លោកត្រាំនិងលោកស៊ីនឹងធ្វើកិច្ចចរចាលើសង្គ្រាមពាណិជ្ជកម្មនៅចុងសប្ដាហ៍នេះនៅប្រទេសជប៉ុន​



តាមរយៈសារព័ត៌មានរបស់ South China Morning Post បាននិយាយថាចុងសប្ដាហ៍នេះនឹងមានកិច្ចប្រជុំកំពូល G-20 ដែលមានការចូលរួមពីសំណាក់មេដឹកនាំប្រទេសមួយចំនួនជុំវិញពិភពលោកនៅក្នុងរដ្ឋអូសាកា (Osaka) នៃប្រទេសជប៉ុន។ ហើយក្នុងចំណោមមេដឹកនាំទាំងនេះគឺមានតួឯកសំខាន់ពីររូបផងដែរដែលមានប្រធានាធិបតីអាមេរិក លោក ដូណាលត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ។ ហើយក្នុងកិច្ចប្រជុំនេះមេដឹកនាំទាំងពីររូបបានយល់ព្រមថានឹងពិភាក្សាគ្នាក្នុងការដោះស្រាយជម្លោះសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាសេដ្ឋកិច្ចទាំងពីរដែលបានកើតឡើងរវាងប្រទេសទាំងពីរនេះអស់រយៈពេលមួយឆ្នាំជាងមកហើយ។

ហើយតាមរយៈអ្នកនាំសារនៃសេតវិមានក៏បានឲ្យដឹងផងដែរថាលោក ដូណាលត្រាំ នឹងធ្វើកិច្ចចរចានេះជាមួយប្រធានាធិបតីចិននៅម៉ោង ១១:០០ ពេលព្រឹកនៅថ្ងៃសៅរ៍ក្នុងសប្ដាហ៍នេះ។ ប៉ុន្តែសារព័ត៌មាន South China Morning Post ក៍បានប្រាប់ឲ្យដឹងដែរថាលទ្ធផលនៃកិច្ចចរចារវាងមេដឹកនាំទាំងពីររូបនេះគឺមិនប្រកដថានឹងទទួលបានលទ្ធផលបែបណានោះទេ។

តាមរយៈលោក ដូណាលត្រាំ លោកបាននិយាយកាលពីថ្ងៃពុធថាលោកនឹងសម្រេចចិត្តដាក់គំនាបពន្ធបន្ថែមលើផលិតផលចិនទាំងឡាយដែលមិនទាន់ចូលក្នុងបញ្ជីខ្មៅបើសិនជាមេដឹកនាំទាំងពីរនៅតែមានការជំទាស់លើលក្ខខណ្ឌកិច្ចចរចាសង្គ្រាមពាណិជ្ជកម្មនេះ។ ប៉ុន្តែលោកក៍បានបន្តសម្ដីផងដែរថាលោកសង្ឃឹមថាកិច្ចចរចាលើសង្គ្រាមពាណិជ្ជកម្មខាងមុខនេះនឹងទទួលបានជោគជ័យដោយមានលទ្ធផលល្អដូចការរំពឹងទុកទៅចុះ។

ប៉ុន្តែមកទល់បច្ចុប្បន្ននេះប្រទេសទាំងពីរបានដាក់គំនាបពន្ធជាង ២៥ ភាគរយលើផលិតផលគ្នាទៅវិញទៅមកដែលមានតម្លៃទឹកប្រាក់រាប់ពាន់លានដុល្លារ។ សង្គ្រាមពាណិជ្ជកម្មនេះកំពុងតែធ្វើឲ្យកក្រើកសង្វៀនពាណិជ្ជកម្មពិភពលោកដែលមិនមែនតែធ្វើទុក្ខសេដ្ឋកិច្ចរបស់ចិននិងអាមេរិកពីរប្រទេសនេះទេគឺប្រទេសផ្សេងៗដែលមានប្រព័ន្ធពាណិជ្ជកម្មប្រទាក់នឹងសេដ្ឋកិច្ចចិននិងអាមេរិកក៍កំពុងតែត្អូញត្អែរពីទុក្ខវេទនាដែលគំនាបពន្ធនេះបានធ្វើទុក្ខបុកម្នេញសេដ្ឋកិច្ចរបស់ពួកគេផងដែរ។ ហើយបច្ចុប្បន្នគេកំពុងតែមើលឃើញថាប្រទេសមហាសេដ្ឋកិច្ចទាំងពីរកំពុងតែមានចំណងមិត្តភាពមិនល្អដូចពីមុនបន្ទាប់ពីមានការបរាជ័យលើកិច្ចប្រជុំចរចាលើសង្គ្រាមពាណិជ្ជកម្មកាលពីខែឧសភាមុន៕

នឿន វណ្ណៈ

 

X
5s