ឥណ្ឌូនេស៊ីបញ្ជូនកាកសំណល់សំរាម ៤៩ កុងតេន័រត្រលប់ទៅអឺរ៉ុបនិងអាមេរិកវិញ
ពីក្រុងហ្សាការតា៖ មានធុងរាប់ពាន់ដែលពោរពេញទៅដោយកាកសំណល់នឹងត្រលប់ទៅប្រទេសបារាំងនិងប្រទេសអភិវឌ្ឍន៍ផ្សេងទៀត នេះបើតាមការឲ្យដឹងពីខាងឥណ្ឌូនេស៊ីកាលពីថ្ងៃអង្គារទី ២ កក្កដា ២០១៩ ខណៈដែលប្រជាជាតិអាស៊ីអាគ្នេយ៍កាន់តែច្រានចោលការបម្រើជាកន្លែងចាក់សំរាមសំរាមអន្តរជាតិ។
ប្រភពរូបពី៖ Jakarta Post
កុងតេន័រចំនួន ៤៩ ដែលផ្ទុកពេញដោយសំរាម កាកសំណល់ផ្លាស្ទិច សំណល់ពីឧបករណ៍ដែលអាចបង្ករគ្រោះថ្នាក់ចូលម្ជុលស៊ឺរាងពីមន្ទីរពេទ្យជាដើម នេះតាមការឲ្យដឹងពីមន្រ្តីគយនៃកោះ បាតាំ (Batam)។ តាមមន្ត្រីគយម្នាក់ផ្សេងទៀតបានប្រាប់ថា កាកសំណល់សំរាមទាំងនោះបានដឹកចេញពីប្រទេសដូចជា សហរដ្ឋអាមេរិក អូស្រ្តាលី បារាំង អាល្លឺម៉ង់ និងហុងកុង។
គួរបញ្ជាក់ថា កាលពីខែមុនឥណ្ឌូនេស៊ីក៏បានបញ្ជូនត្រលប់កាកសំណល់សំរាមចំនួន ៥ កុងតេន័រទៅកាន់សហរដ្ឋអាមេរិកវិញដែរ ជាការចូលរួមពួតដៃគ្នាក្នុងចំណោមប្រទេសជាប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីបង្ហាញពីការមិនសប្បាយចិត្តចំពោះការដែលបន្តធ្វើជាទីលានចាក់សំរាមពីប្រទេសលោកខាងលិច។
ដោយឡែក កាលពីឆ្នាំ ២០១៨ ប្រទេសចិនបានធ្វើការសម្រេចចិត្តហាមប្រាមការនាំចូលកាកសំណល់សំរាម និងសំណល់ពីបរទេសទោះក្នុងគោលបំណងកែច្នៃប្រើប្រាស់ឡើងវិញក៏ដោយ ហើយវាបានបង្កជាភាពវឹកវរមួយបណ្តាលឲ្យប្រទេសអភិវឌ្ឍន៍មួយចំនួនជ្រួលច្របល់ស្វះស្វែងរកទីតាំងថ្មី ដើម្បីចោលកាកសំណល់របស់ខ្លួន។
បណ្តាប្រទេសអភិវឌ្ឍន៍បានយកតំបន់អាស៊ីអាគ្នេយ៍ជាគោលដៅនៃការចោលសំរាម និងសំណល់ផ្លាស្ទិក សំណល់បរិក្ខារបង្កគ្រោះថ្នាក់ ក៏ដូចជាកែច្នៃឡើងវិញ។ តែវាមិនមែនជាគំនិតមួយល្អប្រសើរទេទោះពួកគេនិយាយថាបង្កើតរោងចក្រដើម្បីកែច្នៃវាឡើងវិញក្តី ព្រោះមិនមែន ១០០% នៃសំណល់ទាំងនោះអាចកែច្នៃទាំងអស់ទេ។ មិនត្រឹមតែប្រទេសឥណ្ឌូនេស៊ីទេ សូម្បីប្រទេសម៉ាឡេស៊ីកាលពីខែឧសភាកន្លងទៅក៏ធ្លាប់បញ្ជូនសំណល់សំរាម រួមទាំងសំណល់ផ្លាស្ទិក ៣,៣០០ តោនទៅកាន់សហរដ្ឋអាមេរិក អូស្រ្តាលី កាណាដា និងអង់គ្លេសវិញដែរ ខណៈហ្វីលីពីនបានបញ្ជូនត្រលប់ ៦៩ កុងតេនឺរដឹកកាកសំណល់ត្រលប់ទៅកាណាដាកាលពីខែមុនដូចគ្នា។
ម៉ាឡេស៊ីបញ្ជួនសំរាមត្រលប់ទៅកាន់ប្រទេសធភិវឌ្ឍវិញ ប្រភពរូបពី៖ AFP
ជាថ្មីម្តងទៀត សំរាមនិងកាកសំណល់ដែលមិនអាចកែច្នៃបានជាង ៣០០លានតោន ត្រូវបានផលិតជារៀងរាល់ឆ្នាំបើយោងតាម Worldwide Fund for Nature (WWF) ដែលវាបានបំផ្លាញដល់បរិស្ថានជាខ្លាំង ហើយតំបន់អាស៊ីអាគ្នេយ៍បានក្លាយជាអ្នករងគ្រោះនៃការចោលសំណល់ពីបណ្តាប្រទេសអភិវឌ្ឍន៍៕
ដោយ៖ យ៉ាយ៉ា