គម្រោងរោងចក្រថ្មីនៅខេត្តព្រះសីហនុកំពុងស្ថិតក្រោមការវាយតម្លៃពីអន្តរក្រសួង
គម្រោងរោងចក្រខ្សែរូត និងរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ របស់ក្រុមហ៊ុន ធីអេច ហ្ស៊ីបភើ & មេធល អេកសេសឺរី (ខេមបូឌា) ឯ.ក (ម្ចាស់គម្រោង) នាខេត្តព្រះសីហនុ គ្រោងសាងសង់លើផ្ទៃដីទំហំ ២០៥.២៥៦ម៉ែត្រការ៉េ កំពុងស្ថិតនៅក្រោមការពិនិត្យនិងវាយតម្លៃ ពីផលប៉ះពាល់បរិស្ថានដោយអន្តរក្រសួង។ នេះបើយោងតាមក្រសួងបរិស្ថាន។
គម្រោងរោងចក្រខាងលើនេះ មានទីតាំងសាងសង់ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន ធីអេច ហ្ស៊ីបភើ & មេធល អេកសេសឺរី (ខេមបូឌា) ឯ.ក (ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន ដោយក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាត៍ ហ្គ្រីន។
ជាលទ្ធផលក្រសួងចង់ឲ្យ៖
១. សុំឱ្យក្រុមហ៊ុនពិនិត្យលើលទ្ធភាពក្នុងការប្រើប្រាស់ទឹកក្រោមដី ក្រុមហ៊ុនគួរជីកស្រះបន្ថែម២ ទៅ ៣ទៀត ដើម្បីស្តុកទឹកសម្រាប់ប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ ចៀសវាងការទាញទឹកក្រោមមកប្រើប្រាស់។
២. សូមឱ្យក្រុមហ៊ុនសហការជាមួយក្រសួងបរិស្ថាន ដើម្បីយកសំណាកទឹកក្រោមដីមកធ្វើការវិភាគ ឈ្វេងយល់ពីគុណភាពទឹកក្រោមដី ដែលអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក្នុងតំបន់ ។
៣.សុំឱ្យក្រុមហ៊ុនពិនិត្យបញ្ហាគុណភាពខ្យល់ ធូលី និងក្លិន ទៅតាមបច្ចេកទេសស្របតាមស្តង់ដាររបស់ក្រសួងបរិស្ថាន។ ម៉្យាងទៀត ក្រុមហ៊ុនត្រូវធ្វើការអប់រំកម្មករឱ្យយល់ដឹងពីបញ្ហាសុខភាព និងសុវត្ថិភាព ដូចជា ការលាយថ្នាំ ការប្រើប្រាស់សារធាតុគីមីការពាក់ឧបករណ៍សុវត្ថិភាពជាដើម។
៤.ក្រុមហ៊ុនត្រូវគ្រប់គ្រងសំណល់រឹង – រាវ ឱ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស ជាពិសេសសំណល់រាវក្រុមហ៊ុនមិនត្រូវបង្ហូរដោយផ្ទាល់ទៅអូរ ដោយមិនទាន់ឆ្លងកាត់អាងប្រព្រឹត្តិកម្មសំណល់រាវជាមុន ។
៥.ក្រុមហ៊ុនត្រូវជួយជួសជុលផ្លូវក្នុងតំបន់គម្រោងទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ និងត្រូវរក្សាលំហបៃតងឱ្យបាន៣០ភាគរយ នៃផ្ទៃដីគម្រោង ឬ ក្នុង១៥០ម៉ែត្រក្រឡាត្រូវដាំដើមឈើ១ដើម។
៦. ក្រុមហ៊ុនត្រូវបំពាក់ឧបករណ៍សុវត្ថិភាពដល់បុគ្គលិក-កម្មករ និងត្រូវមានអាហារដ្ឋាន គិលានដ្ឋាន និងស្លាកចររាចរណ៍ ព្រមទាំងចុះបញ្ជី ប.ស.ស ដល់បុគ្គលិក-កម្មករទាំងអស់។
៧. ក្រុមហ៊ុនត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរភូមិ-ឃុំ ស្រុក ខេត្ត ក្នុងកិច្ចការនេះឱ្យបានល្អប្រសើរ ៕
ដោយ៖ ជួប ស្រីរ័ត្ន