន​ត្រូវ​បញ្ចប់​ចម្ងល់​ចំពោះ​រឿង​​សំខាន់ៗ​ឡើយ​” ។

៨.សកម្មជន​នយោបាយ​ជនជាតិ​​អៀរឡង់​លោក George Bernard Shaw
“ប្រសិន​បើ​ប្រវត្តិសាស្ត្រ​អាច​កើត​ឡើង​ដោយ​ឯកឯង​បាន ហើយ​ការ​រំពឹង​ទុក​សុទ្ធតែ​អាច​កើត​មាន​ឡើង តើ​មនុស្ស​ម្នាក់ៗ​​​​ចាំបាច់​រៀនសូត្រ​ពី​បទពិសោធន៍​ទាំងនោះ​​ធ្វើ​អី?”។

៩.អ្នក​នយោបាយ​​អង់គ្លេស​លោក Lord Byron
“ព្យាការី​ (អ្នកព្យាករ​) ដ៏​ល្អ​បំផុត​នៃ​អនាគតកាល​ គឺ​អតីតកាល”។

១០.លោកស្រី  Michelle Obama
“​ជីវិត​របស់​អ្នក​ប្រហែល​មិន​សុខ​ស្រួល​​នោះ​ទេ  ហើយ​អ្នក​ក៏​មិន​អាច​ដោះស្រាយ​បញ្ហា​ទាំងអស់​របស់​ពិភពលោក​​​បាន​នៅ​ក្នុង​ពេល​តែមួយ​​ដែរ។ ប៉ុន្តែ​​សូម​កុំ​មើល​ស្រាល​សារៈសំខាន់​ដែល​​អ្នក​មាន​​  ព្រោះ​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​យើង​ថា​  ភាព​ក្លាហាន​អាច​ឲ្យ​យើង​ហែល​ឆ្លង​ផុត​ឧបសគ្គ​ទាំងឡាយ​បាន​​”៕

ប្រភព៖ Inc 

 

X
5s