នាយិកាក្រុមហ៊ុនបេស ឡាយហ្វ៍៖ ប្រាប់ ១ចំណុច ជាយុទ្ធសាស្ត្រផ្ទាល់ខ្លួនក្នុងការគ្រប់គ្រងអាជីវកម្ម
នាយិកាវ័យក្មេងនៃក្រុមហ៊ុន បេស ឡាយហ្វ៍ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលទឹកមាត់ត្រចៀកកាំដ៏លេចធ្លោមួយ លោកស្រី វ៉ា សុជិន គឺជាស្រ្តីគម្រូមួយរូបរបស់កម្ពុជាដែលទើបតែទទួលបាននូវពានរង្វាន់ស្រ្តីឆ្នើមអាស៊ានឆ្នាំ២០១៩ កាលពីពេលថ្មីៗនេះ ជាមួយគ្នានេះលោកស្រីបានចែករំលែកនូវយុទ្ធសាស្ត្រផ្ទាល់ខ្លួន ១ ដែលលោកស្រីតែងប្រើក្នុងការគ្រប់គ្រងអាជីវកម្មប្រកបដោយប្រសិទ្ធភាព។
ជាការឆ្លើយតបនូវសំណួរអំពីយុទ្ធសាស្ត្រនៃការគ្រប់គ្រងអាជីវកម្មប្រកបដោយប្រសិទ្ធិភាព លោកស្រីនាយិកាបានឆ្លើយតបដោយទឹកញញឹមនឹងភាពជឿជាក់ថា៖ «ប្រើទឹកចិត្ត»។ លោកស្រីបន្តទៀតថា៖ ក្រុមហ៊ុនចាំបាច់ណាស់ក្នុងការចេះប្រើបុគ្គលិកឲ្យធ្វើការ ហើយចំពោះក្រុមហ៊ុនរបស់ខ្ញុំគឺភាគច្រើនបុគ្គលិកពួកគាត់បម្រើការងារដោយដៃ ដូច្នេះអ្វីដែលសំខាន់គឺចេះលើកទឹកចិត្តដល់បុគ្គលិកឲ្យបានច្រើន។
លោក ស្រី សុជិន បន្តថា ជាម្ចាស់ក្រុមហ៊ុនមួយរូបត្រូវចេះ គាំទ្រផ្ដល់កម្លាំងចិត្តនៅពេលដែលបុគ្គលិកមានការលំបាកផ្សេងៗ ហើយក្រៅអំពីការលើកទឹកចិត្តនៅក្នុងការងារហើយ យើងក៏ត្រូវចេះផ្ដល់ភាពរីករាយនឹងភាពកក់ក្ដៅដល់ពួកគាត់ដូចជា នៅពេលដែលមានបុណ្យទានអ្វីមួយ ក្រុមហ៊ុនត្រូវរៀបចំពិធីនិងចូលរួមសប្បាយជាមួយនឹងបុគ្គលិក។
លើសពីនេះទៅទៀត កាពង្រឹងសមត្ថភាពដល់បុគ្គលិកគឺជាកត្តាមួយដែលជំរុញឲ្យក្រុមហ៊ុនឆាប់រីកចម្រើនផងដែរ លោកស្រីប្រាប់ថាជារឿយៗ ក្រុមហ៊ុនលោកស្រីតែងតែផ្ដល់ឱកាសដល់បុគ្គលិកក្នុងការពង្រឹងសមត្ថភាព ដូចជាការបញ្ជូនពួកគាត់ទៅសិក្សានៅក្រៅប្រទេស ឬចូលរួមតាមសិក្ខាសាលានានា ព្រោះថាបុគ្គលិកគឺជាចំណុចសំខាន់ កាលណាក្រុមហ៊ុនមានបុគ្គលិកខ្លាំង នោះក្រុមហ៊ុនក៏កាន់តែឆាប់រីកចម្រើនដែរ៕
ដោយ៖ ជួប ស្រីរ័ត្ន