គម្រោងផ្សារទំនើបថៃ Big C តម្លៃ ៦.៨ លានដុល្លារនឹងមានវត្តមាននៅតំបន់ប៉ោយប៉ែត
មិនថាអ្នកដែលនិយមចេញចូលប្រទេសថៃ ឬក៏មិនធ្លាប់នោះឡើយ ភាគច្រើនសុទ្ធតែធ្លាប់បានលឺពីឈ្មោះផ្សារលក់ទំនិញដ៏ល្បីមួយដែលមានឈ្មោះថា ផ្សារទំនើប Big C Super Center នេះ។ ក្នុងមួយឆ្នាំៗ ផ្សារទំនើបនេះទទួលបានអតិថិជនជាច្រើនម៉ឺននាក់ មិនថាបរទេស និងជនជាតិថៃសុទ្ធតែនិយមទៅទិញទំនិញនៅក្នុងផ្សារនេះ ដោយសារតែផ្សារនេះមានផ្តល់នូវជម្រើសផលិតផលរាប់ម៉ឺនសែនមុខដែលប្រកបទៅដោយគុណភាពខ្ពស់ និងតម្លៃទាបជាងកន្លែងផ្សេងៗ។
អ្វីដែលធ្វើឱ្យភ្ញាក់ផ្អើលនោះគឺ ផ្សារទំនើប Big C នេះនឹងបើកសាខាដំបូងរបស់ខ្លួននៅឯប្រទេសកម្ពុជានាចុងឆ្នាំ២០១៩ នេះហើយ ពោលគឺផ្សារនេះនឹងមានទីតាំងស្ថិតនៅតំបន់កាស៊ីណូផ្កាយប្រាំ ភូមិសាមគ្គីមានជ័យ ខេត្តបន្ទាយមានជ័យ ពោលគឺមានបណ្តោយព្រំដែនអន្តរជាតិជាតិកម្ពុជា-ថៃ។
តាមការបង្ហាញជាផ្លូវការពីគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថាប្រទេសកម្ពុជាបានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ កាលពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ ដើម្បីអនុញ្ញាតឱ្យមានការបង្កើតគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលស្ថិតនៅក្រោមឈ្មោះក្រុមហ៊ុន BIG C SUPER CENTERពិតមែន។
ប្រភពដដែលបានឱ្យដឹងថា ការវិនិយោគផ្សារទំនើបដ៏ល្បីរបស់ប្រទេសថៃមួយនេះគឺធ្វើឡើង ក្នុងទឹកប្រាក់ប្រមាណ ៦.៨ លានដុល្លារ ខណៈដែលគម្រោងនេះនឹងបង្កើតការងាររហូតដល់ទៅ ១,២២២កន្លែងឯណោះនៅពេលដែលដាក់ដំណើរការជាផ្លូវការ។
ចំណែកឯយោងតាមការផ្សាយពីសារព័ត៌មានថៃ Sa Kaeo Story ក៏បានឱ្យដឹងដូចគ្នាថាផ្សារទំនើប BIG C សាខាប្រទេសកម្ពុជានេះកំពុងតែសាងសង់លើផ្ទៃដីសរុបប្រមាណ ៨០០០ម៉ែត្រការ៉េ ដែលគម្រោងនេះនឹងបញ្ចប់ ក៏ដូចជាដាក់ដំណើរការនៅចុងឆ្នាំ២០១៩ខាងមុខនេះហើយ។
គួរបញ្ជាក់ផងដែរថា សេដ្ឋកិច្ចរបស់កម្ពុជាហាក់នៅបន្តមានការលូតលាស់ជាគំហុកក្នុងរវាងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលកំណើនសេដ្ឋកិច្ចយ៉ាងលឿននេះហើយបានធ្វើឱ្យអ្នកវិនិយោគបរទេសជាច្រើនបានងាកសម្លឹងមកកាន់កម្ពុជាដើម្បីស្វែងវិនិយោគលើវិស័យដែលកំពុងមានសក្តានុពលខ្លាំងៗ។
ក្នុងនោះខេត្តបន្ទាយមានជ័យ ក៏ដូចជាក្រុងប៉ោយប៉ែតតែម្តងក៏ទទួលបានអ្នកវិនិយោគជាច្រើនមកដាក់ទីតាំងអាជីវកម្មផងដែរ ដោយក្នុងនោះអាជីវកម្មដែលទទួលបានប្រជាប្រិយភាពច្រើនជាងគេរួមមានដូចជាសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន គម្រោងអភិវឌ្ឍន៍អាគារស្នាក់នៅ ក៏ដូចជាមជ្ឈមណ្ឌលកំសាន្តជាច្រើនផ្សេងៗទៀត។
ស្របពេលជាមួយនឹងវត្តមានគម្រោងអភិវឌ្ឍន៍ធំៗទាំងនេះបានធ្វើឱ្យតម្លៃអចនលទ្រព្យនៅទីក្រុងប៉ោយប៉ែតហាក់មានការលោតលឿនយ៉ាងខ្ពស់ ពោលគឺតម្លៃជួលផ្ទះអាជីវកម្មនៅតាមបណ្តោយផ្លូវកាស៊ីណូផ្កាយប្រាំមានចាប់ពីជាង១ពាន់ដុល្លារឡើងទៅ (នេះបើតាមតម្លៃទទួលជួលវិញពីសំណង់ផ្ទះល្វែង និងវីឡា ស្តារហ្គោល ដែលជាគម្រោងសាងសង់លំនៅដ្ឋានស្តង់ដារមួយនៅក្នុងតំបន់នេះ)៕
ដៃគូសហការ៖ www.realestate.com.kh