បុគ្គលល្បីៗ ៧រូប នេះយល់ថា មានលុយនិងអំណាចមិនមែនជាភាពជោគជ័យទេ! តើវាជាអ្វី?
តើអ្នកយល់ថា បុគ្គលម្នាក់ជោគជ័យអាស្រ័យទៅលើអ្វី? មានលុយច្រើន ឬអំណាចបុណ្យស័ក្តិ? មានអ្វីៗដែលអ្នកចង់បាន? ប្រសិនបើទាំងនេះជាចម្លើយរបស់អ្នកមែននោះ មានន័យថា អ្វីដែលអ្នកគិត ខុសគ្នាទាំងស្រុងទៅនឹងការយល់ឃើញរបស់បុគ្គលល្បីៗទាំងនេះដែលយល់ថា ភាពជោគជ័យគឺជាអ្វីឲ្យពិតប្រាកដ។
១.មហាសេដ្ឋីអង់គ្លេសលោក Richard Branson ជឿថា ជោគជ័យគឺជាសុភមង្គល
«មនុស្សជាច្រើនវាស់ស្ទង់ភាពជោគជ័យតាមរយៈលុយកាក់ដែលពួកគេរកបាន ឬ មនុស្សដែលពួកគេរាប់អាន។ ចំពោះទស្សនៈរបស់ខ្ញុំវិញ ជោគជ័យពិតប្រាកដ អាស្រ័យថា តើអ្នកជាមនុស្សរីករាយកម្រិតណា?»។
២.លោកស្រី Arianna Huffingtonស្ថាបនិកកាសែត Huffington យល់ថា មានលុយ មានអំណាចមិនមែនមានន័យថា ជោគជ័យទេ
«ការរស់នៅពិតប្រាកដតាមអ្វីដែលយើងត្រូវការ មិនមែនគ្រាន់តែរស់ដើម្បីរស់ទេ។ ការវាស់ស្ទង់លើភាពជោគជ័យកម្រិតណា គឺវាលើសពីលុយ និងអំណាចទៅទៀត។ វាអាស្រ័យថា តើអ្នកមានសុខភាពល្អ ជាមនុស្សមានឧត្តមគតិខ្ពស់ មានភាពអស្ចារ្យ និងចេះចែករំលែកទៅអ្នកដទៃឬអត់?»។
៣.មហាសេដ្ឋី Mark Cuban និយាយថា អ្នកមិនចាំបាច់ត្រូវការលុយទេដើម្បីជោគជ័យ
«និយមន័យភាពជោគជ័យសម្រាប់ខ្ញុំ គឺទឹកមុខញញឹមញញែមស្រស់ស្រាយពេលក្រោកពីគេង ហើយដឹងថា ថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យ។ កាលនៅពេលក្រ ដេកនៅលើកម្រាលឥដ្ឋក្នុងបន្ទប់មួយមានគ្នា ៦នាក់ ខ្ញុំមានអារម្មណ៍ថា ខ្ញុំនៅតែសប្បាយចិត្ត និងយល់ថា ខ្លួនឯងកំពុងជោគជ័យ»។
៤.មហាសេដ្ឋី Warren Buffett យល់ថា អ្នកផ្តល់ក្តីស្រលាញ់ឲ្យអ្នកដទៃកាន់តែច្រើន អ្នកកាន់តែជោគជ័យ
«ខ្ញុំឲ្យតម្លៃថា អ្នកណាម្នាក់ជោគជ័យឬអត់ គឺអាស្រ័យថា តើបុគ្គលនោះអាចចែករំលែកក្តីស្រលាញ់ទៅឲ្យអ្នកដទៃបានច្រើនកម្រិតណា?»។
៥.មហាសេដ្ឋី Bill Gates យល់ថា ភាពជោគជ័យកើតមាននៅពេលអ្នកអាចធ្វើឲ្យពិភពលោកផ្លាស់ប្ដូរ
« លោក Warren Buffett និយាយថា ភាពជោគជ័យគឺនៅពេលអ្នកអាចចែករំលែកក្តីស្រលាញ់ទៅឲ្យអ្នកដទៃបានកាន់តែច្រើន។ ខ្ញុំសូមបន្ថែមថា វាជារឿងល្អនៅពេលអ្នកបង្កើនឲ្យមានការផ្លាស់ប្ដូរ បង្កើតអ្វីថ្មីៗ ឬធ្វើឲ្យក្មេងៗមានចំណេះដឹង ឬក៏ជួយមនុស្សដែលកំពុងត្រូវការជំនួយ»។
៦.លោកស្រី Oprah Winfrey ឲ្យនិយមន័យជោគជ័យនៅពេលដែលអ្នករក្សាការពិតចំពោះខ្លួនឯង
«គ្មានអ្វីដែលប្រសើរជាងការប្រើសមត្ថភាពខ្លួនអ្នកដើម្បីបម្រើពិភពលោកក្នុងនាមអ្នកជាអ្នកនោះទេ»។
៧.មហាសេដ្ឋី John Paul DeJoria យល់ថា ជោគជ័យមិនសំខាន់លើលុយ តែវាអាស្រ័យលើការខិតខំប្រឹងប្រែងគ្រប់ពេល
«មិនសំខាន់ថា អ្នកមានលុយច្រើនប៉ុណ្ណាអ្នកជោគជ័យនោះទេ។ ជោគជ័យ វាមិនអាស្រ័យថា អ្នកមានអ្វីៗដែលអ្នកចង់បានទេ។ ជោគជ័យគឺអាស្រ័យថា តើអ្នកបានខិតខំប្រឹងប្រែងធ្វើអ្វីដែលអ្នកកំពុងធ្វើឲ្យបានល្អយ៉ាងម៉េចនៅពេលដែលអ្នកផ្សេងទៀតកំពុងឈរមើល?»៕
ប្រភព៖ Businessinsider