តើ​សហគ្រិន​ក្នុង​សតវត្ស​ទី ២១ ​បាន​ផ្លាស់ប្ដូរ​ដោយ​របៀបណា?​



អាជីវកម្ម​ខ្នាត​តូច​កំពុង​រីកចម្រើន​យ៉ាង​ខ្លាំង​នា​សតវត្សរ៍​ទី​ ២១​នេះ ដោយសារ​មនុស្ស​ជាច្រើន​កំពុង​ជ្រើសរើស​យក​ឱកាស​អាជីវកម្ម​ប្រភេទ​នេះ​ជាជាង​ធ្វើការ​​តាម​បែប​​​ក្រុមហ៊ុន​ធំ​ៗ ។ ក្រុម​មនុស្ស​ដែល​បាន​កើត​នៅ​ទសវត្ស​ទី ៩០  និង​ក្រោយៗ​បន្ទាប់​មក​ទៀត ​មិន​មាន​ឆន្ទៈ​ក្នុង​ការ​​ធ្វើ​ការងារ​តាម​ទំនៀមទម្លាប់​ចាស់ៗ ពោល​គឺ​ការងារ​ពី ៩ទៅ ៥​ម៉ោង​ជាមួយ​នឹង​​​ការ​ទទួល​បាន​ផលប្រយោជន៍​ដ៏​អស្ចារ្យ​​នោះ​ទៀត​​ឡើយ​។ 

យុវជន​ដែល​មាន​អាយុ​​ចាប់​ពី ២០​ទៅ ៣០​ឆ្នាំ  កំពុង​បង្កើត​ឲ្យ​មាន​និន្នាការ​ថ្មី​លើ​ភាព​ជា​កម្មសិទ្ធិ​គ្រប់គ្រង​អាជីវកម្ម​ខ្នាត​តូច​ និង​ភាព​ជា​សហគ្រិន។ មនុស្ស​វ័យក្មេង​ទាំង​នេះ​កំពុងតែ​ចាប់ផ្តើម​​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​​ដោយសារ​មូលហេតុ​ជា​ច្រើន​ដូចជា៖ 

-ធ្វើ​ឲ្យ​ពួកគេ​មាន​សេរីភាព​​ក្នុង​ការ​បង្កើត​ភាព​ច្នៃប្រឌិត​

-ភាព​បត់បែន​នៃ​ម៉ោង​ធ្វើការ

-ការងារ​នៅ​លើ​ទីផ្សារ គឺ​លែង​ក្លែង​ជា​រឿង​អស្ចារ្យ​ទៀត​ហើយ​នៅ​ពេល​នេះ​

-ពួកគេ​ចង់​​ឲ្យ​សង្គម​​មាន​ការ​ផ្លាស់ប្ដូរ

-ពួកគេ​ស្រឡាញ់​សេរីភាព​ក្នុង​នាម​ជា​អ្នក​ធ្វើការ​ឲ្យ​ខ្លួនឯង។

អ្វី​ដែល​គួរឲ្យ​តក់​សម្គាល់​នោះ​គឺ​ថា ក៏​មាន​ការ​កើនឡើង​នៃ​ចំនួន​​ស្ត្រី​ក្នុង​ការ​ចូលរួម​ចាប់ផ្តើម​​ធ្វើ​អាជីវកម្ម​ផង​ដែរ។ ស្ត្រី​ជាច្រើន​ដែល​កំពុង​ធ្វើការ​ផ្លាស់ប្ដូរ​ដ៏​សំខាន់​នៅ​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ ​បាន​សម្រេចចិត្ត​​ចាប់ផ្តើម​​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​។ ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជាច្រើន​​ទៀត​ក៏​មាន​ការ​ចាប់ផ្តើម​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ការ​ផ្តល់​ឱកាស​ឲ្យ​ស្ត្រី​នូវ​​មធ្យោបាយ​ចាំបាច់​ដើម្បី​​អនុញ្ញាត​ឲ្យ​ពួកគេ​ចាប់ផ្តើម​​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​​សម្រាប់​ជួយ​​កែលំអ​ស្ថានភាព​ហិរញ្ញវត្ថុ និង​ជីវភាព​​គ្រួសារ​របស់​ខ្លួន​​ដែរ។ 

ភាព​ជឿនលឿន​​របស់​សង្គម​ជាច្រើន​​កំពុង​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​សម្រាប់​សហគ្រិន​ "សតវត្សរ៍​ទី ២១" នេះ​  ដើម្បី​​អាច​ជួយ​សម្រួល​ដល់​ពួកគេ​ចាប់ផ្តើម និង​ទ្រទ្រង់​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​ពួកគេ​។ នៅ​​ក្នុង​បណ្តា​ប្រទេស​​មួយ​ចំនួន​រដ្ឋាភិបាល​កំពុង​ចាប់ផ្តើម​មើលឃើញ​សារៈសំខាន់​នៃ​ការ​ជួយ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​ដោយសារតែ​អាជីវកម្ម​ខ្នាត​តូច​ គឺ​ជា​គន្លឹះ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​និរន្តរភាព​សេដ្ឋកិច្ច។

