ក្រុមហ៊ុនអាមេរិក Walmart គ្រោងបោះទុន ១,២ពាន់លានដុល្លារបន្ថែមពង្រឹងអាជីវកម្មខ្លួនក្នុងប្រទេសចិន​



តាមរយៈសារព័ត៌មាន CNN Business បានឲ្យដឹងថាក្រុមហ៊ុន Walmart កំពុងតែត្រៀមលុយយ៉ាងច្រើនជាងមួយពាន់លានដុល្លារក្នុងប្រទេសចិនដើម្បីដាក់ទុនពង្រឹងអាជីវកម្មរបស់ខ្លួនឲ្យមានភាពរឹងមាំខណៈដែលក្រុមហ៊ុនមួយនេះកំពុងតែប្រឈមមុខជាមួយនឹងការប្រកួតប្រជែងយ៉ាងពេញទំហឹងជាមួយនឹងគូប្រកួតក្នុងតំបន់នេះនិងអ្នកលក់តាម online។

ក្រុមហ៊ុនលក់រាយរបស់អាមេរិកមួយនេះកំពុងតែគ្រោងទុកថានឹងវិនិយោគជាង ៨ ពាន់លានយន់ (១.២ ពាន់លានដុល្លារអាមេរិក) ក្នុងប្រទេសចិនក្នុងពេលពីរទសវត្សរ៍ខាងមុខនេះក្នុងការពង្រឹងសេវាកម្មដឹកជញ្ជូនរបស់ខ្លួន។

តាមរយះសម្ដីលោក Ryan McDaniel​ អនុប្រធានជាន់ខ្ពស់នៃផ្នែកបណ្ដាញចែកចាយរបស់ក្រុមហ៊ុន Walmart បានបកស្រាយប្រាប់ថាក្រុមហ៊ុន Walmart បន្តពង្រីកការបោះទុនលើផ្នែកចែកចាយនិងដឹកជញ្ជូនដើម្បីផ្ដល់នូវផលិតផលដែលមានគុណភាពល្អដល់អតិថិជនចិនហើយដើម្បីពង្រឹងសេវាកម្មរបស់ខ្លួនផងដែរ។

ក្រុមហ៊ុន Walmart បានបោះទុនជាង ១០២ លានដុល្លារអាមេរិករួចមកហើយលើការពង្រឹងលើការផ្នែកចែកចាយផលិតផលក្នុងក្រុមហ៊ុន Walmart នៅតំបន់ភាគខាងត្បូងនៃប្រទេសចិនដើម្បីសម្របតាមតម្រូវការរបស់អតិថិជនដែលកំពុងតែនិយមជាមួយនឹងការជាវតាម online។ ប៉ុន្តែកន្លងមកក្រុមហ៊ុនអាមេរិកមួយនេះបានត្រូវរងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនចិន Alibaba ដែលកំពុងតែមានសន្ទុះអាជីវកម្មតាម online ក្នុងពេលបច្ចុប្បន្ននេះ។

មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុន Walmart បានចាប់ដៃគូសហការជាមួយនឹងក្រុមហ៊ុនចិន JD.com កាលពីឆ្នាំ ២០១៦ ហើយបានវិនិយោគជាង ៣០០ លានដុល្លារអាមេរិកលើក្រុមហ៊ុនដឹកជញ្ជូនមួយនេះ។ ហើយកន្លងមកក្រុមហ៊ុន Walmart កំពុងតែរីកមុខរីកមាត់ចាប់តាំងពីខ្លួនបានបើកសេវកម្មលក់តាម online មកនិងបានធ្វើតេស្តពីការទូរទាត់លុយតាមទូរស័ព្ទនៅតាមផ្សារទំនើបមួយចំនួននៅតំបន់ Shenzhen ។

តាមរយៈទន្និន័យកាលពីខែមករាឆ្នាំនេះបានឲ្យដឹងថាក្រុមហ៊ុននេះមានសាខាជាង ៤៤៣ កន្លែងក្នុងប្រទេសចិនដែលបានទាញចំណូលបានជាង ១០.៧ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុនហើយចំណូលនេះគឺសរុបស្មើរនឹងប្រហែលជាង ១ ភាគ ១០ នៃប្រាក់ចំណូលអន្តរជាតិរបស់ខ្លួន។

នាយកប្រតិបត្តិការរបស់ក្រុមហ៊ុន Walmart បានឲ្យដឹងថាចិនគឺជាប្រទេសមួយដែលអាចផ្ដល់ឱកាសអាជីវកម្មយ៉ាងធំចំពោះក្រុមហ៊ុន Walmart ហើយក្រុមហ៊ុននេះមានគោលបំណងចង់ក្លាយជាអាជីវកម្មធំជាងគេក្នុងប្រទេសចិននេះ។ ប៉ុន្តែប៉ុន្មានខែនេះសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនបានប៉ះពាល់ដល់ក្រុមហ៊ុននេះយ៉ាងខ្លាំង។ ក្រុមហ៊ុននេះបានតម្លើងតម្លៃផលិតផលរបស់ខ្លួនដោយសារតែឥទ្ធិពលគំនាបពន្ធអាមេរិកដាក់លើផលិតផលចិន។ ហើយខែមុនក្រុមហ៊ុន Walmart នេះក៍ជាក្រុមហ៊ុនមួយស្ថិតក្នុងចំណោម ៦០០ ក្រុមហ៊ុនអាមេរិកដែលបានប្រឆាំងនឹងការដាក់ពន្ធរបស់លោក ដូណាលត្រាំ ហើយស្នើរសុំឲ្យលោក ដូណាលត្រាំ ដកពន្ធនោះចេញពីផលិតផលចិនព្រោះថាវាប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិកយ៉ាងធ្ងន់ធ្ងរ៕

ដោយ៖ នឿន វណ្ណៈ

X
5s