Smart បានសហការជាមួយ Hauwei ក្នុងការពាំនាំយកប្រព័ន្ធ 5G មកក្នុងកម្ពុជា
យោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថាក្រុមហ៊ុន Smart Axiata ក្នុងប្រទេសកម្ពុជាបានសហការជាមួយក្រុមហ៊ុនអេឡិចត្រូនិកយក្សចិន Huawei ក្នុងការនាំយកប្រព័ន្ធបច្ចេកវិទ្យា 5G ដំបូងគេមកក្នុងប្រទេសកម្ពុជា ហើយកាលពីថ្ងៃចន្ទសប្ដាហ៍នេះក្រុមហ៊ុននេះបានធ្វើតេស្តជាមួយនឹងប្រព័ន្ធ 5G នេះផងដែរ។
គួរដឹងផងដែរថាក្រុមហ៊ុន Smart Axiata ក្នុងប្រទេសកម្ពុជាជាផ្នែកនៃក្រុមហ៊ុនម៉ាឡេស៊ី Axiata Group Behard ដែលកំពុងតែបម្រើសេវាកម្មដល់ប្រជាជនកម្ពុជាជាង ១៦ លាននាក់។ ហើយរាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ជាមួយនឹងក្រុមហ៊ុន Huawei ក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធទូរគមនាគមន៍ 5G ក្នុងប្រទេសកម្ពុជា។
តាមរយៈសម្ដីរបស់លោក Thomas Hundt នាយកប្រតិបត្តិការក្រុមហ៊ុន Smart Axiata បានឲ្យដឹងពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធ 5G នេះបន្ទាប់ពីបានធ្វើតេស្តរួចថាមុនដំបូងគឺក្រុមហ៊ុន Smart នឹងចាប់ផ្ដើមអភិវឌ្ឍប្រព័ន្ធ 5G នេះក្នុងទ្រង់ទ្រាយតូច បន្ទាប់មកអភិវឌ្ឍក្នុងតំបន់ទីប្រជុំជន ហើយក្រោយមកនឹងពង្រីកជាទ្រង់ទ្រាយធំទៅតាមតំបន់ផ្សេងៗ។
លោកក៏បានបន្តសម្ដីទៀតថាក្រុមហ៊ុន Smart Axiata អាចនឹងធ្វើការចំណាយដើមទុនរហូតដល់រាប់រយលានដុល្លារក្នុងពេលខាងមុខឆាប់ៗក្នុងការបំពាក់ប្រព័ន្ធបច្ចេកវិទ្យា 5G នេះក្នុងប្រទេសកម្ពុជាហើយនឹងត្រូវការរង់ចាំការអនុញាតពីរាជរដ្ឋាភិបាលមុននឹងដាក់ប្រព័ន្ធ 5G ឲ្យប្រើប្រាស់ជាផ្លូវការ។
ជាពិសេសនោះលោកបានប្រាប់ថាលោកសង្ឃឹមថាក្នុងឆ្នាំ ២០១៩ នេះប្រព័ន្ធ 5G អាចចេញជាផ្លូវការបើកឲ្យប្រជាជនប្រើប្រាស់ ហើយលោកក៍បានប្រាប់ទៀតផងដែរថាក្រុមហ៊ុន Smart Axiata អាចដាក់ឲ្យប្រើប្រាស់ភ្លាមៗក្នុងប៉ុន្មានសប្ដាហ៍ទៀតក្នុងពេលខាងមុខ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុននេះកំពុងរង់ចាំរដ្ឋាភិបាលកម្ពុជាចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុននេះដំណើរការប្រព័ន្ធអ៊ិនធឺណេតជំនាន់ទី ៥ នេះ។
ហើយលោក Aaron Wang ប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei បានឱ្យដឹងកាលពីថ្ងៃចន្ទថាបច្ចុប្បន្ននេះក្រុមហ៊ុន Hauwei បានចុះកិច្ចសន្យាពាណិជ្ជកម្មប្រព័ន្ធអ៊ិនធឺណេត 5G របស់ខ្លួនចំនួន ៥០ រួចមកហើយនិងបានដឹកជញ្ជូនមូលដ្ឋានស្ថានីយ៍ប្រព័ន្ធ 5G ជាង ១៥០,០០០ ស្ថានីយ៍ទៅទូទាំងពិភពលោក៕
ដោយ៖ នឿន វណ្ណៈ