អូស្ត្រាលីប្រកាសឲ្យប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកធ្វើរឿងមួយនេះក្នុងសង្គ្រាមពាណិជ្ជកម្ម​



ប្រទេសអូស្ត្រាលីបានប្រកូកប្រកាសឲ្យប្រទេសមួយចំនួនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្រោកឈរឡើងក្នុងការដោះស្រាយបញ្ហាឥទ្ធិពលសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក-ចិនក្នុងពេលខណៈដែលសមរភូមិសង្គ្រាមពាណិជ្ជកម្មនេះកាន់តែយ៉ាប់យ៉ឺនទៅៗ។ ប្រទេសមួយនេះបានប្រាប់ថាឥទ្ធិពលសង្គ្រាមពាណិជ្ជកម្មនេះបានជះផលអវិជ្ជមានយ៉ាងខ្មៅអួអាប់ដល់ការអភិវឌ្ឍរបស់ពិភពលោក។

តាមសម្ដីលោកនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison លោកបានដាស់តឿនប្រទេសទាំងឡាយដែលទទួលរងផលប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្មឲ្យត្រូវធ្វើការផ្លាស់ប្ដូរនិងសម្របខ្លួនទៅតាមការប្រែប្រួលនៃប្រព័ន្ធសេដ្ឋកិច្ចអាមេរិកនិងចិនដោយត្រូវធ្វើការផ្លាស់ប្ដូរប្រព័ន្ធបច្ចេកវិទ្យានិងប្រព័ន្ធសេវាកម្មហិរញ្ញវត្ថុរបស់ពួកគេ។ និយាយរួមលោកចង់ប្រាប់ថាប្រទេសទាំងឡាយមិនគួរនៅស្ងៀមបន្តប្រឈមជាមួយនឹងជោគវាសនារបស់ខ្លួនក្រោមឥទ្ធិពលសង្គ្រាមពាណិជ្ជកម្មនេះទេ។

លោក Morrison បានដាស់តឿនបែបនេះដោយសារតែចុងសប្ដាហ៍នេះមេដឹកទាំងឡាយរួមមានលោកដូណសលត្រាំនិងលោក ស៊ីជីនពិង នឹងធ្វើកិច្ចប្រជុំពាក់ព័ន្ធនឹងដំណោះស្រាយសង្គ្រាមពាណិជ្ជកម្មក្នុងព្រឹត្តិការណ៍ G-20 ក្នុងពេលឆាប់ៗនេះហើយរូបលោកក៍មិនប្រាកដក្នុងចិត្តថាលទ្ធផលនៃកិច្ចប្រជុំលើដំណោះស្រាយសង្គ្រាមពាណិជ្ជកម្មនេះនឹងទៅជាយ៉ាងណានោះទេ។ ដូចនេះលទ្ធផលគឺមានពីរដែលអាចជាលទ្ធផលល្អក្នុងការដោះស្រាយបញ្ហាជម្លោះសង្គ្រាមពាណិជ្ជកម្មឬក៍ផ្ទុយពីនេះដែលអាចជាលទ្ធផលអវិជ្ជមានដែលអាចបង្កើនឬបន្តធ្វើទុក្ខបុកម្នេញសេដ្ឋកិច្ចពិភពលោក។ ហេតុនេះហើយបានជាលោក Morrison ដាស់តឿនប្រទេសទាំងឡាយឲ្យត្រៀមខ្លួនឲ្យរួចជាមុនក្នុងការទទួលស្គាល់ជាមួយនឹងលទ្ធផលក្នុងកិច្ចប្រជុំខាងមុខនេះ។

តាមរយៈសម្ដីបន្តរបស់លោក Morrison បានឲ្យដឹងថាប្រទេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកគួរតែមានយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការទប់ទល់ជាមួយនឹងឥទ្ធិពលសង្គ្រាមពាណិជ្ជកម្មដូចជាយុទ្ធសាស្ត្រក្នុងការបើកចំហរសេដ្ឋកិច្ចរបស់ខ្លួនក្នុងពាណិជ្ជកម្មពិភពលោកដែលសមស្របទៅតាមវិធានការអន្តរជាតិ។ ម៉្យាងវិញទៀតលោកបាននិយាយថាបច្ចុប្បន្នសភាពសង្គ្រាមពាណិជ្ជកម្មបានបង្កចលាចលដល់សេដ្ឋកិច្ចពិភពលោកហើយថ្មីនេះៗលោកដូណាលត្រាំបានប្រកាសថាលោកចង់តម្លើងការដាក់ពន្ធបន្ថែមទៀតលើផលិតផលចិនដែលមានទឹកប្រាក់សរុបជាង ៣០០ ពាន់លានដុល្លារដែលកំពុងតែធ្វើឲ្យប្រទេសជុំវិញពិភពលោកដែលកំពុងតែទទួលរងសម្ពាធពន្ធនេះឲ្យមានភាពព្រួយបារម្ភច្របូកច្របល់ដោយសារតែប្រទេសទាំងនេះក៍នឹងត្រូវគំនាបពន្ធនេះប៉ះពាល់ដល់ប្រព័ន្ធសេដ្ឋកិច្ចរបស់ពួកគេដែរ។

ចំពោះប្រទេសអូស្ត្រាលីវិញគឺប្រទេសនេះងាយស្រួលនឹងបាត់បង់មិត្តភាពជាមួយនឹងប្រទេសអាមេរិកហើយនឹងប្រទេសចិនព្រោះថាប្រទេសមួយនេះជាដៃគូនយោបាយដ៍សំខាន់របស់អាមេរិកហើយក៍ជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់របស់ប្រទេសចិនផងដែរ។ ដូចនេះបើប្រទេសមួយនេះធ្វើអ្វីមួយទាស់ចិត្តនឹងបងធំសេដ្ឋកិច្ចទាំងពីរដោយលំអៀងទៅខាងណាមួយគឺប្រទេសមួយនេះច្បាស់ជាមានរឿងធំជាមួយប្រទេសមួយក្នុងចំណោមមេធំទាំងពីរនេះជាមិនខាន។ ម៉្យាងវិញទៀតប្រទេសមួយនេះគឺស្ថិតក្នុងតំបន់ដែលប្រទេសមហាអំណាចទាំងពីរកំពុងព្យាយាមពង្រីកឥទ្ធិពលក្នុងតំបន់នេះ។ ដូចនេះហើយបានជាប្រទេសមួយនេះក៍ត្រូវសង្គ្រាមពាណិជ្ជកម្មធ្វើទុក្ខបុកម្នេញផងដែរដូចប្រទេសផ្សេងៗទៀត៕

ដោយ៖ នឿន វណ្ណៈ

X
5s