Bill Gates ចង់ផ្តាំផ្ញើមនុស្សគ្រប់រូបឲ្យសួរខ្លួនឯង ៣សំនួរនេះ!
នៅពេលនិយាយពីប្រធានបទនេះ មនុស្សម្នាក់ៗមានរបៀបគ្រប់គ្រង ដឹកនាំ និងវិថីជីវិតផ្សេងៗគ្នា។ កាលៈទេសៈ ឱកាស និងការផ្លាស់ប្ដូរ មិនអាធានាបានថា អ្វីដែលអ្នកគិត អ្វីដែលអ្នកធ្វើនៅថ្ងៃនេះនឹងត្រឹមត្រូវរហូតនោះទេ។ វាអាចនឹងត្រូវសម្រាប់ថ្ងៃនេះ ប៉ុន្តែមិនសមស្របនៅក្នុងរយៈពេល ១០ ឬ ៣០ឆ្នាំខាងមុខ។
យ៉ាងណាមិញសម្រាប់លោក Bill Gates វិញ លោកបានរកឃើញនូវសំនួរ ៣ ដែលយល់ថា ជារូបមន្តសម្រាប់មនុស្សគ្រប់វ័យគួរតែយកទៅអនុវត្តនៅក្នុងជីវិតឲ្យបានខ្ជាប់ខ្ជួនមិនថា អ្នកស្ថិតនៅក្នុងស្ថានភាពបែបណានោះឡើយ។ លោកថា សំនួរនេះសំខាន់ណាស់ដែលអាចធ្វើឲ្យជីវិតរបស់អ្នកជោគជ័យ ហើយលោកក៏កំពុងអនុវត្តវាដែរ។
១. “តើខ្ញុំបានចំណាយពេលវេលាដិតដល់ជាមួយគ្រួសាររបស់ខ្ញុំដែរឬអត់?”
លុយអាចទិញរបស់ជាច្រើនបាន ប៉ុន្តែវាមិនអាចទិញពេលវេលាបន្ថែមទៀតឲ្យលើសពី២៤ម៉ោងក្នុងមួយថ្ងៃបានទេ។ ដោយសារតែបែបនេះហើយទើបគេសង្កេតឃើញថា បើទោះបីជាលោក Bill Gates មមាញឹកការងារខ្លាំងយ៉ាងណាក៏ដោយ ក៏លោកនៅតែឆ្លាតពេលនៅជាមួយគ្រួសាររបស់លោកដែរ។
កាលពីនៅជា CEO ក្រុមហ៊ុន Microsoft លោកតែងចំណាយពេលរៀងរាល់ព្រឹកដើម្បីជូនកូនស្រីច្បងរបស់លោកគឺ នាង Jennifer ទៅសាលារៀន និយាយគ្នាពីនេះពីនោះ នូវអ្វីដែលភរិយារបស់លោកលោកស្រី Melinda យល់ថា ជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានរវាងឪពុក និងកូន។
គេនៅចាំបានថា ក្នុងបទសម្ភាសន៍មួយនៃកម្មវិធី Cute ភរិយាលោក Bill Gates គឺលោកស្រី Melinda បានលាតត្រដាងថា បើទោះបីជា ពេលខ្លះនៅឃ្លាតឆ្ងាយពីគ្នាក្តីក៏អ្នកទាំងពីរមើលកម្មវិធីទូរទស្សន៍ ឬកម្មវិធីផ្សេងៗដូចគ្នានៅក្នុងពេលតែមួយដូចគ្នាដែរ។ លោកស្រីបន្តថា ការធ្វើបែបនេះគឺដើម្បីធ្វើឲ្យអ្នកទាំងពីរមានអារម្មណ៍ថា ដូចនៅជិតគ្នា បង្កើនភាពស្និទ្ធស្នាល និងអាចមានពេលចែករំលែកផ្លាស់ប្ដូរគំនិតគ្នាទៅវិញទៅមកទៀតផង។
២. “តើខ្ញុំមានបានរៀនសូត្រអ្វីថ្មីៗហើយឬនៅ?”
