មេរៀនជីវិតសំខាន់ៗ ៣យ៉ាង ដែលអ្នកអាចរៀនសូត្របានពីសត្វកវែង
សត្វនីមួយៗសុទ្ធតែមានលក្ខណៈពិសេសដែលសម្គាល់ពីភាពដាច់ដោយឡែករបស់វាខុសពីសត្វដទៃៗទៀត រីឯសត្វកវែងក៏មិនខុសគ្នាដែរ។ កាលណា មនុស្សយើងម្នាក់ៗបើកចំហចិត្តទូលំទូលាយ រៀនសូត្រពីអ្វីៗនៅជុំវិញខ្លួន ពួកយើងក៏ប្រាកដជាអាចនឹងរៀនសូត្រពីភាពជាគំរូរបស់សត្វផ្សេងៗ រួមទាំងសត្វកវែង និងបម្លែងវាឲ្យទៅជាមេរៀនដ៏មានប្រយោជន៍សម្រាប់ការដឹកនាំ ត្រួសត្រាយផ្លូវអ្នកដើរពីក្រោយអ្នក ឆ្ពោះទៅរកជោគជ័យដ៏ត្រចះត្រចង់រួមគ្នា។ ខាងក្រោមនេះគឺជាមេរៀននៃភាពជាអ្នកដឹកនាំ៣យ៉ាង ដែលអ្នកអាចរៀនសូត្របានពីសត្វកវែង៖
១) សត្វកវែងដឹងថាវាត្រូវបន្ធូរដៃក្នុងការគ្រប់គ្រងហ្វូងរបស់ពួកវាខ្លះ៖ មេដឹកនាំរបស់ហ្វូងសត្វកវែង ក៏ដឹងថាវាត្រូវការបន្ធូរដៃពីអំណាចគ្រប់គ្រងទៅលើហ្វូងរបស់ពួកវាដែរ។ ភាពជាគំរូនេះ បើនិយាយចំពោះអ្នកដឹកនាំសមាជិកក្នុងក្រុម ត្រូវចេះចែករំលែកតួនាទី និងសិទ្ធិអំណាចរបស់ខ្លួន ដើម្បីឲ្យអ្នកមានសមត្ថភាពដទៃមានឱកាសបញ្ចេញថ្វីដៃ និងសមត្ថភាពពិសេសរបស់ខ្លួនផងដែរ។
២) សត្វកវែងមិនភ័ន្តច្រឡំទំហំជាមួយនឹងភាពខ្លាំងក្លានោះឡើយ៖ បើទោះជាទទួលបានប្រយោជន៍ពីអំណោយផលធម្មជាតិរបស់សត្វកវែង មានរូបរាងធំនិងខ្ពស់ក៏ដោយ ក៏វានៅតែទទួលស្គាល់នូវដែនកំណត់ចំពោះភាពខ្លាំងក្លារបស់វាដែរ។ អ្នកដឹកនាំក៏ត្រូវរៀនសូត្រពីគំរូដ៏ល្អមួយនេះពីសត្វកវែងដែរ។ អ្នកត្រូវចាំថា សម្បកខាងក្រៅរបស់មនុស្ស មិនអាចកំណត់ពីឆន្ទៈ និងទេពកោសល្យពិតប្រាកដរបស់បុគ្គលនោះបានឡើយ។ ដូច្នេះ អ្នកមិនត្រូវវាយតម្លៃមនុស្សណាម្នាក់ដោយផ្អែកលើសម្បកខាងក្រៅរបស់ពួកគេ និងត្រូវអោនលំទោនឲ្យតម្លៃទៅលើមនុស្សគ្រប់គ្នាជានិច្ច។
៣) សត្វកវែងតែងតែបន្តស្វែងរកធនធានជានិច្ច៖ ពួកវាធ្វើបម្លាស់ទីផ្លាស់ប្ដូរពីកន្លែងមួយទៅកន្លែងមួយទៀត ក្នុងការស្វែងរកធនធានសម្រាប់ការលូតលាស់ធំធាត់របស់ហ្វូងវា និងមិនទ្រមក់រង់ចាំឲ្យស្ថានភាពខ្វះធនធាននៅទីលំនៅបច្ចុប្បន្នរបស់វាផ្លាស់ប្ដូរសម្រាប់ពួកវានោះឡើយ។ អ្នកដឹកនាំប្រកបដោយភាពឈ្លាសវៃក៏ត្រូវប្រកាន់យកគោលការណ៍ដឹកនាំបែបនោះដែរ។ គ្រាន់តែមានសុទិដ្ឋិនិយមចំពោះការផ្លាស់ប្ដូររបស់ស្ថានភាព ពិតជាមិនអាចកែប្រែអ្វីឲ្យប្រសើរឡើងបានឡើយ លុះត្រាណាតែអ្នកមានសុទិដ្ឋិនិយមចំពោះការផ្លាស់ប្ដូររបស់ខ្លួនទៅលើស្ថានភាពជាបញ្ហានោះ និងមានស្មារតីធ្វើការផ្លាស់ប្ដូរវាដោយខ្លួនឯង ទើបអ្នកអាចបោះជំហានឈានដល់ដំណាក់កាលរីកចម្រើនមួយទៀតបាន៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ lifehack