អ្នកវិទ្យាសាស្ត្រ​និយាយ​ថា ធ្វើ​រឿង​៣​នេះ​នៅ​ចុង​សប្តាហ៍​​ជីវិត​អ្នក​នឹង​​រីករាយនិង​រស់​បាន​យូរ​



មនុស្ស​ម្នាក់ៗ​​មាន​ជម្រើស​​រៀងៗ​ខ្លួន​ដើម្បី​ចំណាយ​ពេលវេលា​របស់​ខ្លួន​ធ្វើ​កិច្ចការ​ផ្សេងៗ​នៅ​ថ្ងៃ​ចុង​សប្តាហ៍។ ក៏ប៉ុន្តែ​បើ​ទោះបី​ជា​អ្នក​​ជ្រើសរើស​​​ការងារ​អ្វី​មក​ធ្វើ​នៅ​ពេល​ទំនេរ​ទាំង​នេះ​ក៏ដោយ គឺ​​វា​ពិត​ជា​សំខាន់​សម្រាប់​អ្នក ពីព្រោះ​ថា ​អ្នក​មិន​អាច​ទាញ​ពេលវេលា​​​ទាំងនោះ​ឲ្យ​ត្រឡប់​មក​វិញ​បាន​​ឡើយ​។ 

យ៉ាងណាមិញ បើ​ចង់​ឲ្យ​ជីវិត​របស់​អ្នក​រីករាយ និង​រស់​បាន​យូរ នោះ​​ការ​​​​​ចំណាយ​ពេល​មើល​ទូរទស្សន៍ ភាពយន្ត ធ្វើ​អាហារ​ឆ្ងាញ់ៗ ឬ​ឆែក​ទូរស័ព្ទ​​មិន​ទំនេរ​​នៅ​ថ្ងៃ​ចុង​សប្តាហ៍​នឹង​មិន​មែន​ជា​ជម្រើស​មួយ​ដ៏​ល្អ​សម្រាប់​អ្នក​ឡើយ។ ហេតុអ្វី? ពីព្រោះ​ថា ការ​ស្រាវជ្រាវ​នានា​​បាន​រក​ឃើញ​ថា បើ​អ្នក​ពិត​ជា​ចង់​បាន​ជីវិត​បែប​នេះ​មែន​នោះ អ្នក​គួរ​ងាក​មក​ធ្វើ​រឿង ៣​នេះ​ជំនួស​វិញ​នៅ​ថ្ងៃ​ចុង​សប្តាហ៍៖ 

១.ចំណាយ​ពេល​នៅ​ជាមួយ​​គ្រួសារ និង​មិត្តភក្ដិ
ថ្ងៃ​សម្រាក​ចុង​សប្តាហ៍​គឺ​ជា​ថ្ងៃ​ដ៏​ល្អ​បំផុត​​មិន​​ចំពោះ​ថា សម្រាប់​តែ​អ្នក​ធ្វើ​ការ​ឲ្យ​គេ​ ឬ​អ្នក​គ្មាន​ការងារ​ធ្វើ​នោះ​ទេ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Stanford កាល​ពី​ឆ្នាំ ២០១៤​កន្លង​ទៅ។ អ្នកស្រាវជ្រាវ​ប្រចាំ​សាកលវិទ្យាល័យ​នេះ​បាន​រក​ឃើញ​ថា ​អារម្មណ៍​ល្អ​របស់​មនុស្ស​ម្នាក់ៗ​​បាន​កើន​ឡើង ១៥% នៅ​ថ្ងៃ​ចុង​សប្តាហ៍ ហើយ​ចំនួន​នេះ​នឹង​កើន​ឡើង​បន្ថែម​ទៀត​នៅ​ពេល​អ្នក​ចំណាយ​ពេល​កាន់តែ​ច្រើន​​ជា​មួយ​មិត្តភក្ដិ និង​គ្រួសារ​របស់​អ្នក​។

