កិច្ចប្រជុំកំពូល G20 បានបើកជាផ្លូវការនៅក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន​



ថ្នាក់ដឹកនាំកំពូលនៃប្រទេស G20 បានបើកដំណើរការកិច្ចប្រជុំកំពូលរបស់ខ្លួននៅថ្ងៃសុក្រទី ២៨ មិថុនា ២០១៩ នេះ ។ កិច្ចប្រជុំកំពូលនេះត្រូវបានគេរំពឹងថា ជាកិច្ចប្រជុំមួយដែលនឹងនាំមកនូវការជជែកតឹងសរសៃកដាក់គ្នាខ្លាំងសម្រាប់ឆ្នាំនេះ។ 

តាមការឲ្យដឹងពី Channel News Asia នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ (Abe Shinzo) បានធ្វើការបើកកិច្ចប្រជុំនេះ ដែលនឹងត្រូវលើកយកប្រធានបទជាច្រើនមកពិភាក្សា ហើយសុទ្ធសឹងជាប្រធានបទដ៏ចម្រូងចម្រាសស្តីពីការពិភាក្សាលើពាណិជ្ជកម្ម ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រែប្រួលអាកាសធាតុជាដើម។

តែស្នាមញញឹមប្រកបដោយភាពរូសរាយរាក់ទាក់ ត្រូវបានបង្ហាញលើផ្ទៃមុខរបស់ថ្នាក់ដឹកនាំកំពូលគ្រប់រូបក្នុងនាទីដំបូងនៃកិច្ចប្រជុំក៏ដូចជាដើម្បីថតរូបជាលក្ខណៈគ្រួសារនៃប្រទេស G20។ ក្នុងនោះដែរគេឃើញប្រធានាធិបតីនៃប្រទេសចិន និងសហរដ្ឋអាមរិក លោកស៊ី និងលោកត្រាំ បានចាប់ដៃញញឹមដាក់គ្នាមុនពេលថតរូបផងដែរ។ 

វគ្គដំបូងនេះកិច្ចប្រជុំគឺផ្តោតសំខាន់ទៅលើ សេដ្ឋកិច្ចឌីជីថល Digital Economy ជាមួយនឹងការព្រួយបារម្ភអំពីឯកជនភាព (Privacy) និងសន្តិសុខ (Security) ដែលមាននៅក្នុងរបៀបវារៈ។

លោកអាបេ បានលើកឡើងថា “Digitalisation មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងទិដ្ឋភាពសសង្គម និងសេដ្ឋកិច្ចបច្ចុប្បន្ន” ខ្ញុំសប្បាយរីករាយណាស់ដែលបានឃើញសន្ទុះខ្លាំងក្លា ដែលអាចជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចឌីជីថលជាសកលបែបនេះ លោកអាបេបានបន្ថែមយ៉ាងដូច្នេះ។

ទោះជាបង្ហាញនូវស្នាមញញឹមនាពេលដំបូងក៏ពិតមែនតែវានៅតែស្ថិតក្នុងសញ្ញានៃការចរចាដ៏តឹងតែងមួយដដែល ខណៈដែលដូណាលត្រាំបានលើកឡើងពីការព្រួយបារម្ភរបស់ខ្លួន ទាក់ទងនឹងការគំរាមកំហែងផ្នែកសន្តិសុខសុវត្ថិភាពរបស់ក្រុមហ៊ុន Huawei។ “យើងធ្វើការពង្រីកពាណិជ្ជកម្មឌីជីថល យើងក៏ត្រូវធានានូវសុវត្ថិភាពនៃបណ្តាញ 5G របស់យើងផងដែរ” នេះជាប្រសាសន៍របស់លោកដូណាល់ត្រាំ។ កិច្ចប្រជុំកំពូលនេះត្រូវបានគ្របដណ្តប់ដោយសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសសេដ្ឋកិច្ចកំពូលទាំង ២ ចិននិងអាមេរិក ដោយក្តីសង្ឃឹមមួយថា លោកស៊ីនិងលោកត្រាំអាចឈានដល់ការបញ្ឈប់សង្គ្រាមជាមួយគ្នា ពេលដែលពួកគេធ្វើកិច្ចចរចានៅថ្ងៃសៅរ៍នេះក្រោយបញ្ចប់កិច្ចប្រជុំ៕

ដោយ៖ យ៉ាយ៉ា

 

 

X
5s