ក្រុមហ៊ុន​ធំ​មួយ​ចំនួន​របស់​អាមេរិក​កំពុង​ចាប់​អារម្មណ៍​បណ្ដាក់​ទុន​បន្ថែម​នៅ​កម្ពុជា​



ក្នុង​ជំនួប​ពិភាក្សា​ជា​មួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក Alexander Feldman អ្នក​ដឹកនាំ​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក-អាស៊ាន (US-ABC)  រួម​ជាមួយ​នឹង​តំណាង​សាជីវកម្ម​ធំៗ​របស់​អាមេរិក​បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​កម្ពុជា និង​មាន​បំណង​បណ្ដាក់​ទុន​បន្ថែម ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ។

តាម​ប្រភព​ពី​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​កក្កដា ដែល​ធ្វើ​ឡើង​នា​ក្រសួង​ពាណិជ្ជកម្ម​នេះ ក្រុមហ៊ុន​ធំៗ​ដែល​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ការ​បណ្ដាក់​ទុន​រួម​មាន ConocoPhillips, Ford, General Electric (GE), Chevron, Coca-Cola, Facebook, Amazon Web Service, Oracle, Google, Master Card និង Visa Card។ 

តាម​ប្រភព​ខាង​លើ​បាន​បង្ហាញ​ថា ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ កម្ពុជា-អាមេរិក​នៅ​តែ​រក្សា​បាន​នូវ​លទ្ធផល​វិជ្ជមាន​ ហើយ​ភាគី​ទាំង​ពី​ក៏​បាន​បង្ហាញ​អំពី​ឆន្ទៈ​នៅ​ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ធុរកិច្ច និង​វិនិយោគ រាប់​ចាប់​តាំង​ពី​ទំនិញ​ប្រើប្រាស់​ប្រចាំថ្ងៃ រហូត​ដល់​សេវាកម្ម​បច្ចេកវិទ្យា និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក នេះ​ជា​ការ​លើក​ឡើង​របស់​ ឯកឧត្ដម ប៉ាន សូរស័ក្តិ៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s