២.ហាត់ប្រាណ
បុគ្គល​ជោគជ័យ​​​ល្បីៗ​ក្នុង​លោក​ដូចជា លោកស្រី  Oprah Winfrey នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook លោកស្រី Sheryl Sandberg និង​​មហាសេដ្ឋី Bill Gates ជាដើម​បាន​ចាត់​ទុក​ថា ការ​ហាត់ប្រាណ​គឺ​ជា​រឿង​សំខាន់ ។ វា​មិន​ត្រឹមតែ​​ធ្វើ​ឲ្យ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​​មាន​សុខភាព​ ​ជួយ​បង្កើន​ការ​ចងចាំ​ និង​សមត្ថភាព​ក្នុង​ការ​​សិក្សា​រៀនសូត្រ​របស់​អ្នក​​​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ថែម​អាច​​ជួយ​បញ្ចេញ​អ័រម៉ូន​អង់ដូហ្វីន​​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​​ទៀត​ផង។ 

ការ​សិក្សាស្រាវជ្រាវ​មួយ​កាល​ពី​ឆ្នាំ ២០១៨ ​​ដែល​បាន​ចេញផ្សាយ​នៅ​លើ​​ទំព័រ​​គេហទំព័រ​សុខភាព​  The Lancet​ បាន​រក​ឃើញ​ថា អ្នក​ដែល​​ធ្វើ​សកម្មភាព​រាងកាយ​យ៉ាង​សកម្ម ​មាន​សុខភាព​ល្អ​ជាង​អ្នក​ដែល​មិន​សូវ​សកម្ម​។ ការ​សិក្សា​នេះ​បាន​បន្ត​ទៀត​ថា អ្នក​ដែល​ហាត់ប្រាណ ​អាច​កាត់​បន្ថយ​សុខភាព​ផ្លូវចិត្ត រហូត​ដល់​ទៅ ៤៣% ត្រឹម​រយៈពេល​ជាង ១​ខែ​ដែល​ល្អ​ប្រសើរ​​ជាង​អ្នក​ដែល​មិន​ហាត់ប្រាណ។

៣.ធ្វើ​សមាធិ
ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា បន្ថែម​ពី​លើ​ការ​ជួយ​កាត់បន្ថយ​​បញ្ហា​​​សុខភាព​ដែល​បណ្តាល​មក​ពី​ភាព​តានតឹង​ផ្លូវចិត្ត​ដូចជា​បញ្ហា​ផ្លូវចិត្ត និង​ការ​ឈឺក្បាល​ញឹកញាប់ ការ​​ធ្វើ​សមាធិ​អាច​បង្កើន​សុភមង្គល​នៅ​ក្នុង​ជីវិត​របស់​អ្នក។ ប្រសិន​បើ​អ្នក​រវល់​ខ្លាំង​ចាប់​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ ការ​សមាធិ​ត្រឹមតែ ១៥ ទៅ ២០ នាទី​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ក៏​អាច​ផ្តល់​អត្ថប្រយោជន៍​សុខភាព​ផ្លូវចិត្ត​បាន​ផង​ដែរ។ 

លោកស្រី  Sharon Salzberg ដែល​ជា​អ្នកនិពន្ធ​សៀវភៅ​ជនជាតិ​អាមេរិក​ "Real Happiness” ប្រចាំ​គេហទំព័រ New York Times និង​ជា​គ្រូ​បណ្តុះបណ្តាល​ផ្នែក​សមាធិ​​តាម​បែប​ពុទ្ធសាសនា​មួយ​រូប​បាន​លើក​ឡើង​ថា ការ​សមាធិ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់។ លោក​ស្រី​បន្ត​ថា ក្រៅតែ​ពី​​ធ្វើ​ឲ្យ​ចិត្ត​​របស់​មនុស្ស​ស្ងប់ ​ការ​សមាធិ​បាន​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ កាត់​បន្ថយ​អារម្មណ៍​តានតឹង និង​ធ្វើ​ឲ្យ អ្នក​មាន​សុទិដ្ឋិនិយម​ក្នុង​ជីវិត​ដែល​នេះ​​រួម​ចំណែក​យ៉ាង​​ច្រើន​ នាំ​ឲ្យ​អ្នក​មាន​អាយុ​​វែង​ទៀង​ផង​៕

ប្រភព៖ CNBC ​​​

 

 

 

X
5s