ក្រុមហ៊ុនថៃ CP All នឹងពង្រីកសាខា 7-Eleven ចូលមកក្នុងប្រទេសកម្ពុជានិងប្រទេសឡាវក្នុងពេលខាងមុខ
7-Eleven ជាហាងលក់រាយដែលដំណើរការហាងជាង ៦០,០០០ កន្លែងភាគច្រើននៅអាមេរិកខាងជើងនិងតំបន់អាស៊ី។ ហាងលក់ធម្មតាមានទំហំតូចនេះមានលក់រាយប្រភេទចំណីអាហារនិងភេសជ្ជៈហើយបើកលក់ហាង ២៤ ម៉ោងក្នុងមួយសប្ដាហ៍។ ទោះបីជាក្រុមហ៊ុន 7-Eleven នេះមានដើមកំណើតផុសចេញពីក្រុមហ៊ុន Seven & I Holdings ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូនៃប្រទេសជប៉ុនក៏ដោយតែ 7-Eleven មានការិយាល័យមូលដ្ឋានធំនៅទីក្រុង Dallas នៃប្រទេសអាមេរិក។
ក្រុមហ៊ុន 7-Eleven នេះកំពុងប្រតិបត្តិការនៅក្នុង ១៧ ប្រទេសទូទាំងពិភពលោកហើយហាង 7-Eleven គឺជាហាងងាយស្រួល (convenience store) ដែលបើក ២៤ ម៉ោងមុនដំបូងគេបង្អស់ដែលបានក្លាយជាហាងនាំមុខគេខាងលក់រាយអស់រយៈពេលជាង ៨០ ឆ្នាំមកហើយចាប់តាំងពីបានស្ថាបនាឡើងនៅឆ្នាំ ១៩២៧ ព្រមទាំងបានក្លាយជាអ្នកនាំមុខគេក្នុងវិស័យសិទ្ធិអាជីវកម្ម (franchise) អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ។
តាមរយៈសារព័ត៌មាន Bangkok Post បានអោយដឹងថាក្រុមហ៊ុនថៃ Charoen Pokphand កំពុងរៀបចំផែនការពង្រីកយ៉ាងទូលំទូលាយនៅលើពិភពលោកដោយសង្ឃឹមថានឹងអនុវត្តវិធីសាស្រ្តទទួលបានជោគជ័យនៅក្នុងទីផ្សារក្នុងស្រុករបស់ខ្លួនទៅកាន់ប្រទេសជិតខាងដែលកំពុងតែរីកលូតលាស់យ៉ាងឆាប់រហ័ស។
ក្រុមហ៊ុនថៃមួយនេះមានហាងប្រតិបត្តិករលក់រាយដ៏ធំបំផុតរបស់ប្រទេសថៃ CP All ដែលធ្លាប់បានបើកផ្សារទំនើបលក់ដុំ Makro ដំបូងគេនៅក្រៅប្រទេសក្នុងរាជធានីភ្នំពេញនៅចុងឆ្នាំ ២០១៧។ ក្រុមហ៊ុន CP All បានទិញកម្មសិទ្ធិអាជីវកម្មពីក្រុមហ៊ុន 7-Eleven Inc នៅសហរដ្ឋអាមេរិកហើយបើកហាង 7-Eleven បានចំនួនជាង ១១,០០០ កន្លែងក្នុងប្រទេសថៃក្នុងពេលបច្ចុប្បន្ននេះ។
ជារៀងរាល់ថ្ងៃហាង 7-Eleven ក្នុងប្រទេសថៃមានអតិថិជនសរុបជាង ១១.៨ លាននាក់ហើយសរុបក្នុងមួយសប្ដាហ៍ៗគឺមានអតិថិជនដល់ទៅជាង ៣០ លាននាក់។ ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន CP All បានគ្រោងពង្រីកសាខាហាង 7-Eleven ជាង ៧០០ កន្លែងក្នុងប្រទេសថៃដោយចំណាយប្រាក់ជាង ៧ ពាន់លានបាត។ មិនត្រឹមតែប៉ុណ្ណោះទេក្រុមហ៊ុន CP All កំពុងគ្រោងនឹងពង្រីកសាខាហាង 7-Eleven ទៅក្នុងតំបន់អាស៊ីអាគ្នេយ៏ដែលកំពុងតែមានសន្ទុះរីកលូតលាស់ផ្នែកសេដ្ឋកិច្ចមានដូចជាប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសឡាវហើយក៏មានបំណងចង់ពង្រីកហាង 7-Eleven នេះទៅដល់ប្រទេសចិនផងដែរ។ ប៉ុន្តែគេមិនបានបញ្ជាក់ប្រាប់ថាក្រុមហ៊ុនមួយនេះនឹងគ្រោងបើកហាង 7-Eleven ចំនួនប៉ុន្មានកន្លែងក្នុងប្រទេសទាំងនីមួយៗនេះទេ។
យោងតាមរបាយការណ៍របស់ផ្សារមូលបត្រថៃ (Stock Exchange of Thailand) បានចេញផ្សាយកាលពីថ្ងៃទី 0២ ខែកក្កដា បានប្រាប់ថាបច្ចុប្បន្ននេះក្រុមហ៊ុន CP All កំពុងតែធ្វើកិច្ចព្រៀងពាណិជ្ជកម្មម៉ាស្ទ័រក្នុងការពង្រីកសាខាហាង 7-Eleven ទៅក្នុងប្រទេសកម្ពុជានិងប្រទេសឡាវ។ របាយការណ៍នេះបានឱ្យដឹងថាក្រុមហ៊ុន CP All នឹងជូនដំណឹងទៅផ្សារមូលបត្រថៃបន្ថែមទៀតអំពីដំណើរការនៃកិច្ចព្រមព្រៀងនេះក្នុងពេលខាងមុខ។
បច្ចុប្បន្ននេះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន CP All បានបង្ហាញថាកើនឡើង ០.២៥ បាត (០.៨២ ដុល្លារអាមេរិក) និងត្រូវបានលក់ក្នុងតម្លៃ ៨៦.២៥ បាតក្នុងមួយហ៊ុន៕
ដោយ៖ នឿន វណ្ណៈ