CDC អនុម័តគម្រោងរោងចក្រពីរបន្ថែមក្នុងទុនវិនិយោគជិត៧លានដុល្លារអាមេរិក
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅក្នុងហ្វេប៊ុកផេករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញនូវឈ្មោះក្រុមហ៊ុនចំនួន២បន្ថែមដែលគ្រោងនឹងវិនិយោគបង្កើតរោងចក្រកាត់ដេរខ្នើយ ភួយ វាំងនន កម្រាលពួក នឹងរោងចក្រកាត់ដេរសម្លៀកបំពាក់ប៉ាក់ បន្ទាប់ពីការដាក់សំណើរបង្កើតរោងចក្រនៃក្រុមហ៊ុនទាំងពីរនេះ។ ក្រុមហ៊ុនដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
ក្រុមហ៊ុន “ALCLAMORE HOMETEXTILE CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរស្រោមពូក ស្រោមខ្នើយ ភួយ កំរាលពូក និងវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ២០៥K ភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២៨កន្លែង។
ក្រុមហ៊ុន “XINLONGTAI (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់-ប៉ាក់ និងបោះពុម្ពសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៨២១កន្លែង៕
ដោយ៖ ជួប ស្រីរ័ត្ន