សុភាសិត Gaelic ៖ «អ្វីដែលលើសពីយើងត្រូវប្រើគឺលើសពីអ្វីដែលយើងចាំបាច់ត្រូវការ»
ជនជាតិ Gaelic មានសុភាសិតមួយមានសេចក្ដីថា «អ្វីដែលលើសពីយើងត្រូវប្រើគឺលើសពីអ្វីដែលយើងចាំបាច់ត្រូវការ។» បុគ្គលដែលបានស្គាល់ពីភាពជោគជ័យយ៉ាងពិតប្រាកដ ភាពជោគជ័យដល់កំពូល នោះអ្នកនឹងសង្កេតឃើញថាគាត់តែងត្រឡប់មករកការធ្វើអ្វីៗបែបសាមញ្ញៗក្នុងជីវិត។ រីឯបុគ្គលដែលស្ទើរបរាជ័យស្ទើរជោគជ័យក្នុងជីវិតឯណោះទេ ដែលចូលចិត្តធ្វើអ្វីៗបែបឡូយឆាយនិងសម្ញែងឥតប្រយោជន៍។
គោលដៅនៃសំលៀកបំពាក់គឺដើម្បីបិទបាំងរាងកាយនិងការពារពីអាកាសធាតុក្ដៅ ត្រជាក់ និងភ្លៀងជាដើម។ គោលដៅនៃឡានគឺដើម្បីសម្រួលការធ្វើដំណើរ ការពារអ្នកពីមេឃភ្លៀងឬក្ដៅ និងសម្រួលដល់ការដឹកជញ្ជូនអីវ៉ាន់ជាដើម។ គោលដៅនៃអាហារគឺដើម្បីបំបាត់ការស្រេកឃ្លាន។ ដោយឡែកមនុស្សយើងតែងបន្ថែមចូលមកជីវិតនូវអ្វីដែលលើសពីតម្រូវការចាំបាច់ឬតម្រូវការមូលដ្ឋានក្នុងជីវិតរបស់ខ្លួនឯង។
ពួកគេសុខចិត្តចំណាយប្រាក់ខ្ជះខ្ជាយជាច្រើនទៅលើរបស់ទាំងឡាយដែលគេប្រើប្រាស់ ដោយផ្ដោតសំខាន់ទៅលើសេរី ភាពទាន់សម័យ ភាពឡូយឆាយ និងតម្លៃជាដើម។ ឡាន បើទោះជាសេរីថ្មីឬចាស់ក៏ដោយ ថ្លៃឬថោក ទាន់សម័យឬមិនទាន់សម័យ ឲ្យតែអ្នកអាចជិះបាន វាគឺជាចំណុចសំខាន់បំផុតហើយ។ អ្វីដែលលើស នឹងបង្កជាមូលហេតុដែលនាំឲ្យជីវិតរបស់អ្នកស្មុគស្មាញ។
តាមពិតទៅ រស់នៅសាមញ្ញមិនមែនជាអ្វីដែលសាមញ្ញងាយស្រួលដែលនរណាៗសុទ្ធតែអាចធ្វើបាននោះទេ។ វាត្រូវការការចេះគិតពិចារណាក្នុងកម្រិតខ្ពស់ ពិចារណាមើលឃើញថាអ្វីទើបសំខាន់ពិតប្រាកដ ព្រោះមនុស្សយើងភាគច្រើនចូលចិត្តដឹកនាំជីវិតខ្លួនឯងឲ្យទៅរកផ្លូវស្មុគស្មាញ ជំពាក់ជំពិនគ្នា រកមិនឃើញថាអ្វីជាការពិតនោះឡើយ។ ពួកគេច្រើនតែត្រូវបានអូសទាញដោយឥទ្ធិពលពីខាងក្រៅនិងចំណង់ដែលស្រេកឃ្លានមិនចេះចប់មិនចេះហើយរបស់ខ្លួន។ ហេតុនេះហើយទើបថាជីវិតសាមញ្ញមិនមែននរណាៗចេះតែអាចធ្វើបាននោះទេ។
ពិតណាស់អ្វីដែលឡូយឆាយទាំងនេះពិតជាកត្តាមួយដែលនាំឲ្យមានសេចក្ដីសុខ ប៉ុន្តែអ្នកក៏ត្រូវចាំថាបើអ្នកមិនមានមនុស្សជាទីស្រឡាញ់ មិនមានមនុស្សដែលស្មោះត្រង់ជាមួយអ្នក នោះមិនថាអ្នកមានរបស់ថ្លៃប៉ុណ្ណាក៏ដោយ វាលែងក្លាយជារបស់ដែលមានតម្លៃសម្រាប់អ្នកទៀតហើយ។ បើអ្នកពឹងផ្អែកទៅលើរបស់ទាំងនោះ និងមាត់របស់អ្នកដទៃដើម្បីកំណត់តម្លៃរបស់អ្នក នោះអ្នកគ្មានថ្ងៃស្គាល់ពីតម្លៃពិតប្រាកដរបស់អ្នកនោះឡើយ៕
ដោយ៖ ស្រីពៅ