ហេតុអ្វីត្រូវបន្ទោសភាពឈឺចាប់និងបរាជ័យ បើវាជួយអ្នកឲ្យរឹងមាំ?
ជីវិតរស់នៅក្នុងសង្គមមួយ ជួបរឿងរ៉ាវច្រើនទាំងល្អ ទាំងអាក្រក់ មានទុក្ខ ហើយក៏លាយឡំនិងសុខ អ្វីៗសុទ្ធតែកាន់ដៃគ្នាដើរលើផ្លូវមួយយ៉ាងត្រសង។ ពេលជីវិតបានប្រសើរ ជួបរឿងរ៉ាងល្អៗយើងរីករាយ តែពេលមិនអាចទទួលអ្វីដែលខ្លួនចង់បានគឺត្រូវកើតទុកមិនសុខចិត្ត នេះជារឿងធម្មតាសម្រាប់មនុស្ស។
យើងធ្លាប់និយាយថារឿងកុនដែលគេដាក់បញ្ចាំង ពេលខ្លះហាក់ដូចជាកុហក បំភ្លើសការពិតពេក តែយើងមិនដឹងថាអ្វីដែលយើងបានជួបក្នុងជីវិតពេលខ្លះអាចនឹងលើសពីកុនក្នុងកញ្ចក់ទូរទស្សន៍ផងក៏មាន ពេកខ្លះវាធ្វើឲ្យយើងភ្ញាក់ផ្អើលហួសពីការស្មានព្រោះយើងមិនអាចដឹងថាវានឹងកើតឡើង។ គ្មាននរណាអាចកំណត់វាសនា មើលឃើញពីអនាគតខ្លួនឯងឡើយអ្វីដែលសំខាន់យើងត្រូវមើលថា ខ្លួនឯងកំពុងដើរលើផ្លូវណា ផ្លូវត្រូវឬផ្លូវខុស?
អ្វីៗទាំងអស់ជាការកំណត់របស់ជោគជតាយើងមិនអាចប្រកែកឬតវ៉ាបាន តែអ្វីដែលយើងត្រូវធ្វើមានតែមួយគត់គឺការប្រព្រឹត្តល្អ ប្រកាន់យកសេចក្តីល្អជាប់ខ្លួន។ ការដែលរស់នៅក្នុងជីវិតមួយដែលសោយសុខជាមួយសេចក្តីល្អ ពិតជាធ្វើឲ្យធ្វើឲ្យការរស់នៅរបស់អ្នកពោរពេញទៅដោយរឿងអស្ចារ្យជាច្រើន។ អ្នកមិនអាចដឹងទេថាថ្ងៃស្អែកនឹងមានអ្វីកើតឡើងចំពោះអ្នក ជួបបញ្ហានៅថ្ងៃនេះវាជាមេរៀនដើម្បីឲ្យអ្នកអាចរឹងមាំនៅថ្ងៃបន្ទាប់។ ថ្ងៃនេះអ្នកបរាជ័យ តែមិនមែនបរាជ័យនោះនឹងតាមលងអ្នករហូតទេ ព្រោះវាជាអ្នកដឹកដៃភាពជោគជ័យឲ្យមកជួបអ្នក។
ហេតុអ្វីអ្នកត្រូវមកអង្គុយសោកសៅដោយសារភាពបរាជ័យ ដោយសារជួបរឿងមិនល្អ ដោយសារខូចចិត្ត ហើយបោះបង់ក្តីរំពឹងសម្រាប់អនាគតដ៏ល្អផូរផង់របស់អ្នកចោល? ត្រូវចាំថា បរាជ័យថ្ងៃនេះមិនមែនជាកំហុសអ្នកទេ ហើយក៏មិនមែនជាកំហុសនរណាដែរ តែអ្នកគួរអរគុណវាសនាដែលនាំអ្នកឲ្យស្គាល់អ្វីជារសជាតិនៃជីវិត អ្វីជាការតស៊ូ ព្រោះជីវិតដែលជួបការលំបាកកាន់តែខ្លាំង កាន់តែចេះតស៊ូ កាន់តែមានន័យ និងកាន់តែជោគជ័យ។ ឈប់បន្ទោសខ្លួនឯង ឈប់បន្ទោសនរណា ក្រោកឈរឡើងថ្ងៃនេះ ព្យាបាលរបួសដែលមានដោយការតាំងចិត្ត ញញឹមទទួលយកវាដើម្បីភាពជោគជ័យដែលកំពុងរត់មករកអ្នកហើយធ្វើឲ្យជីវិតមានន័យនិងរីករាយខ្លាំងបំផុត៕
ដោយ៖ យ៉ាយ៉ា