វិភាគ៖ ដើម្បីឲ្យការងារមានផលិតភាព តើអ្នកត្រូវធ្វើការប៉ុន្មានម៉ោងក្នុងមួយសប្តាហ៍?
មានការយល់ឃើញខុសគ្នាជាច្រើនបានលើកឡើងពីចំនួនម៉ោងធ្វើការក្នុងមួយសប្តាហ៍ដែលអ្នកត្រូវធ្វើដើម្បីឲ្យការងារទួលបានផលិតភាពខ្ពស់។ ប៉ុន្តែមានទស្សនៈយល់ឃើញចំនួនពីរដ៏សំខាន់នៅក្នុងចំណោមទស្សនៈនានា ត្រូវបានយកមកវែកញែកនៅទីនេះ ដោយទស្សនៈទីមួយទទួលបានពីអ្នកនិពន្ធសៀវភៅ "ធ្វើការ៤ម៉ោងក្នុងមួយសប្តាហ៍ ឬ The 4-Hour Workweek” របស់លោក Tim Ferriss និងលោក Elon Musk ស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX ដ៏ល្បីល្បាញ។
បើតាមអំណះអំណាងរបស់លោក Tim Ferriss ដែលបានសរសេរក្នុងសៀវភៅរបស់លោកបានលើកឡើងថា ធ្វើការតិចម៉ោងក្នុងមួយសប្តាហ៍ក៏អ្នកអាចជោគជ័យបានដែរ។ យ៉ាងណាមិញ ការលើកឡើងនេះបានផ្ទុយ ទៅនឹងការយល់ឃើញរបស់លោក Elon Musk ដែលមហាសេដ្ឋី រូបនេះមានទម្លាប់ធ្វើការច្រើនម៉ោងណាស់ ពោលគឺចាប់ពី ៨០ទៅ ១០០ ម៉ោងក្នុងមួយសប្តាហ៍ ហើយលោកថា គ្មានអ្នកណាអាចផ្លាស់ប្ដូរពិភពលោកបានឡើយដោយគ្រាន់តែធ្វើការត្រឹម ៤០ ម៉ោងក្នុងមួយសប្តាហ៍។
ភាពខ្វែងគំនិតគ្នាលើប្រធានបទនេះបានធ្វើឲ្យគេចោទជាសំនួរឡើងថា តើទស្សនៈណាមួយត្រឹមត្រូវជាង? ឥឡូវនេះ យើងសូមធ្វើការបំបែកវិធីសាស្ត្រនីមួយៗដើម្បីជួយអ្នកធ្វើការសម្រេចចិត្តដ៏ល្អបំផុតមួយសម្រាប់កាលវិភាគការងាររបស់អ្នក។
គោលការណ៍ធ្វើការច្រើនម៉ោង
សហគ្រិនទូទៅយល់ថា ការធ្វើការច្រើនម៉ោងបានក្លាយជារឿងធម្មតាទៅហើយ។ នៅក្នុងបទសម្ភាសន៍មួយលោក Musk ធ្លាប់និយាយថា “ធ្វើការប្រៀបដូចជាឋាននរក”។ លោកបន្ថែមថា បើអ្នកធ្វើការពី ៨០ ទៅ ១០០ម៉ោងក្នុងមួយសប្តាហ៍ ហើយអ្នកផ្សេងធ្វើការត្រឹមតែ ៤០ ម៉ោងក្នុងមួយសប្តាហ៍ នោះទោះបីជាអ្នកកំពុងធ្វើការងារដូចគ្នាក៏ដោយ អ្នកនឹងចំណាយពេលត្រឹមតែ៤ខែប៉ុណ្ណោះដើម្បីជោគជ័យ ខណៈដែលអ្នកផ្សេងអាចចំណាយពេលដល់ទៅ ១ឆ្នាំ។