បណ្តា​ប្រទេស​ជាច្រើន​ដូច​ជា​ប្រេស៊ីល និង​កូឡុំប៊ី ​រដ្ឋាភិបាល​កំពុង​ចាប់ផ្តើម​ផ្តល់​ការ​លើក​ទឹកចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​​ដែល​រស់នៅ​ជិត​តំបន់​​ព្រៃ​អាម៉ាហ្សូន​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​ថ្មីៗ​ក្នុង​ការ​សង្គ្រោះ​បរិស្ថាន ឬ​បញ្ឈប់​សកម្មភាព​​កាប់​ព្រៃឈើ​ខុសច្បាប់។  នៅ​កម្ពុជា ឥណ្ឌា នីហ្សេរីយ៉ា  ​រដ្ឋាភិបាល​បាន​​ព្យាយាម​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​​តាម​រយៈ​ការ​អភិវឌ្ឍ​វិស័យ​ការអប់រំ និង​ផ្តល់​ឱកាស​ឲ្យ​ស្ត្រី​កាន់តែ​ទូលំទូលាយ​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​ទីផ្សារ ការងារ​ និង​អាជីវកម្ម ជា​ពិសេស​អាជីវកម្ម​ខ្នាត​តូច​។  

​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត រដ្ឋាភិបាល​កំពុង​ចាប់ផ្តើម​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​របស់​ខ្លួន​ឲ្យ​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​​ដោយសារតែ​អាជីវកម្ម​ខ្នាត​តូច​​អាច​ទ្រទ្រង់ និង​រក្សា​​កំណើន​សេដ្ឋកិច្ច​ពិភពលោក។ ក្រុមហ៊ុន​សាជីវកម្ម​ធំៗ ជាច្រើន​​នៅ​ជុំវិញ​ពិភពលោក​នឹង​អាច​បិទទ្វារ​​របស់​ខ្លួន ហើយ​បង្វែរ​ទិសដៅ​ទីតាំង​អាជីវកម្ម​ទៅ​កាន់​បណ្តា​ប្រទេស​ផ្សេងៗ ឬ​ក៏​អាច​កាត់​បន្ថយ​ទំហំ​បុគ្គលិក​របស់​ខ្លួន។  ប៉ុន្តែ​អាជីវកម្ម​ខ្នាត​តូច​កម្រ​នឹង​បង្ហាញ​ខ្លួន​ទៅ​ជា​អាជីវកម្ម​ធំៗ​ណាស់ អាជីវកម្ម​ខ្នាត​តូច​ទាំង​នោះ​ធ្វើ​ឡើង​សម្រាប់​ទិសដៅ​ក្នុង​ស្រុក ​​ហើយ​ទទួល​បាន​កាំ​គាំទ្រ​ដោយ​អតិថិជន​នៅ​ក្នុង​​សហគមន៍​ផ្ទាល់​​របស់​ពួកគេ​តែម្តង។ 

ក្រុមហ៊ុន​សាជីវកម្ម​ធំ​ៗ​នៅ​ជុំវិញ​ពិភពលោក កំពុង​ចាប់ផ្តើម​សម្លឹង​ឃើញ​ពី​សារៈសំខាន់​នៃ​ការ​ធ្វើជំនួញ​ជាមួយ ​អាជីវកម្ម​ខ្នាត​តូច​។ ពួកគេ​ចាប់ផ្ដើម​បង្កើត "ក្រុមហ៊ុន​ផ្គត់ផ្គង់​ចម្រុះ" ឬ នាយកដ្ឋាន​​ផ្សេងៗ​ដែល​ជួយ​ឲ្យ​ពួកគេ​​ជ្រើសរើស​អាជីវកម្ម​ខ្នាត​តូច​​សម្រាប់​ចាប់​ដៃ​​ជំនួញ​រកស៊ី​ជាមួយ​ក្រុមហ៊ុន​របស់​ខ្លួន។  ទន្ទឹម​​នឹង​នេះ​ អាជីវកម្ម​ខ្នាត​តូច​ជាច្រើន​ដែល​មាន​ជំនួយ​ពី​ភ្នាក់ងារ​រដ្ឋាភិបាល​ ឥឡូវ​អាច​ចូលរួម​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ធំ​ៗ ដើម្បី​ធ្វើការ​ជាមួយ​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ផង​ដែរ។

