ពិតជាល្អមែន! ប្រទេសហ្វាំងឡង់ថានឹងជួយគ្រប់គ្រងកាកសំណល់ឲ្យកម្ពុជា
នៅក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ឯកឧត្តម វិល ស្គីនណារី (Ville Skinnari) រដ្ឋមន្រ្តីសហប្រតិបត្តិបត្តិការអភិវឌ្ឍន៍ និងពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសហ្វាំងឡង់ បានបញ្ជាក់ថា ប្រទេសហ្វាំងឡង់ពិតជាកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបង្ហាញអំពីចំណាប់អារម្មណ៍ទៅលើការបណ្ដាក់ទុនរកស៊ីនៅកម្ពុជា ពិសេសគឺលោករដ្ឋមន្ត្រីថាហ្វាំងឡង់នឹងជួយគ្រប់គ្រងសម្រាមកម្ពុជានាពេលខាងមុខផងដែរ។
នៅក្នុងជំនួបពិភក្សានេះ ឯកឧត្តម វិល ស្គីនណារី មានប្រសាសន៍ថាទំនាក់ទំនងរវាងហ្វាំងឡង់ និងកម្ពុជានៅមានកម្រិត ហើយដើម្បីជំរុញការងារទំនាក់ទំនងនេះ ហ្វាំងឡង់កំពុងតែស្វែងរកកុងស៊ុលកិត្តិយស ដើម្បីជួយលើកតម្កើងដល់ទំនាក់ទំនងរវាងហ្វាំងឡង់ និងកម្ពុជានាពេលខាងមុខ ព្រមទាំងបានបញ្ជាក់ទៀតថា ប្រទេសហ្វាំងឡង់អាចជួយគ្រប់គ្រងកាកសំណល់ ហើយក៏ចាប់អារម្មណ៍លើវិស័យផ្សេងៗទៀតផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្តេចបានឆ្លងកាត់នូវបទពិសោធន៍យ៉ាងច្រើនពាក់ព័ន្ធការវិនិយោគលើកាកសំណល់នេះ។ សម្តេចបានបញ្ជាក់ថា ក្រុមហ៊ុនចង់វិនិយោគលើការគ្រប់គ្រងកាកសំណល់នេះ ត្រូវតែគោរពទៅតាមគោលនយោបាយ និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនឱ្យមានការនាំចូលកាកសំណល់ពីក្រៅប្រទេស ហើយកាកសំណល់ក្នុង ប្រទេសត្រូវផលិតទៅជាថាមពល ឬផលិតក្រដាសជាដើម។
នៅក្នុងជំនួបពិភក្សានេះដែរ សម្តេចតេជោ បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីហ្វាំងឡង់ ដែលបានលក់ម៉ាស៊ីនភ្លើងដល់ប្រទេសកម្ពុជាកន្លងទៅ ជាពិសេសការគាំទ្រដល់វិស័យថាមពល។ លោកនាយករដ្ឋមន្ត្រីព្រមទាំង បានបង្ហាញក្តីរំពឹងថា មេដឹកនាំប្រទេសហ្វាំងឡង់ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នាឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមផងដែរថា ប្រទេសហ្វាំងឡង់នឹងគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ី-អឺរ៉ុបនេះ៕
ប្រែសម្រួលដោយ៖ ជួប ស្រីរ័ត្ន