គម្រោង​វារីអគ្គីសនី​មួយ​ក្នុង​ខេត្ត​ពោធិ៍សាត់​គ្រោង​ចំណាយ​ទុន​ជាង​២០០លាន​ដុល្លារ​អាមេរិក​



គម្រោង​វិនិយោគ​សាងសង់​វារីអគ្គីសនី​មួយ​ដែល​មាន​ថាម​ពល ៨០​មេហ្កាវ៉ាត់ នឹង​មាន​ទំហំ​ទុន​ក្នុង​ការ​វិនិយោគ​រហូត​ដល់​២៣០​លានដុល្លារ​អាមេរិក​និង​ត្រូវ​សាងសង់​ក្នុង​ទឹកដី​ខេត្ត​ពោធិ៍សាត់ គម្រោង​នេះ​ស្ថិត​ក្រោម​ការ​សាងសង់​របស់​ក្រុមហ៊ុន​ អេស ភីអេច ភី(ខេមបូឌា) ឯ.ក បន្ទាប់​ពី​សមាជិករដ្ឋសភាស​រុប​១១២រូប ដឹកនាំ​ដោយ​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា កាល​ពីព្រឹកថ្ងៃទី១ ខែកក្កដា បាន​អនុម័ត​ជា​ឯកច្ឆន្ទ​នូវ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល។ នេះ​បើ​យោងតាម ​AKP។

បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួងរ៉ែ និងថាមពល បាន​ឲ្យ​ដឹង​ថា គម្រោង​វិនិយោគ​វារីអគ្គិសនី​នេះ គឺ​កាត់​ស្ទឹងពោធិ៍សាត់១ ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់។ ការ​វិនិយោគ​នេះ និង​ចំណាយ​រយៈពេល​សម្បទាន​៣៩​ឆ្នាំ ដោយ​រយៈពេល​ប្រតិបត្តិការ​អាជីវកម្ម​ផ្ទេរសិទ្ធិ (BOT)​មាន​រយៈពេល​៣៥ឆ្នាំ ខណៈ​គម្រោង​វិនិយោគ​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល លើក​លែង​ពន្ធ​ដល់​ក្រុមហ៊ុន​រយៈពេល​៩ឆ្នាំ។

ឯកឧត្ដម​បន្តថា ថាមពល​អគ្គិសនី​ដែល​ក្រុមហ៊ុន​ផលិត​បាន គឺ​ត្រូវ​លក់​មក​ឲ្យ អគ្គិសនី​កម្ពុជា​ទាំងអស់​នៅ​រដូវប្រាំង​ និង​ចំនួន​៣០​ភាគរយ​នៅ​រដូវវស្សាក្នុង​តម្លៃ​ព្រមព្រៀង​តាម​កិច្ចសន្យា។ ទោះ​ជាយ៉ាង​នេះក្តី ឯកឧត្ដម​រដ្ឋមន្ត្រី បាន​ថ្លែង​ថា គម្រោង​វិនិយោគ​នេះ ក៏​មាន​ការ​ប៉ះពាល់​ដល់​លំនៅឋាន​ ប្រជាពលរដ្ឋ​ចំនួន​៩២​ខ្នង ស្មើ​នឹង​៣៤៧​គ្រួសារ ប៉ះពាល់​ដីកសិកម្ម​របស់​ប្រជាពលរដ្ឋ​ចំនួន​២៦៩​គ្រួសារ​ ស្មើ​នឹង​ផ្ទៃដីសរុប​ចំនួន​៩.៣៥៥​ហិកតា និង​ប៉ះពាល់​ផ្ទៃ ដី​ព្រៃឈើ​សរុប​ចំនួន​៦០០.៧២៤ហិកតា។ ជាមួយ​គ្នា​នេះ ក៏​បាន​ប៉ះពាល់​ដល់​ថនិកសត្វ​៤៦​ប្រភេទ ពពួក​បក្សី១០១​ប្រភេទ ពពួក​ល្មូន​៦៣​ប្រភេទ និង​ត្រី​ទឹកសាប​៧៨​ប្រភេទ៕

 

X
5s