លោក ឃីម សុខហេង៖ ដើម្បីក្លាយជាអ្នកមានយើងត្រូវមានរបស់ពីរយ៉ាងនេះ
«ដើម្បីក្លាយជាអ្នកមានយើងត្រូវមានរបស់ពីរយ៉ាង» គឺជាការលើកឡើងរបស់លោក Prem Rawat ជាគ្រូរបស់ លោក ឃីម សុខហេង ស្ថាបនិកនៃវិទ្យាស្ថានដើម្បីជោគជ័យ (LSI)។ ចំពោះការលើកឡើងខាងលើនេះត្រូវបានលោក សុខហេង យកមកបកស្រាយនៅក្នុងវេទិកានិយាយអំពី «ភាពជាអ្នកមានកំពូល »នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាកាលពីពេលថ្មីៗកន្លងទៅ។
លោកស្ថាបនិកបកស្រាយថារបស់ទីមួយដែលយើងត្រូវមានគឺ យើងត្រូវមានរបស់ដែលមានតម្លៃ ឧទាហរណ៍ដូចជា មាស, ពេជ្រ ជាដើម។ របស់ទីពីរដែលយើងត្រូវមាននោះគឺត្រូវមានឲ្យច្រើនកុំមានតែមួយ ជាឧទាហរណ៍ប្រសិនបើយើងមានដុំពេជ្រមួយគ្រាប់ដែលជារបស់មានតម្លៃ ចុះប្រសិនបើយើងមាន១០០គ្រាប់ឬ១លានគ្រាប់ ដូច្នេះបើមានរបស់ពីរយ៉ាងនេះយើងប្រាកដជាក្លាយទៅជាអ្នកមាន។
លោកសុខហេងបន្តពន្យល់ចំណុចខាងលើនេះដោយចោទជាសំណួរថា តើដង្ហើមរបស់យើងមានតម្លៃឬទេ? តើយើងដកដង្ហើមចេញចូលម្ដងចប់ ឬមួយក៏យើងដកចេញដកចូល? ដូច្នេះយើងមានដង្ហើមច្រើនណាស់ត្រូវទេ? តើអ្នកគិតថាអ្នកមានរបស់មានតម្លៃឬនៅ? ប្រាកដណាស់មនុស្សគ្រប់គ្នាសុទ្ធតែមានរបស់មានតម្លៃពីរយ៉ាងនេះ ដូច្នេះគ្រប់គ្នាសុទ្ធតែជាអ្នកមាន។
បន្ថែមពីលើការបកស្រាយខាងលើ លោកសុខហេងក៏បានពន្យល់ដោយលើកជាឧទាហរណ៍សាច់រឿងមួយ៖ មាននារីម្នាក់តែងអន់ចិត្តនឹងខឹងម្ដាយក្រដែលបានបង្កើតខ្លួនឯងមកឲ្យក្រលំបាកវេទនា នារីនោះដើរផងរអ៊ូផងរហូតដល់ផ្ទះសេដ្ឋី។ ភ្លាមនោះសេដ្ឋីស្ដាប់លឺ ក៏សួរនាងថា មុននេះឮនាងនិយាយថាខឹងនឹងម្ដាយដែលបង្កើតមកក្រ ដូច្នេះសូមនាងលក់ដៃមួយចំហៀងឲ្យខ្ញុំមកខ្ញុំនឹងឲ្យនាង១០ម៉ឺនដុល្លារ។
ភ្លាមនោះនាងបានប្រកែកថាទេ សេដ្ឋីបន្តសួរថា អីចឹងលក់ភ្នែកទាំងគូរឲ្យខ្ញុំមកខ្ញុំនឹងឲ្យនាងកន្លះលានដុល្លារ នាងនូវតែប្រកែកទេ។ ពេលនោះសេដ្ឋីបានពន្យល់ប្រាប់នាងថា គ្រាន់តែរាងកាយរបស់នាងដែលបូកចូលគ្នាក៏មានតម្លៃរាប់លានដុល្លារទៅហើយ ដូច្នេះបើចេះប្រើកាយសម្បទាទាំងនេះឲ្យបានល្អមិនដឹងជាយកលុយទៅណាអស់ទេ។
លោក ឃីម សុខហេង៖ «ខ្លួនយើងប្រៀបដូចជាគ្រាប់ពូជដែលពោរពេញដោយសក្ដានុពលដើម្បីក្លាយជាអ្នកមាន»៕
ដោយ៖ ជួប ស្រីរ័ត្ន