សុភាសិតចិន «បុគ្គលណាដែលនិយាយថាអ្វីមួយមិនអាចទៅរួច មិនគួរទៅរំខានបុគ្គលដែលកំពុងធ្វើវានោះឡើយ។»​



ចិនបុរាណមានសុភាសិតមួយមានសេចក្ដីថា «បុគ្គលណាដែលនិយាយថាអ្វីមួយមិនអាចទៅរួច មិនគួរទៅរំខានបុគ្គលដែលកំពុងធ្វើវានោះឡើយ។» បុគ្គលម្នាក់ៗសុទ្ធតែមានលក្ខណៈពិសេសនិងភាពអស្ចារ្យរៀងៗខ្លួន។ អ្វីដែលបុគ្គលម្នាក់ធ្វើទៅបរាជ័យ មិនប្រាកដថាបុគ្គលម្នាក់ទៀតធ្វើទៅបរាជ័យដែរនោះឡើយ។ មនុស្សម្នាក់ៗមានការយល់ដឹងខុសគ្នា បទពិសោធន៍ខុសគ្នា បញ្ញាខុសគ្នា ហេតុនេះយើងមិនអាចរំពឹងទុកនូវលទ្ធផលដូចគ្នាចំពោះការប្រតិបត្តិរឿងដូចគ្នានោះទេ។

ពិតណាស់បុគ្គលដែលធ្វើអ្វីមួយមិនបានជោគជ័យមិនគួរទៅរំខានបុគ្គលដែលគេកំពុងតែប្រឹងធ្វើនោះទេ។ ដំរីជើងបួនគង់មានភ្លាត់។ បើទោះជាអ្នកមានជំនឿជឿជាក់ទៅលើខ្លួនឯងប៉ុណ្ណាក៏ដោយ អ្វីដែលល្អបំផុតដែលអ្នកគួរធ្វើគឺគ្រាន់តែនិយាយពីបទពិសោធន៍ដែលអ្នកបានធ្វើរឿងនោះប្រាប់ទៅបុគ្គលដែលកំពុងតែធ្វើរឿងនោះ ឬចង់ព្យាយាមសាកល្បងធ្វើរឿងនោះទៅបានហើយ។ ការទៅរំខានគេ ឬរិះគន់ជាន់ពន្លិចគេថាគេធ្វើមិនកើត មិនមែនជារឿងដែលអ្នកគួរធ្វើនោះឡើយ។ អ្នកមិនគួរមើលងាយការខិតខំប្រឹងប្រែងរបស់នរណាម្នាក់និងសមត្ថភាពរបស់គេឡើយ។

បើមិនទាន់សាកល្បងធ្វើផង ធ្វើដូចម្ដេចនឹងដឹងថាគេធ្វើកើតមិនកើត? ជួនកាលបើទោះជាបុគ្គលនោះធ្វើមិនកើតដូចអ្នកក៏ដោយ តែមានពេលខ្លះតាមរយៈបទពិសោធន៍មួយនោះ គេបានកើនចំណេះដឹងអ្វីម្យ៉ាងដែលជួយបំភ្លឺគំនិតដល់គេក្នុងការស្វែងរកដំណោះស្រាយថ្មីដែលអ្នកមិនធ្លាប់ស្មានដល់ដើម្បីធ្វើរឿងមួយនោះ ព្រោះមនុស្សម្នាក់ៗមិនដូចគ្នាឡើយ មានការយល់ដឹងខុសគ្នា បទពិសោធន៍ខុសគ្នា និងបញ្ញាខុសគ្នា។ ចំណែកឯរឿងខ្លះទៀតគឺត្រូវការពេលវេលាទើបចេញផ្លែផ្កា។ ហេតុនេះហើយចូរកុំអាលប្រញាប់នឹងសើចចំអកអ្នកដទៃ កុំអាលទាន់មើលស្រាលគេ កុំអាលឆាប់រិះគន់ជាន់ពន្លិចគេពេក ព្រោះមនុស្សម្នាក់ៗមិនដូចគ្នាឡើយ៕

ដោយ៖ ស្រីពៅ

 

X
5s