នាយក​ក្រុមហ៊ុន​ ALDO HR ​ប្រាប់​ចំណុច​សំខាន់​ជួយ​ឲ្យ​អាជីវកម្ម​ដើរ​បាន​យូរ​អង្វែង​



បច្ចុប្បន្ន​មាន​មនុស្ស​ជា​ច្រើន​កំពង់​តែ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​បង្កើត​អាជីវកម្ម ក៏​ដូច​ជា​មុខរបរ​ផ្សេងៗ ទន្ទឹម​គ្នា​នោះ​ក៏​មាន​អាជីវកម្ម​ខ្លះ​រីកចម្រើន រីកចម្រើន​ខ្លាំង ប៉ុន្តែ​ខ្លះ​ទៀត​បែរ​ជា​ត្រូវ​ខាតបង់​និង​ក្ស័យធុនទៅ​វិញ។ តើ​មូលហេតុ​អ្វី​ទៅ?  ជា​មួយ​គ្នា​នេះ​ លោក ហម សំណាង អគ្គនាយក​នៃ​ក្រុមហ៊ុន ALDO HR បាន​លើក​ឡើង​ថា ម្ចាស់​អាជីវកម្ម​ឬ​អ្នក​រកស៊ី​កុំ​ផ្ដោត​តែ​លើ​លុយ​ចំណូល តែ​គួរ​គិត​អំពី​ការ​រកស៊ី​យូរ​អង្វែង។

 

លោក អគ្គនាយក ហម សំណាង ចែក​រំលែក​ថា ចំពោះ​អ្នក​ចង់​រកស៊ី​ឬ​ម្ចាស់​អាជីវកម្ម​សូម​កុំ​ផ្ដោត​សំខាន់​ទី​មួយ​ទៅ​លើ​លុយ​ លោក​ឲ្យ​ទុក​លុយ​នៅ​ចំណុច​ទី​ពីរ​ ព្រោះ​ថា​ក្នុង​ការ​រកស៊ី​ឬ​ធ្វើ​អាជីវកម្ម​ណា​មួយ​លុយ​វា​ប្រាកដ​ជា​កើត​មក​តាម​ក្រោយ​ហើយ​ព្រោះ​ថា​បើ​មិន​មាន​ចំណូល​មិនមែន​ហៅ​ថា​ការ​រកស៊ី​នោះ​ទេ។ ប៉ុន្តែ​អ្វី​ដែល​ជា​ចំណុច​សំខាន់​ដែល​លោក​ចង់​ឲ្យ​គិត​សម្រាប់​ការ​រកស៊ី​យូរ​អង្វែង​នោះ​គឺ គុណភាព។

លោក សំណាង បន្ត​ដោយ​លើក​ជា​ឧទាហរណ៍​ថា​ បើ​យើង​ជា​អាជីវកម្ម​លក់​សាប៊ូ​លាងចាន​មួយ​ដែល​មាន​គុណភាព ពេល​ដែល​លក់​ទៅ​មាន​ការ​គាំទ្រ​លើ​ទីផ្សារ​នោះ​ប្រាកដ​ជា​មាន​ការ​ផ្សព្វផ្សាយ​ផ្ទាល់​មាត់​ច្រើន​ពី​ម្នាក់​ទៅ​ម្នាក់​នៅ​ពេល​នោះ​ផលិតផល​របស់​យើង​នឹង​លក់ដាច់​ ជា​ពិសេស​ខ្មែរ​យើង​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ណាស់​នៅ​ពេល​ដែល​យើង​ចេះ​យោគយល់​គ្នា។

អ្វី​ដែល​ជា​ចំណុច​ដែល​អាជីវកម្ម​គួរ​ចៀសវាង​គឺ​ កុំ​នៅ​ពេល​ដែល​ផលិតផល​ចាប់​ផ្ដើម​លក់ដាច់​ខ្លាំង ចាប់​ផ្ដើម​មាន​ការ​គាំទ្រ​ច្រើន យើង​បែរ​ជា​យក​ផលិតផល​ក្លែងក្លាយ​មក​លាយ​ដើម្បី​បាន​បរិមាណ​ច្រើន នោះ​ហើយ​វា​ប្រៀប​ដូច​ជា​យើង​សម្លាប់​ខ្លួនឯង​ដូច្នោះ​ដែរ។ 

លោក ហម សំណាង​៖ «ជា​ការ​សំណូម​ពរ​ពី​ខ្ញុំ សូម​ឲ្យ​ម្ចាស់​អាជីវកម្ម​គិត​ពី​គុណភាព​ទី​មួយ ព្រោះ​ពេល​ដែល​គុណភាព​យើង​ល្អ សេវាកម្ម​យើង​ល្អ ផលិតផល​ល្អ នោះ​លុយ​នឹង​ចូល​មក​តាម​ក្រោយ»៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s