បើគិតមួយភ្លែត ការយល់ឃើញរបស់លោក Musk ដូចជាសមហេតុសមផលដែរ។ ប៉ុន្តែបើអ្នកវិភាគឲ្យស៊ីជម្រៅជាងនេះ វាបញ្ហាមួយចំនួននៅត្រង់នេះ។ ផលិតភាពការងាររបស់អ្នកនឹងត្រូវបានកំណត់។ ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Stanford បានរកឃើញថា ផលិតភាពការងាររបស់អ្នកនឹងធ្លាក់ចុះប្រសិនបើអ្នកធ្វើការដល់ទៅ ៥០ ម៉ោងក្នុងមួយសប្តាហ៍។ អ្នកដែលធ្វើការដល់ ៧០ម៉ោង ក៏មិនឃើញបានលទ្ធផលអ្វីជាដុំកំភួនដែរ។ ថ្វីបើធ្វើការច្រើនម៉ោងក៏ពិតមែន តែអ្នកទាំងនោះគ្រាន់តែធ្វើការលំៗ ប៉ុន្តែបានលទ្ធផលតិចតួចតែប៉ុណ្ណោះ។
ការធ្វើការច្រើនម៉ោងហួសហេតុពេកក៏ធ្វើឲ្យប៉ះពាល់អ្នកដែលនៅជុំវិញអ្នកផងដែរ។ នៅក្នុងបទសម្ភាសន៍ 2013 SXSW លោក Musk ត្រូវបានចោទសួរអំពីការចំណាយពេលនៅជាមួយកូនៗរបស់លោក។ លោកបានឆ្លើយដូច្នេះថា៖« ការពិតខ្ញុំអត់បានឃើញប្រយោជន៍អីធំដុំទេ។ ប៉ុន្តែអ្វីដែលខ្ញុំបានរកឃើញ គឺខ្ញុំអាចនៅជាមួយកូនៗរបស់ខ្ញុំ ហើយខ្ញុំនៅតែឆ្លៀតមើលអ៊ីមែលបាន។ ខ្ញុំអាចនៅជាមួយពួកគេ ហើយនៅតែធ្វើការក្នុងពេលតែមួយដំណាលគ្នានោះ។ បើខ្ញុំមិនធ្វើទេ ការងាររបស់ខ្ញុំនឹងមិនទទួលបានលទ្ធផលឡើយ»។
ជារឿងមួយគួរឲ្យសោកស្តាយសម្រាប់លោក Musk ដោយហេតុថា ខួរក្បាលរបស់មនុស្សយើងមិនដំណើរការដូចអ្វីដែលលោកបាននិយាយនោះទេ។ បើយោងតាមការស្រាវជ្រាវរបស់សមាគមន៍ចិត្តវិទ្យារបស់អាមេរិក (ASA)បានរកឃើញថា នៅពេលអ្នកធ្វើការច្រើនក្នុងពេលតែមួយ ផលិតភាពការងាររបស់អ្នកចុះដល់ទៅ ៤០% ឯណោះ។
យ៉ាងណាក៏ដោយ គោលដៅអត្ថបទនេះមិនមែនសរសេរដើម្បីរិះគន់លោក Elon Musk ទេ។ អ្នកត្រូវជឿជាក់ថា ផលិតភាពរបស់មនុស្សម្នាក់ៗ គឺមានលក្ខណៈផ្ទាល់ខ្លួន។ ប៉ុន្តែអ្នកត្រូវប្រាកដថា អ្នកមិនបានមើលឃើញរឿងនេះក្នុងគំនិតមួយដែលសុទ្ធតែសមស្របសម្រាប់មនុស្សគ្រប់គ្នាឡើយ។ ប្រសិនបើអ្នកចាប់បង្ខំខ្លួនឯងឲ្យធ្វើការហួសស្តង់ដារកំណត់របស់អ្នក អ្នកក៏ត្រូវកំណត់ពេលធ្វើការក្នុងចំនួនជាក់លាក់មួយដែលអ្នកយល់ថា អ្នកពិតជាអាចទៅរួច។
