លោក ម៉ាក ថ្វាន់៖ «នៅពេលខ្ញុំស្គាល់មនុស្សកាន់តែច្រើន ខ្ញុំស្រលាញ់ឆ្កែរបស់ខ្ញុំកាន់តែខ្លាំង។»
មនុស្សម្នាក់ៗមានចរិត លក្ខណៈ អាកប្បកិរិយា គំនិត អារម្មណ៍ ចំណេះដឹង បទពិសោធន៍ផ្សេងៗគ្នាទៅតាមបុគ្គលម្នាក់ៗ។ មនុស្សយើងមិនអាចដឹងឬវាយតម្លៃ ចរិត ភាពពុតត្បុតរបស់នរណាម្នាក់បាននោះទេ លុះត្រាតែអ្នកធ្លាប់ជួបផ្ទាល់អ្នកតែម្ដង ទើបដឹងថាអ្នកនោះយ៉ាងម៉េច។
លោក ម៉ាក ថ្វាន់ កវីនិពន្ធអាមេរិក បាននិយាយថា៖ «នៅពេលខ្ញុំស្គាល់មនុស្សកាន់តែច្រើន ខ្ញុំស្រលាញ់ឆ្កែរបស់ខ្ញុំកាន់តែខ្លាំង»។ សម្ដីរបស់លោកចង់បញ្ជាក់ថា បើមើលពីសម្បកក្រៅ នោះអ្នកនឹងមិនដឹងថាមនុស្សយ៉ាងម៉េចនោះទេ ប៉ុន្តែបើដឹងចរិតពិតទើបភ្ងាក់ខ្លួន។ ស្គាល់មនុស្សកាន់តែច្រើន នោះអ្នកនឹងដឹងថាមនុស្សមានចិត្តឃោឃៅ គំនិតអវិជ្ចមាន កេងប្រវ័ញ្ច ផិតក្បត់ អ្នកខ្លះធ្វើទង្វើអ្វីមួយដោយគ្មានការគិតពិចារណា អ្នកខ្លះចាំតែរិះគន់អ្នកដទៃ ម្នាក់នេះអីចេះម្នាក់នោះអីចុះ។ អ្នកខ្លះជាមនុស្សអត្មានិយម ពុករលួយ មើលឃើញតែប្រយោជន៍ខ្លួន មិនខ្វល់អ្នកដទៃស្លាប់រស់យ៉ាងម៉េចនោះទេឲ្យតែខ្លួនមានបាន បានសុខ។ មនុស្សមួយចំនួនចរិតជាពស់វែក នៅពីមុខល្អតែពីក្រោយខ្នងព្រួសពិស ហើយអ្នកខ្លះចិត្តជាសត្វក្រពើ ខំជួយរាប់មិនអស់ មិនត្រឹមតែមិនសងគុណទេ តែថែមទាំងរមិលគុណទៀតផង។ មនុស្សមួយចំនួនទៀតឃោឃៅ ពុតត្បុត ល្បិតកល អាងអំណាច មាសប្រាក់បុណ្យសក្ដិ អួតអាងមើលតែលើលោកនេះចេះតែឯង មានតែឯង។
នៅពេលស្គាល់ចរិតមនុស្សកាន់តែច្រើន ទើបដឹងថាមនុស្សខ្លះមិនស្មើនឹងសត្វឆ្កែមួយក្បាលផង។ សត្វឆ្កែស្រលាញ់ម្ចាស់របស់វា មិនដែលចេះក្បត់ម្ចាស់របស់វា ប៉ុន្តែថែមទាំងចេះជួយយាមផ្ទះទៀតផង។ ឆ្កែវាមិនចេះនិយាយដើម ចាក់ពីក្រោយខ្នង មិនចេះពុករលួយ បំផ្លាញជាតិ ហើយវាគ្មានភាពពុតត្បុតល្បិតកលនោះឡើយ។
ក្នុងសង្គមនេះមានមនុស្សរាប់ជំពូក ពេលខ្លះត្រូវស្គាល់ឲ្យបានច្រើន បើស្គាល់ហើយកុំខ្វល់ច្រើនពេកជាមួយមនុស្សទាំងនោះ។ បើអាចគួរតែជៀសចេញ កុំនៅក្បែរមនុស្សទាំងនោះឲ្យសោះ។ ប្រសិនបើអ្នកមិនប្រយ័ត្ន មនុស្សទាំងនោះអាចនឹងនាំអ្នកធ្លាក់ខ្លួនក្លាយទៅជាមនុស្សដូចពួកគេក៏ថាបាន។ ស៊ូរាប់អានឆ្កែ ប្រសើរជាងរាប់អានមនុស្សអាក្រក់៕
អត្ថបទដោយ៖ លង់ វណ្ណៈ