​JCIA កំពុង​ចាប់​អារម្មណ៍​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​



នៅ​ក្នុង​ជំនួប​មួយ​នា​ទី​ស្ដីកា​ក្រសួង​សាធារណៈការ​នឹង​ដឹកជញ្ជូន​ ជា​មួយ​ឯកឧត្ដមរដ្ឋមន្ត្រីស្ដីទី តូច ចាន់កុសល គណៈប្រតិភូ​ប្រឹក្សាធុរកិច្ច​អង្គការ JCIA ដឹកនាំ​ដោយ​លោក Takeshi Saito កាល​ពី​ថ្ងៃ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០១៩​កន្លង​ទៅ។ ដោយ​នៅ​ក្នុង​ជំនួប​តំណាងអង្គការ JCIA អំពី​ឧបករណ៍​បច្ចេកវិទ្យា​សម្រាប់​ពិសោធន៍​ដី មុន​នឹង​ធ្វើ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ក៏​ដូចជា​ស្វែងរក​សក្ដានុពល និង​ឱកាស​វិនិយោគ​លើ​វិស័យ​សាធារណ​ការ និង​ដឹក​ជញ្ជូន​នៅ​កម្ពុជា​ផង​ដែរ។ នេះ​បើ​យោង​តាម​ក្រសួង​សាធារណៈការ​នឹង​ដឹក​ជញ្ជូន។

នៅក្នុង​ឱកាសនោះ​ ឯកឧត្ដមរដ្ឋមន្ត្រីស្ដីទី បាន​សម្ដែង​ការស្វាគមន៍​ចំពោះ​គម្រោង​នេះ ព្រោះថា ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​មាន​តួនាទី​ក្នុង​ការ​សាងសង់​ផ្លូវ ស្ពាន កំពង់ផែ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ដទៃ​ទៀត​ជាច្រើន។ បើ​មាន​ឧបករណ៍​ទំនើប​សម្រាប់​ពិសោធន៍ដី នោះ​នឹង​ធ្វើ​ឱ្យ​គុណភាព​សំណង់​ទាំងនោះ​រឹត​តែ​មាន​គុណភាព​ថែម​ទៀត។

ជា​មួយ​គ្នា​នេះ​ឯកឧត្តម​ក៏​បាន​សម្ដែង​ការ​អរគុណ​ ចំពោះ​គណៈ​ប្រតិភូ​ដែល​មាន​បំណង​មក​វិនិយោគ​លើវិស័យ​សាធារណការ និងដឹកជញ្ជូននៅកម្ពុជា និង​ស្នើ​ឱ្យ​អង្គការ​នាំ​យក​ឧបករណ៍​បច្ចេកទេស​ទាំង​នោះ​មក​កម្ពុជា​ដើម្បី​ធ្វើ​ការ​ពិសោធន៍ ព្រម​ទាំង​ស្នើ​ឱ្យ​អង្គការ​ជួយ​បណ្ដុះបណ្ដាល​មន្ត្រី​ជំនាញ​របស់​ក្រសួង​ ឱ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​ទំនើបនោះ៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s