សំរាប់អ្នកចូលចិត្តថតរូប! អ្នកអាជីពប្រាប់ ៣ចំណុច ជួយឲ្យអ្នកថតរូបបានស្អាត
លោក ចក់ វិឆៃ ស្ថាបនិក YB នឹងជាអ្នកអាជីពថតរូបវ័យក្មេងដែលមានបទពិសោធន៍ប្រមាណជាង៤ឆ្នាំ បានចែករំលែកនូវគន្លឹះក្នុងការថតរូបចំនួន ៣ជំហាន សម្រាប់អ្នកចូលចិត្តថតរូប ដែលជួយឲ្យរូបដែលថតចេញមកមើលទៅស្រស់ស្អាតនឹងលេចធ្លោ។ ការចែករំលែកនេះធ្វើនៅក្នុង សិក្ខាសាលាមួយស្ដីអំពី មូលដ្ឋានគ្រឹះនៃការថតរូប នាសាកលវិទ្យាល័យកម្ពុជាកាលពីពេលថ្មីៗកន្លងទៅ។
ជំហានទី១គឺ ការជ្រើសរើសទីតាំង៖ ការជ្រើសរើសទីតាំងគឺសំខាន់ខ្លាំងណាស់សំរាប់អ្នកថតរូប ដូច្នេះមុនពេលដែលទៅថតឲ្យគេយើងត្រូវចុះទៅមើលទីតាំងជាមុនសិន លោកវិឆៃលើកឡើងបន្តថា តួអង្គដែលយើងថតគឺត្រូវតែសាកសមជាមួយនឹងទីតាំងដែលយើងបានជ្រើសរើស ឧទាហរណ៍ថា បើយើងថតអ្នកដែលទទួលសញ្ញាបត្រ ឬpre-Graduationយើងមិនអាចចេះតែថតនៅតាមថ្នល់ឬកន្លែងដែលមានបរិយាកាសរញេរញៃបានទេ។
ជាងនេះទៅទៀត អ្នកថតរូបត្រូវដឹងថាកន្លែងដែលយើងថតនោះមានពន្លឺគ្រប់គ្រាន់ឬទេ តើយើងគួរប្រើហ្វ្លាស់ឬអត់ ដូច្នេះបើយើងថតនៅក្នុងអគារយើងត្រូវរកទីតាំងណាដែលមានបង្អួចអាចឲ្យពន្លឺចូលបាន។ មួយទៀតសម្លៀកបំពាក់ ឬឯកសណ្ឋាន ឧទាហរណ៍បើយើងថតpre-Graduation ឲ្យសាលាយើងត្រូវមើលឯកសណ្ឋានដែលគាត់ស្លៀក តើមានពណ៌អ្វី ហើយសាកសមនឹងកន្លែងណា ប៉ុន្តែត្រូវប្រាកដថាទីតាំងដែលយើងថតនោះមានការអនុញ្ញាតត្រឹមត្រូវ។
ជំហានទី២គឺ ពេលវេលាថត៖ ត្រង់នេះគឺនិយាយអំពី golden hour ឬម៉ោងដែលសំខាន់ និងល្អបំផុតសម្រាប់ការថតរូបគឺមានតែ២ដងប៉ុណ្ណោះក្នុងមួយថ្ងៃ គឺពេលព្រឹក ចាប់ពីម៉ោង ៥កន្លះដល់ម៉ោង៨ ជាពេលដែលព្រះអាទិត្យរះ ដូច្នេះពន្លឺរបស់វាគឺមិនចាំងខ្លាំងនោះទេដែលធ្វើឲ្យរូបថតរបស់យើងស្អាតនឹងមិនឆេះ ចំណែកពេលល្ងាចចាប់ពីម៉ោង ៣ ដល់ម៉ោង ៦ គឺជាពេលដែលថ្ងៃលិច ដូច្នេះព្រះអាទិត្យចាប់ផ្ដើមចេញពន្លឺពណ៌មាសដែលធ្វើឲ្យរូបមើលទៅស្រស់ស្អាត។
ជំហានទី៣គឺ Make Fun ឬធ្វើឲ្យរូបភាពមើលទៅរីករាយ៖ រូបថតគឺជាកម្រងអនុស្សាវរីយ៍ ដូច្នេះការធ្វើឲ្យរូបថតមើលទៅរីករាយ គឺជាការបង្ហាញនូវចងចាំនៅពេលវេលាមួយដ៏ល្អ ដូច្នេះដើម្បីឲ្យបានរូបថតបែបនេះយើងដែលជាអ្នកថតត្រូវដឹងថាគួរប្រាប់គេឲ្យសើចដោយទឹកមុខបែបណាទើបសម ឬឲ្យពួកគាត់សួរគ្នានូវរឿងអ្វីដែលជាការចងចាំល្អរបស់គាត់ដើម្បីឲ្យរូបដែលយើងថតចេញមកនោះមានភាពរស់រវើកនឹងស្រស់ស្អាត៕
ដោយ៖ ជួប ស្រីរ័ត្ន