ឯកឧត្ដមបណ្ឌិត តាន់ មុនីវណ្ណ៖ វិធីជួយជំរុញអ្នកឲ្យអាចឈានទៅរកភាពជាអ្នកមាន
«ខួរក្បាលរបស់អ្នកមានគឺខុសប្លែកអំពីមនុស្សធម្មតា» នេះគឺជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប ដែលបានថ្លែងនៅក្នុងសិក្ខាសាលាស្ដីអំពី ភាពជាអ្នកមាន ដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលរដ្ឋាលីដឌីង និងវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ LSI ដែលប្រព្រឹត្តិទៅនាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ។
ឯកឧត្ដមបណ្ឌិត តាន់ មុនីវណ្ណ លើកឡើងថា ខួរក្បាលរបស់អ្នកមានគឺខុសប្លែកអំពីមនុស្សធម្មតា ព្រោះអ្នកមានមានគោលដៅ និងមហិច្ឆតាខ្លាំងណាស់ ហើយដោយសារតែការខុសប្លែកគ្នានេះហើយទើបធ្វើឲ្យអ្នកមាននៅលើពិភពលោកមិនសូវមានច្រើននោះទេ។ លោកថា «ខ្ញុំមិនតាំងខ្លួនថាជាអ្នកមានអីទេ ប៉ុន្តែតាំងពីក្មេងមកខ្ញុំតាំងចិត្តថានឹងមិនធ្វើការឲ្យគេនោះទេ ហើយខ្ញុំតែងតែមានទិសដៅច្បាស់លាស់ សូម្បីតែមកដល់ពេលនេះក៏ដោយក៏ខ្ញុំគិតថាការគិតរបស់ខ្ញុំគឺខុសប្លែកអំពីមនុស្សធម្មតាច្រើន»។
សម្រាប់ប្រទេសកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ មាគ៌ាដែលអាចនាំយើងឲ្យក្លាយទៅជាអ្នកមានគឺ ធ្វើជាមនុស្សម្នាក់ដែលមានគោលការណ៍ខុសអំពីមនុស្សធម្មតា។ ទោះការគិតរបស់មនុស្សខុសគ្នាក៏ពិតមែន ប៉ុន្តែភាពត្រឹមត្រូវគឺមិនមានច្រើនទេ។ ឯកឧត្ដមបន្តថា លោកមិនដែលឲ្យពេលវេលារបស់លោកមួយថ្ងៃណាកន្លងទៅដោយឥតប្រយោជន៍នោះទេ ពោលគឺលោកតែងមានកិច្ចប្រជុំ និងការងារប្រចាំថ្ងៃដែលលោកបានរៀបចំផែនការយ៉ាងច្បាស់លាស់។
អ្នកមានហ៊ានជាងអ្នកក្រឆ្ងាយណាស់ អ្នកមានហ៊ានប្រថុយប្រថាននិងការខាតបង់ ហ៊ានដាក់ទុន ហ៊ានលះបង់ពេលវេលា ចំណែកអ្នកក្រតែងតែស្ដាយលុយ ខ្លាចហានិភ័យ និងមិនមានមហិច្ឆតាទេ។ លោកថាមកទល់ពេលនេះមានអ្នកមានខ្លះ គាត់មានលុយរហូតដល់១០ប៊ីលានដុល្លារ ប៉ុន្តែដឹងទេពួកគាត់ធ្វើការយ៉ាងតិចបំផុតក៏ត្រឹមម៉ោង២យប់ដែរ។
ឯកឧត្ដមបណ្ឌិត តាន់ មុនីវណ្ណ «ទោះជាអ្នកស្ថិតក្នុងត្រកូលគ្រួសារអ្នកមានក៏ដោយ ប៉ុន្តែត្រូវដឹងថា ម៉ោងនេះគឺជាម៉ោងប្រកួតប្រជែងខ្លាំងណាស់ ដូច្នេះត្រូវចូលរួមប្រឡូកនៅក្នុងសង្គមឲ្យបានច្រើនយល់ដឹងឲ្យបានច្រើន ព្រោះពេលវេលាមានតម្លៃណាស់»៕
រូបភាព៖ La Reine Media
ដោយ៖ ជួប ស្រីរ័ត្ន