លោក Bill Gates ធ្លាប់បោះបង់ការសិក្សានៅ Harvard កាលពីឆ្នាំ ១៩៧៥។ ក៏ប៉ុន្តែការរៀនសូត្រអ្វីថ្មីៗនៅក្រៅសាលា លោកមិនដែលបានបោះបង់វាម្តងណាឡើយ។ ក្នុងបទសម្ភាសន៍មួយទៅឲ្យកាសែត New York Times មហាសេដ្ឋីវ័យ ៦៣ ឆ្នាំរូបនេះបានលើកឡើងថា លោកបានអានសៀវភៅដល់ទៅ ៥០ ក្បាលក្នុងមួយឆ្នាំ។
«នេះជារបៀបរៀនសូត្រដែលចំណាយតិចបំផុត ហើយខ្ញុំរៀនបែបនេះតាំងពីខ្ញុំនៅក្មេងមកម្ល៉េះ។ សព្វថ្ងៃនេះ ខ្ញុំក៏ចូលចិត្តដើរច្រើនទៅកន្លែងផ្សេងៗជុំវិញពិភពលោក ជួបជាមួយអ្នកវិទ្យាសាស្ត្រជាច្រើន ហើយបានមើលកម្មវិធីបង្រៀនរាប់ភ្លេចនៅតាមអនឡាញ។ ប៉ុន្តែ អានសៀវភៅនៅតែជាចំណង់ចំណូលចិត្តខ្លាំងបំផុតរបស់ខ្ញុំដើម្បីអាចធ្វើឲ្យខ្ញុំរៀនអ្វីថ្មីៗបានច្រើន និងអាចធ្វើតេស្ដសមត្ថភាពយល់ដឹងរបស់ខ្ញុំ»។ នេះជាការលើកឡើងរបស់លោក Bill Gates។
លោកបន្តថា៖« ទម្លាប់នេះ វាជារឿងគួរឲ្យអស់សំណើចនៅពេលខ្ញុំអាយុប្រហែលខ្ទង់ ២០ឆ្នាំ ប៉ុន្តែពេលខ្ញុំកាន់តែចាស់ទើបខ្ញុំដឹងថា រឿងនេះពិតជាមានតម្លៃកាន់តែខ្លាំងឡើង។ កាលខ្ញុំនៅក្មេង បើចង់អានអីមួយទាល់តែទៅ បើកសៀវភៅមើល។ ប៉ុន្តែឥឡូវវាកាន់តែងាយស្រួល។ អ្នកអាចរៀនបានគ្រប់ពេល គ្រប់ទីកន្លែងនៅតាមអនឡាញ»។
៣. “តើខ្ញុំបានបង្កើនទំនាក់ទំនងជាមួយមនុស្សថ្មីៗ និងរក្សាទំនាក់ទំនងចាស់ៗឲ្យកាន់តែរឹងមាំឡើងដែរឬទេ?”
មហាសេដ្ឋី Warren Buffett ប្រហែលជាមហាសេដ្ឋីម្នាក់ដែលគេមើលឃើញថា មានឥទ្ធិពលខ្លាំងជាងគេសម្រាប់លោក Bill Gates ចំពោះសំនួរមួយនេះ។ នៅក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី Reddit កាលពីឆ្នាំ ២០១៧ លោក Bill Gates ត្រូវបានគេចោទសួរនូវសំនួរមួយថា “តើលោកយល់យ៉ាងណាចំពោះពាក្យថា ជោគជ័យ?”
មហាសេដ្ឋីរូបនេះបានឆ្លើយដោយងាកទៅរក មហាសេដ្ឋី Warren Buffett ដូច្នេះថា៖« Warren គាត់តែងនិយាយថា មនុស្សយើងជោគជ័យឬអត់អាស្រ័យថា តើអ្នកបានផ្តល់ក្តីស្រលាញ់ និងធ្វើឲ្យមនុស្សនៅជុំវិញអ្នកសប្បាយចិត្តច្រើនប៉ុណ្ណា?»។
ដូចគ្នានេះដែរកាលពីឆ្នាំ ២០១៦ លោក Bill Gates បានសរសេរនៅលើ Blog ផ្ទាល់ខ្លួនរបស់លោកដូច្នេះដែរថា៖« ខ្ញុំបានរៀនច្រើនណាស់ពី Warren អស់រយៈពេល ២៥ ឆ្នាំមកនេះ។ ប៉ុន្តែមិត្តភាពប្រហែលជារឿងសំខាន់ជាងនេះទៅទៀត។ វាជាមិត្តភាពដែលស័ក្តិសមដូចអ្វីដែលអ្នកប្រាថ្នាចង់បាន»។
ការស្រាវជ្រាវបានគាំទ្រដល់ការលើកឡើងរបស់លោកដែលថា ទំនាក់ទំនងដ៏ជិតស្និទ្ធឬមិត្តភាពដែលយល់ចិត្តថ្លើមគ្នាបានផ្តល់គុណសម្បត្តិយ៉ាងច្រើន។ វាមិនត្រឹមតែធ្វើឲ្យជីវិតរបស់អ្នកជោគជ័យប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជំរុញឲ្យសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់អ្នករឹងមាំទៀតផង៕
ប្រភព៖ CNBC