ក្នុង​ការ​ត្រៀម​ខ្លួន​ពី​ការ​ដក​EBA​ កម្ពុជា​ប្រើ​យុទ្ធសាស្រ្ត​នេះ​ដើម្បី​រក្សា​អ្នក​វិនិយោគ​



ការ​ដក​កម្មវិធីអនុគ្រោះ​ពន្ធ​ «គ្រប់មុខទំនិញ​លើកលែង​សព្វាវុធ‍» (​EBA)​ ពី​កម្ពុជា​ បាន​ក្លាយ​ជា​ប្រធានបទ​មួយ​សម្រាប់​ការ​ពិភាក្សា​ពី​សំណាក់​ប្រជាជន​ខ្មែរ។ ជា​មួយ​គ្នា​នេះ នៅ​ក្នុង​ការ​អញ្ជើញ​ជួប​ក្នុង​ពិធីសំណេះសំណាល​ និង​សួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ មក​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​សហគមន៍អ៊ឺរ៉ុប នា​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាល​ពី​ថ្ងៃ​ទី០៤ ខែ​កក្កដា ឆ្នាំ២០១៩ សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា ដើម្បី​រក្សា​ការវិនិយោគ​ទុន ក្នុង​ស្រុក និង​ដើម្បី​ទប់ទល់​ក្នុង​គ្រា​ដែល​កម្ពុជា​ត្រូវ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះពន្ធ (EBA) ពី​សហភាព​អឺរ៉ុប ដោយ​ប្រការ​ណា​មួយ​នោះ កម្ពុជា​បាន​កែទម្រង់​ផ្ទៃក្នុង​ជាច្រើន​។

សម្ដេច​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​លើក​ឡើង​ថា​ កម្ពុជា​បាន​កែ​ទម្រង់​ផ្ទៃ​ក្នុង​ជា​ច្រើន​ដែល​បាន​លើក​ទឹកចិត្ត​ដល់​អ្នកវិនិយោគគិន​ឲ្យ​ទទួល​បាន​នូវ​ប្រាក់​ចំណេញ​កាន់​តែ​ច្រើន​ពី​ការ​វិនិយោគ។ នៅ​ក្នុង​កំណែ​ទម្រង់​មួយ​ចំនួន​នោះ​មាន​ដូចជា ការ​កែ​សម្រួល​ស្ថាប័ន​គយ ការ​ដក​កាំកុង​ត្រូល​ចេញ​ពី​តាម​ច្រក​ព្រំដែន និង​ការ​លុបចោល​នូវ​ភ្នាក់ងារ កម្ពុជា​នាវាចរ (កាត់ថាកាំសាប) ជាដើម។

បន្ថែម​លើ​នេះ ក៏ មាន​ការ​កាត់​បន្ថយ​ការ​ស្កេន (Scan) ទំនិញតាមទូកុងតឺន័រ​ដែល​ត្រូវ​ដឹកចេញ ឬនាំ​ចូល ជា​ពិសេសការ​នាំចេញ​ផលិតផល​សម្លៀកបំពាក់ និងស្បែកជើង ការ​កាត់​បន្ថយ​ថ្លៃ​សេវា​លើក​ដាក់​នៅ​តាម​កំពង់ផែ ការ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក និង​ការ​កាត់បន្ថយ​ថ្លៃ​អគ្គិសនី​ជា​ដើម៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s