រដ្ឋាភិបាលនឹងរៀបចំកិច្ចពិភាក្សាសិក្សាគម្រោងប្លង់ និងការសាងសង់អគារ​នៅថ្ងៃទី ០៤ កក្កដានេះ​



ឆ្លើយតបនឹងគ្រោះថ្នាក់បាក់អគារដ៏រន្ធត់នៅក្រុងព្រសីហនុថ្មីៗនេះ រដ្ឋាភិបាលបានចេញវិធានការភ្លាមៗ និងជាបន្តបន្ទាប់ដើម្បីធានាសុវត្ថិភាពនៃការសាងសង់នៅកម្ពុជា។ 

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់បានធ្វើការបង្កើតនូវក្រុមការងារបច្ចេក ទេសគាំទ្រគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ ក៏ដូចជាការពង្រឹងស្តង់ដារគុណភាព ដើម្បីធានាឱ្យបានថាសំណង់ដែលសាងសង់គឺប្រកបទៅដោយភាពរឹងមាំ និងសុវត្ថិភាពខ្ពស់។

បន្ថែមលើសពីនេះទៀត កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ថ្មីៗនេះ សួងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់បានចេញសេចក្តីប្រកាស អញ្ចើញលោកឧកញ៉ា លោកជំទាវ លោក លោកស្រី ប្រធានក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់  ប្រធានក្រុមជាងសំណង់ ប្រធានក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងរូបវ័ន្តបុគ្គលសិក្សាគម្រោងប្លង់ ឱ្យចូលរួមកិច្ចប្រជុំស្ដីពីការសិក្សាគម្រោងប្លង់ និងការសាងសង់អគារ ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ដែលនឹងមានការប្រព្រឹត្តទៅនៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ០៩:០០ នាទី ឯសណ្ឋាគារសុខាភ្នំពេញ។​

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីជម្រាបជូន ក៏ដូចជាផ្តោតសំខាន់ចំពោះបុគ្គលដែលពាក់ព័ន្ធនៅក្នុងវិស័យសំណង់នេះ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ចំពោះបច្ចេកទេសត្រឹមត្រូវស្របតាមការកំនត់របស់បច្ចេកទេសជំនាញក្នុងការសាងសង់គម្រោងរបស់ខ្លួន។ 

អាស្រ័យហេតុនេះ សូមលោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជាម្ចាស់ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនជាងសំណង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងរូបវ័ន្តបុគ្គលដែលពាក់ព័ន្ធក្នុងវិស័យសាងសង់ចូលរួមជាកិត្តិយសទាំងអស់គ្នា៕​

ដៃគូសហការ៖ www.realestate.com.kh

X
5s