ព្រះពុទ្ធ៖ «មនុស្សឱបក្រសោមសេចក្ដីខឹងក្រោធ ប្រៀបដូចមនុស្សផឹកថ្នាំពុលហើយអង្គុយរង់ចាំថ្ងៃស្លាប់»​



មិនថាអ្នកជានរណា នៅទីណា មានឬក្រនោះទេ អ្នកជាមនុស្សលោកពិតណាស់ថាជៀសមិនផុតពីសេចក្ដីខឹងក្រោធក្នុងជីវិតឡើយ។ រាល់ជំហានជីវិត មនុស្សគ្រប់រូបមិនអាចរួចផុតពីភាពខឹងក្រោធ សេចក្ដីកើតទុក្ខមិនសុខចិត្តបាននោះទេ បើទោះបីពេលខ្លះខ្លួនខុសក៏ដោយ ប៉ុន្តែដោយសារកំហឹងដុតរោល ធ្វើឲ្យគំនិតអវិជ្ជមានជ្រាបសព្វពេញខ្លួនប្រាណ សឹងតែក្នុងខួរក្បាលពោរពេញទៅដោយរឿងស្មោកគ្រោក។ 

ព្រះសម្មាសម្ពុទ្ធ មានទ្រង់មានពុទ្ធដីកាថា៖ «មនុស្សឱបក្រសោមសេចក្ដីខឹងក្រោធ ប្រៀបដូចមនុស្សផឹកថ្នាំពុលហើយអង្គុយរង់ចាំថ្ងៃស្លាប់»។ មនុស្សដែលក្រសោបសេចក្ដីខឹងក្រោធក្នុងខ្លួន ដេកមិនលក់ បក់មិនល្ហើយ ឈឺចាប់ឈឺផ្សារ ដោយសារតែខួរក្បាលអបលក្ខណ៍របស់ខ្លួនពោរពេញទៅដោយកំហឹង។

នៅពេលអ្នកមើលមនុស្សណាម្នាក់ក្នុងផ្លូវអវិជ្ជមានហើយ នោះអ្នកគ្មានចន្លោះខួរក្បាលគិតល្អពីអ្នកនោះឡើយ បើទោះបីកាលពីមុនអ្នកនោះធ្វើល្អដាក់អ្នកប៉ុណ្ណា អ្នកមើលមិនឃើញនោះទេ ដោយសារតែសេចក្ដីខឹងក្រោធដែលចូលសន្ធិតក្នុងខួរក្បាលធ្វើឲ្យបាត់បង់សតិ ការគិតពិចារណា។ ពេលខ្លះបើទោះបីទង្វើរបស់ខ្លួនខុស ប៉ុន្តែដោយសារការមិនចេះគិត មិនចេះគ្រប់គ្រងខ្លួន និងសម្ដែងដើម្បីឲ្យអ្នកដទៃមើលមកខ្លួនថាត្រឹមត្រូវ ល្អបរិសុទ្ធ ថាខ្លួនល្អជាងគូសត្រូវរបស់ខ្លួន។ 

មនុស្សបែបនេះរស់មិនសុខ មួយថ្ងៃៗគិតតែរិះរកវិធីចាក់ឆ្កឹះ រកល្បិចកល ផ្ជាញ់ផ្ចាល គ្រប់វិធីដើម្បីឲ្យដៃគូសត្រូវរបស់ខ្លួនឈឺចាប់ រស់មិនសុខ ដេកមិនលក់ បក់មិនល្ហើយ។ ប៉ុន្តែអ្វីដែលអ្នកកំពុងធ្វើនោះមិនបានធ្វើឲ្យគូសត្រូវនោះឈឺក្បាលវិលមុខនោះទេ ប៉ុន្តែកំហឹងក្នុងខ្លួនរបស់អ្នកនោះទេដែលកំពុងឆេះរោលរាលពេញខ្លួន ខ្លួនកំពុងតែឈឺចាប់ ក្ដៅក្រហាយ ដេកមិនលក់ បក់មិនល្ហើយ ប្រៀបដូចមនុស្សផឹកថ្នាំពុលហើយអង្គុយរង់ចាំថ្ងៃស្លាប់មកដល់អីចឹង។ 

មនុស្សទាំងនោះជាមនុស្សដែលចូលចិត្តគិតរឿងអតីតដែលកន្លងហួសទៅហើយ សន្សំរឿង រករឿង ខួរពោរពេញទៅដោយរឿងកង្វល់និងអំពើស្មោកគ្រោក។ មនុស្សបែបនេះរស់មិនយូរនោះទេ ព្រោះអាចប្រេះទ្រូង បែកប្រម៉ាត់ ដាច់សសៃឈាមខួរក្បាលស្លាប់ថ្ងៃណាមួយមិនខាន បើមិនស្លាប់ក៏រស់ដូចជាមនុស្សឆ្កួត រស់ដូចស្លាប់ដែរ ដោយសារតែមួយថ្ងៃៗខួរក្បាលទូលទៅដោយកំហឹង។ 

កុំឲ្យភាពល្ងីល្ងើ សេចក្ដីខឹងក្រោធខ្វះការពិចារណារបស់គ្រប់គ្រងអ្នកឲ្យសោះ។ ធ្វើជាមនុស្សត្រូវមានភាពតក្ក មើលហេតុនឹងផល មិនគិតថាខ្លួនល្អនោះទេ ពីព្រោះកំហឹងក្នុងខ្លួនសហាវជាងគ្រាប់កាំភ្លើងរាប់ពាន់ដង ប្រៀបដូចជាអង់ទ្រីន ពេលផឹកហើយចាំតែថ្ងៃស្លាប់។ ចូរសាងអំពើកុសល អំពើល្អ ចេះលើកលែងទោសដល់អ្នកដទៃ។ បំបាត់កិលេស ភាពអត្មានិយមចង់ត្រូវតែម្នាក់ឯងចោលទៅ នោះទើបជាមនុស្សរស់នៅសន្សំសុខ។ 

«បៀមសេចក្ដីក្រោធខឹងគឺប្រៀបដូចជាការចាប់រងើកភ្លើងដ៏សែនក្ដៅក្នុងដៃហើយគប់ដាក់អ្នកដទៃអ៊ីចឹង ប៉ុន្តែអ្នកគឺជាអ្នកឈឺចាប់មុនគេ» ព្រះសម្មាសម្មុទ្ធ។

«ការខឹងស្អប់មិនអាចបញ្ឈប់ដោយការខឹងស្អប់បានទេ មានតែក្ដីស្រលាញ់ទេដែលអាចបញ្ឈប់សេចក្ដីខឹងស្អប់បង្កើតក្ដីស្រលាញ់» ព្រះសម្មាសម្មុទ្ធ។

«ក្នុងជម្លោះនៅពេលដែលអ្នកមានអារម្មណ៍ខឹងនោះអ្នកនឹងឈប់គិតអំពីការពិត ហើយអ្នកចាប់ផ្ដើមតវ៉ាដើម្បីតែត្រូវខ្លួនឯង» ព្រះសម្មាសម្មុទ្ធ៕

អត្ថបទដោយ៖ លង់ វណ្ណៈ

 

X
5s