គោលការណ៍ធ្វើការតិចម៉ោង
សម្រាប់អ្នកដែលមិនទាន់បានអានសៀវភៅរបស់លោក Ferriss អ្នកប្រហែលជាយល់ថា អ្នកនិពន្ធរូបនេះទំនងអាចកសាងជំនួញរបស់គាត់ឲ្យជោគជ័យបានដោយប្រើពេលធ្វើការត្រឹមតែ ៤ម៉ោងប៉ុណ្ណោះក្នុងសប្តាហ៍។ ទន្ទឹមនឹងនេះ ពួកគេប្រហែលជាលួចគិតក្នុងក្តីសង្ឃឹមផងដែរថា ខ្លួនអាចជោគជ័យដូចលោក Ferriss ដោយមិនបាច់ខិតខំប្រឹងប្រែងច្រើនពេកទេ។ តោះ! ឥឡូវនេះមកមើលការបកស្រាយពន្យល់លើទស្សនៈរបស់លោក Ferriss វិញម្តង។
លោក Ferriss បានកំណត់និយមន័យការងារយ៉ាងជាក់លាក់បំផុត។ នៅក្នុងកម្មវិធីមួយរៀបចំឡើងក្នុងសាកលវិទ្យាល័យ Harvard អ្នកនិពន្ធរូបនេះបាននិយាយដូច្នេះថា៖« ប្រសិនបើអ្នកកំណត់ការងាររបស់អ្នកគឺជាអ្វីដែលអ្នកត្រូវធ្វើក្នុងគោលដៅដើម្បីលុយដោយធ្វើការងារតិចតួចដូចជាជាមួយក្រុមហ៊ុនរបស់ខ្ញុំជាដើម ខ្ញុំបានចំណាយពេលធ្វើការតិចជាង ៤ម៉ោងទៅទៀតក្នុងមួយសប្តាហ៍។ ផ្ទុយទៅវិញ បើគោលដៅការងាររបស់អ្នកមិនផ្ដោតលើហិរញ្ញវត្ថុជាសំខាន់ទេ ប៉ុន្តែជារបៀបធ្វើឲ្យជំនួញកាន់តែល្បីឈ្មោះ ដូចជា កម្មវិធីបណ្តុះបណ្តាល បង្កើតប្លុក ឬការផ្សព្វផ្សាយជាដើម វាមិនត្រូវបានចាត់ចូលក្នុងនិយមន័យធ្វើការ ៤ម៉ោងក្នុងមួយសប្តាហ៍របស់ខ្ញុំទេ»។
ទោះបីជាយ៉ាងណាក៏ដោយ លោក Ferriss បានពាំនាំយុទ្ធសាស្ត្រមួយចំនួនដែលមានប្រយោជន៍សម្រាប់ជួយបង្កើនផលិតភាពការងាររបស់អ្នក។ ជាឧទាហរណ៍ លោកបានណែនាំឲ្យអ្នកត្រូវបំពេញភារកិច្ចការងាររបស់អ្នក ហើយផ្តល់សិទ្ធិអំណាចឲ្យអ្នកផ្សេងទៀតក្នុងក្រុមការងាររបស់អ្នកធ្វើការសម្រេចចិត្ត ជាពិសេសលើកិច្ចការដែលមិនសូវសំខាន់។
នេះគឺមានភាពខុសគ្នាខ្លាំងណាស់បើប្រៀបធៀបទៅនឹងរបៀបដែលលោក Musk ដំណើរការអាជីវកម្មរបស់លោក ។ ប៉ុន្តែ នេះទាមទារឲ្យអ្នកកំណត់ព្រំដែនឲ្យបានច្បាស់លាស់ជាមួយមនុស្សដែលអ្នកធ្វើការជាមួយដើម្បីប្រាប់ពួកគេថា តើពួកគេអាចធ្វើការសម្រេចចិត្តជំនួសអ្នកបាននៅក្នុងកម្រិតណា?
