ចុង​ឆ្នាំ​២០១៩​នេះ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​នឹង​លេច​ជា​​រូបរាង​ឡើង​ហើយ​



កំពង់ផែ​ទេសចរណ៍​អន្តរជាតិក្នុង​ខេត្ត​កំពត​ជា​គម្រោង​គាំទ្រ​ដោយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ពន្ធ័​ទេសចរណ៍ សម្រាប់​កំណើន​ប្រកប​ដោយ​បរិយាប័ន្ន​ក្នុង​មហាអនុ​តំបន់​មេគង្គ (GMS TIIG No. 3194) បាន​បើក​ការដ្ឋាន​សាងសង់​កាល​ពី​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ២០១៨ រហូត​មក​បច្ចុប្បន្ន​បាន​សម្រេច​បាន​ប្រមាណ​ជាង ២៥%​ហើយ ដោយ​គ្រោង​នឹង​បញ្ចប់​ដំណើរការសាងសង់​​នៅ​ដំណាច់​ឆ្នាំ២០១៩​ខាង​មុខ​នេះ។

កំពង់ផែ​ទេសចរណ៍​អន្តរជាតិនេះ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក​ទឹកឈូ ខេត្ត​កំពត និង​មាន​រចនា​សម្ព័ន្ធ​តាម​ស្ដង់ដា​អន្តរជាតិ​ ព្រម​ទាំង​ជា​កំពង់ផែ​សម្រាប់​ទេសចរណ៍​និង​អ្នក​ដំណើរ​មិនមែន​សម្រាប់​ដឹកជញ្ជូន​ទំនិញ​នោះ​ឡើយ មួយ​វិញ​ទៀត​កំពង់ផែ​នេះ​គ្រោង​នឹង​អាច​ផ្ទុក​អ្នក​ដំណើរ​ទេសចរ​បាន​ប្រមាណ​១លាន​នាក់​ក្នុង​មួយ​ឆ្នាំ។

តាម​ប្រសាសន៍​របស់​ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាការ​ជាតិ​គ្រប់គ្រង​គម្រោង បាន​លើក​ឡើង​ថា​ កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត នឹង​ក្លាយ​ជា​ច្រកទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​យ៉ាង​សំខាន់​ដែល​ តភ្ជាប់​ការដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ទៅកាន់​បណ្តា​កោះ​នានា​នៅ​ភាគ​ខាង​ត្បូង និង​ជា​ផ្លូវសមុទ្រ​ដ៏​សំខាន់​ក្នុង​ការ​ធានា​រ៉ាប់រង​ និង​សម្រួល​ដល់​ប្រព័ន្ធ​​គមនាគមន៍​ជាតិ និង​តភ្ជាប់​ខេត្ត​កំពត នៃ​ប្រទេស​កម្ពុជា ទៅ​កាន់​ពិភព​លោក​ផងដែរ៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s