លោក​បណ្ឌិត​ ​តាំង​ ណាំស៊ុ្រន​៖ ​ដើម្បី​ជោគជ័យ​ក្នុង​ជីវិត​ មនុស្សត្រូវការថ្នាំទិព្វ៣យ៉ាង​​



លោក​បណ្ឌិត​តាំង​ ណាំស៊ុ្រន​ ​​​អគ្គនាយកក្រុមហ៊ុនហង្ស​នាគបានលើកឡើងថា  ​ដើម្បីជោគជ័យក្នុងជីវិត​ មនុស្សត្រូវការថ្នាំទិព្វ៣យ៉ាង។ ​​ ប្រសាសន៍របស់លោកបណ្ឌិត គឺធ្វើឡើងនៅក្នុង​សិក្ខាសាលា​ចិត្តសាស្ត្រ​ទំនាក់​ទំនង​ កាលពីថ្ងៃអាទិត្យម្សិលមិញ នៅCKCC។

តើ​ថ្នាំទិព្វ ​ដែល​អ្នក​បណ្ឌិត​​និយាយនោះគឺ​អ្វី​ខ្លះ​ទៅ?

ថ្នាំ​​ពេទ្យ​​ទី​១​គឺ​ការ​យក​ឈ្នះ​ចិត្ត​ខ្លួន​ឯង​ជា​មុន​សិន។ មនុស្ស​ជា​ច្រើន​ខ្លាច​នេះ​ខ្លាច​នោះ​ឬ​គិត​ថា​ខ្លួន​ឯង​ពុំ​អាច​ធ្វើ​អ្វី​មួយ​បាន​។ ប្រសិន​អ្នក​នៅ​តែ​មាន​ផ្នត់​គំនិត​បែប​នេះ​ កុំ​និយាយ​​ភាព​ជោគជ័យ អ្នក​ប្រហែល​ជា​គ្មាន​សូម្បី​តែ​​ការ​ចាប់​ផ្តើម​។​ ដូច្នេះ​ហើយ ជា​ដំបូង​ អ្នក​ត្រូវ​ផ្លាស់​ប្តូរ​ការ​គិត​ជា​មុន​សិន អ្នក​ត្រូវ​​ជឿជាក់​លើ​ខ្លួន​ឯង​ថា​​អ្នក​អាច​ធ្វើ​​បាន​​​​ នោះ​ទើប​អ្នក​មាន​កម្លាំង​ក្នុង​ការ​ចាប់​ផ្តើម ហើយ​ការ​ចាប់​ផ្តើម​នេះ​ឯង​​ដែល​​​នាំ​​អ្នក​ទៅ​រក​ភាព​ជោគជ័យ​បាន។

ថ្នាំ​ពេទ្យ​​ទី​២​គឺ​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ជា​និច្ច មិន​ត្រូវ​បោះ​បង់​នោះ​ទេ។ ក្រោយ​អ្នក​ចាប់​ផ្តើម​​ហើយ អ្នក​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​បើ​ទោះ​បី​ជា​អ្នក​ជួប​ឧបសគ្គ​លំបាក​ក្តី កុំ​ឆាប់​ចុះ​ចាញ់​នឹង​​បញ្ហា​​ពេក​។សុភាសិត​​មួយ​​ក៏​បាន​លើក​​ឡើង​ថា៖ «​ដំណើរ​រាប់​ពាន់​គីឡូ​ចាប់​ផ្តើម​ពី​ជំហាន​ទី​១ ហើយ​អ្នក​នឹង​មិន​អាច​សម្រេច​ដំណើរ​រាប់​ពាន់​គីឡូ​ប្រសិន​ជា​អ្នក​ដើរ​មួយ​ជំហាន​​ហើយ​​បោះ​បង់។ ដូច​គ្នា​នេះ​ដែរ ​មិន​ថា​អ្នក​ធ្វើ​អ្វី​នោះ​​ទេ អ្នក​ត្រូវ​បន្ត​ខិត​ខំ​ ​ដើរ​ទៅ​មុខ​ជា​និច្ច​ហើយ​មិន​បោះ​បង់ ​ថ្ងៃ​ណា​មួយ​អ្នក​ពិត​ជា​ជោគជ័យ​ជា​ពុំ​ខាន។

ថ្នាំ​​ពេទ្យ​ទី​៣​គឺ​អ្នក​ត្រូវ​រាប់​អាន​មនុស្ស​សក្ដានុពល​ឲ្យ​បាន​ច្រើន។ ​លោក​បណ្ឌិត​បាន​ពន្យល់​ថា​ការ​ស្គាល់​មនុស្ស​កាន់​តែ​ច្រើន អ្នក​កាន់​តែ​មាន​ឱកាស​កាន់​តែ​ច្រើន។ ​ក្នុង​វិស័យ​​ជំនួញ ​វា​ពិត​ជា​លំបាក​ប្រសិន​ជា​អ្នក​ដើរ​តែ​ម្នាក់​ឯង ពោល​គឺ​អ្នក​ពិត​ជា​ត្រូវ​ការ​​​សហការ​​ពី​ក្រុមហ៊ុន​ដទៃ​ឬ​​ការ​ណែនាំ​ឬ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​។ អ៊ីចឹង​ហើយ អ្នក​គួរ​តែ​​រាប់​អាន​មនុស្ស​ឲ្យ​បាន​ច្រើន​ដើម្បី​ជា​​ផល​ប្រយោជន៍​នា​ថ្ងៃ​អនាគត៕

ដោយ៖ អ៊ឹង មុយយូ

X
5s