រៀនប្រើកញ្ចក់ មុនពេលធ្វើជាកញ្ចក់​



កញ្ចក់ជាឧបរណ៍ប្រើប្រាស់មួយដែលគ្រប់ផ្ទះសុទ្ធតែមាន គេប្រើវាសម្រាប់ឆ្លុះមើល។ ប្រើកញ្ចក់ដើម្បីមើលខ្លួនឯងថាតើការស្លៀកពាក់ថ្ងៃនេះបានត្រឹមត្រូវទេ ស្អាតហើយឬនៅ មានអ្វីខ្វះខាតទេ ហើយក៏ឆ្លុះមើលទៀតថាមុខមានឡើងមុនឬអត់ ឬក៏មានបញ្ហាអ្វីប្លែកលើដងខ្លួនដែលមិនអាចមើលឃើញបើគ្មានអ្វីឆ្លុះមើលនោះ។ 

ត្រឹមរូបសម្រស់ខាងក្រៅ ម្នាក់ៗព្យាយាមយកកញ្ចក់មកឆ្លុះមើលពិនិត្យពិចៃថាខ្លួនឯងបានស្អាត សមរម្យហើយឬនៅ មានអ្វីទៀតខ្វះនិងចង់ថែមថយ។ កញ្ចក់តែងបង្ហាញអ្នកដែលឆ្លុះវាថា  “អ្នកកំពុងខ្វះចំនុចនេះ ខ្វះចំនុចនោះ” តែកញ្ចក់ខ្លួនឯងមិនអាចប្រើសមាសភាពខ្លួនឯងមើលឃើញផ្នែកខាងក្រោយ ឬឆ្លុះខ្លួនឯងបានទេ។ ត្រឹមកញ្ចក់តែមួយផ្ទាំងវាក៏បានធ្វើឲ្យអ្នកឆ្លុះមើលមិនបានសព្វគ្រប់ជ្រុងជ្រោយនូវអ្វីដែលគែចង់ឃើញដែរ។

ជាក់​ស្តែង​ក្នុងការរស់នៅ ចរិយាមាយាទមនុស្សមួយចំនួនចូលចិត្តធ្វើខ្លួនជាមនុស្សល្អលើស ១០ ខ្លួនឯងធ្វើអ្វីក៏សុទ្ធតែត្រូវ និងបដិសេធការកែលម្អរពីអ្នកដទៃថែមទៀត។ គ្រាន់តែធ្វើខ្លួនល្អលើស ១០ នៅមិនទាន់គ្រប់គ្រាន់ទេ តែមានមនុស្សមួយចំនួនច្រើនតាំងខ្លួនជាអ្នកដើរអប់រំអ្នកដទៃ ទាំងដែលខ្លួនពោរពេញទៅដោយភាពចន្លោះប្រហោង។ កម្រនឹងមានមនុស្សដែលចូលចិត្តរៀនប្រើកញ្ចក់ឲ្យបានត្រឹមត្រូវណាស់ តែភាគច្រើនគឺចូលចិត្តធ្វើខ្លួនជាកញ្ចក់ដើរឆ្លុះគេឯងសឹងគ្រប់គ្នា។ 

គ្មាននរណាអាចកំណត់វាសនា មើលឃើញពីអនាគតខ្លួនឯងឡើយអ្វីដែលសំខាន់យើងត្រូវមើលថា ខ្លួនឯងកំពុងដើរលើផ្លូវណា ផ្លូវត្រូវឬផ្លូវខុស? រៀនប្រើកញ្ចក់ឲ្យបានច្រើនឆ្លុះមើលចំនុចខ្វះខាតរបស់ខ្លួន រកឲ្យឃើញអ្វីដែលជាកំហុស ហើយព្យាយាមកែប្រែវាឲ្យបានល្អ មុនពេលទៅណែនាំអ្នកដទៃឲ្យធ្វើនេះ ធ្វើនោះ។ អ្នកនឹងក្លាយជាកញ្ចក់មួយល្អអាចឆ្លុះបានច្បាស់ ដរាបណាអ្នកចេះប្រើកញ្ចក់ដើម្បី ឆ្លុះខ្លួនឯងហើយថែរក្សាវាឲ្យល្អ៕

ដោយ៖ យ៉ាយ៉ា

X
5s