គន្លឹះមួយទៀតដែលអ្នកនិពន្ធ Ferriss ចង់ផ្តល់ឲ្យអ្នកត្រូវស្វែងយល់នោះគឺការ លុបបំបាត់ចោលសកម្មភាពរំខានផ្សេងៗដែលគ្មានប្រយោជន៍ និងមកបង្អាក់ពេលវេលារបស់អ្នក។ កិច្ចប្រជុំច្រើនពេក សារអ៊ីមែល ការហៅទូរស័ព្ទ ការប្រើប្រាស់បណ្ដាញសង្គម ការជជែកកម្សាន្តដែលគ្មានប្រយោជន៍ ជាដើមទាំងអស់នេះមិនមែនសុទ្ធតែអាចឲ្យអ្នកសម្រេចបានគោលដៅរបស់អ្នកនោះទេ។
អ្វីដែលលោក Ferriss ចង់ពន្យល់នូវត្រង់ចំណុចនេះគឺថា អ្នកត្រូវចេះជ្រើសរើសព័ត៌មានដែលផ្តល់ភាពសំខាន់ ឬភាពចាំបាច់។ លោកបានបន្តថា អ្នកមិនគួរអង្គុយអានតាមដានព័ត៌មានគ្រប់សាច់រឿងនោះទេ។ ប្រសិនបើវាសំខាន់ មនុស្សជាច្រើននឹងលើកវាមកនិយាយកាន់តែច្រើន។ ខណៈដែលលោក អានសៀវភៅត្រឹមតែ ១ម៉ោងក្នុងមួយថ្ងៃ និងមិនសូវឆែកងប់ងុលនឹងអ៊ីនធឺណិតដូចអ្នកផ្សេង លោក Ferriss ក៏យល់ឃើញផងដែរថា អ្នកគួរតែបិទទូរទស្សន៍ចោល លើកលែងតែមានកម្មវិធីណាមួយដែលធ្វើឲ្យអ្នកសប្បាយចិត្តប៉ុណ្ណោះ។
អ្នកឃើញទេ អ្វីដែលលោក Ferriss ចង់និយាយនោះគឺថា អ្នកមិនចាំបាច់ចំណាយពេលច្រើនក្នុងការធ្វើការរហូតដល់ទៅ រាប់សិបម៉ោងនោះទេ។ អ្វីដែលអ្នកត្រូវដឹង គឺត្រូវចេះច្បិចយកភាពសំខាន់ អាទិភាព ត្រូវខ្លាំងពូកែនៅក្នុងអាជីពមុខជំនួញរបស់អ្នក រៀនសូត្រពីអ្នកដទៃ និងអភិវឌ្ឍសមត្ថភាពខាងជំនួញរបស់អ្នក។
ដូច្នេះតើការងារ ៤ ម៉ោងក្នុងមួយសប្តាហ៍គឺជារឿងពិតឬទេ? ចម្លើយអាចពិត និងមិនពិត។ ហេតុអ្វី? ពីព្រោះថា វាមានភាពស្មុគស្មាញដើម្បីកាត់បន្ថយសកម្មភាពរំខានជាច្រើននៅក្នុងជីវិតការងារប្រចាំថ្ងៃរបស់អ្នក។ តាមពិតទៅ វាហាក់មិនសមហេតុសមផលទាល់តែសោះដែលអ្នកជឿថា អាជីវកម្ម ឬអាជីពការងាររបស់អ្នកអាចរីកចម្រើនទៅមុខបានដោយគ្រាន់តែចំណាយពេលធ្វើការត្រឹមតែ ៤ម៉ោងក្នុងមួយសប្តាហ៍នោះ។
សរុបមកវិញ ឆ្លងកាត់ទស្សនៈផ្សេងៗគ្នាខាងលើនេះគេអាចយល់បានថា អ្នកមិនចាំបាច់រស់នៅចាប់បង្ខំជីវិតខ្លួនឯងឲ្យធ្វើការធ្ងន់ធ្ងរពេក ឬបណ្តោយឲ្យខ្លួនឯងនៅស្រណុកសុខស្រួលពេកនោះដែរ។ អ្នកមិនចាំបាច់ធ្វើការ ១០០ ម៉ោងដើម្បីទទួលបានភាពជោគជ័យ ប៉ុន្តែអ្នកប្រហែលជាត្រូវធ្វើការលើសពី ៤ ម៉ោងក្នុងមួយសប្តាហ៍ដើម្បីបង្កើតអ្វីមួយមានតម្លៃនៅក្នុងជីវិតរបស់អ្នក។
សូមចាំថា ជីវិតមិនមែនផ្ដោតតែទៅលើទ្រនិចនាឡិកាដើរបានយូរប៉ុណ្ណោះនោះទេ។ ផ្ទុយទៅវិញ វាគឺជាអ្វីដែលអ្នកត្រូវផ្ដោតលើភាពសំខាន់។ វាមិនសំខាន់ថា អ្នកបានចំណាយពេលច្រើនប៉ុណ្ណានោះទេ អ្វីដែលសំខាន់ថាតើអ្នកចេះបែងចែកពេលវេលាដោយរបៀបណា? វាគឺជាការ ផ្ដោតលើគុណភាព មិនមែនបរិមាណ ឬត្រឹមតែចំនួននោះទេ៕
ប្រភព៖ fastcompany