ទេសចរ​ចិន​កើន​ឡើង! កម្ពុជា​គ្រោង​បង្កើត​ជើង​ហោះហើរ​ត្រង់​ទៅ​ចិន​តែ​ម្ដង​



ដោយ​សារ​តែ​កំណើន​នៃ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ ដែល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​កម្ពុជា​បន្ត​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ក្រុមហ៊ុន​អាកាសចរណ៍​ ខេមបូឌាអ៊ែរវ៉េ​គ្រោង​នឹង​បង្កើត​ជើង​ហោះហើរ​ត្រង់ ទៅ​កាន់​ទីក្រុង​វិនចូវ​ ប្រទេស​ចិន​ផ្ទាល់​តែ​ម្ដង​។

បើ​តាម​កញ្ញា សុខរ៉ាវី ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន បាន​ដាក់​សំណើរ​ទៅកាន់​រាជរដ្ឋាភិបាល​រួច​អស់​ហើយ​ ដូច្នេះ​នៅ​ពេល​ទទួល​បាន​ការ​យល់ព្រម ក្រុមហ៊ុន​អាច​ចាប់ផ្ដើម​បើក​ការ​ហោះហើរ​នៅ​ក្នុង​អំឡុង​ពេល​ខែ​កក្កដា​នេះ​ដោយ​ក្រុមហ៊ុន​នាំចូល​យន្តហោះ​ចំនួន​៣គ្រឿង​បន្ថែម​ទៀត។

ក្រៅ​ពី​ពង្រីក​ជើង​ហោះហើរ​ទៅ​ចិន ខេមបូឌា អ៊ែរវ៉េ ក៏​គ្រោងបង្កើនជើង​ហោះហើរ​ត្រង់​ទៅ​អូស្រ្តាលី រុស្ស៊ី​ សិង្ហបុរី និង​វៀតណាមផងដែរ ដើម្បី​ធ្វើ​ការ​ដោះដូរ ភ្ញៀវ​ទេសចរ​គ្នា​ទៅ​វិញ​ទៅ​មក ខណៈ​ដែល​បច្ចុប្បន្ន​នេះក្រុមហ៊ុន​មាន​តែ​ជើង​ហោះហើរ​ក្នុង​ស្រុក​ទៅ​ថៃ និង​ម៉ាកាវ​ប៉ុណ្ណោះ។

ឯក​ឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ទេសចរណ៍ បាន​ចាត់​ទុក​ការ​ពង្រីក​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​នេះ គឺជា​សញ្ញាណ​មួយ​ដ៏​ល្អ ក្នុង​ការ​ចូលរួម​ចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរធម្មតា និង​ទេសចរលក្ខណៈ​វិនិយោគ៕

ប្រភព៖ វិទ្យុជាតិ

 

X
5s