ហេតុផល​មួយទៀត​ដែល​ធ្វើ​ឲ្យ​​មនុស្ស​ម្នាក់ៗ​ងាយ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ក្លាយជា​សហគ្រិន​ គឺ​ដោយសារតែ​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា។  នៅ​ក្នុង​មុខ​ជំនួញ​របស់​អ្នក អ្នក​មិន​ចាំបាច់​ត្រូវ​មាន​ទំនាក់ទំនង​​ជាមួយ​អតិថិជន​របស់​អ្នក​​ដោយ​ផ្ទាល់​ដូច​មុន​ទៀត​នោះ​ទេ។នៅ​ពេល​បច្ចុប្បន្ន​នេះ  អ្នក​អាច​ធ្វើ​​ជំនួញ​ជាមួយ​នរណា​ក៏​បាន​មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​​នៅ​ជុំវិញ​ពិភពលោក​​ចេញ​ពី​បន្ទប់​ស្នាក់នៅ​របស់​អ្នក​។​ នេះ​មានន័យ​ថា វា​មិន​​​បាន​ធ្វើ​ឲ្យ​អ្នក​ចំណាយ​ប្រាក់​ច្រើន​​ដូចមុន​​ទៀត​ទេ​ដើម្បី​ចាប់ផ្ដើម​អាជីវកម្ម​នៅ​សតវត្សរ៍​ទី២១​​នេះ​​។

ខាងក្រោម​នេះ​​នឹង​បង្ហាញ​ហេតុផល​មួយ​ចំនួន​​ថា ​ភាព​ជឿនលឿន​នៃ​​បច្ចេកវិទ្យា​​បាន​បង្ក​ឲ្យ​មាន​​ភាព​ងាយស្រួល​​អ្វី​ខ្លះ​​សម្រាប់​អាជីវកម្ម​ក្នុង​សតវត្ស​ទី ២១​នេះ?

-ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្ដាញ​សង្គម (Social Media) ធ្វើ​​ឲ្យ​​មាន​ភាព​ងាយស្រួល​សម្រាប់​សហគ្រិន​ក្នុង​ការ​ជំរុញ​ទីផ្សារ  និង​ផ្សព្វផ្សាយ​ផលិតផល និង​សេវាកម្ម​របស់​ខ្លួន។ 

-ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​អាច​ផ្តល់​ផលិតផល​របស់​ខ្លួន​ដល់​អតិថិជន​បាន​យ៉ាង​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព។ 

នៅ​ពេល​បច្ចុប្បន្ន​ អ្នក​អាច​ទទួល​បាន​ផលិតផល​ក្នុង​​រយៈពេល​ត្រឹម​មួយថ្ងៃ​ជំនួស​​ឲ្យ​រយៈពេល​១​សប្តាហ៍​កាល​ពី​មុនៗ។ 

-អាជីវកម្ម​ខ្លះ​អាច​ផ្តល់​សេវាកម្ម​របស់​ខ្លួន​ដល់​អតិថិជន​របស់​ពួកគេ​ដោយ​មិន​ចាំបាច់​​​​ណាត់​ជួប​អតិថិជន​ដោយ​ផ្ទាល់​ដូច​មុន​ទៀត​ទេ​។  នេះ​ជា​​រឿង​ពិត​​នៅ​ក្នុង​វិស័យ​បច្ចេកទេស​ដូច​ជា​ ការ​អភិវឌ្ឍ​គេហទំព័រ (Web Development) និង ព័ត៌មានវិទ្យា (IT)។ 

-អ្នក​អាច​​ជួប​ប្រជុំ​ ពិភាក្សា​ជាមួយ​ដៃគូ​ជំនួញ​សំខាន់ៗ​​នៅ​ក្នុង​​ពេល​តែ​មួយ​នៅ​ទីតាំង​ផ្សេងៗ​​​គ្នា​ ដោយសារតែ​ការ​​ភ្ជាប់​​តាម​បណ្ដាញ​ទូរគមនាគមន៍ និង​សន្និសីទ​វីដេអូ (Video Conference)។ 

-អ្នក​មិន​ចាំបាច់​ត្រូវការ​ការិយាល័យ​​ដើម្បី​​ធ្វើ​ជំនួញ​ដូច​មុន​ទៀត​ទេ​ ពី​ព្រោះ​អ្នក​អាច​ធ្វើ​ការងារ​​ពី​ផ្ទះ​របស់​អ្នក​​បាន​។ អ្វី​ដែល​អ្នក​ត្រូវការ​ គឺ​កុំព្យូទ័រ​យួរដៃ ទូរស័ព្ទ​ដៃ និង​ម៉ាស៊ីន​បោះពុម្ព​ចល័ត​តែប៉ុណ្ណោះ​។

ពិភពលោក​នៃ​ "ភាព​ជា​សហគ្រិន" បាន​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​ ហើយ​វា​កំពុង​​ផ្លាស់ប្ដូរ​​ក្នុង​ស្ថានភាព​មួយ​ដែល​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​​ឡើង​ជាង​មុន​។ ដូច្នេះ​ប្រសិន​បើ​អ្នក​មាន​បំណង​ចង់​ចាប់​ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​អ្នក​ ឬ​ក្លាយ​ជា​សហគ្រិន អ្នក​អាច​ធ្វើ​វា​​បាន​ដោយ​មិន​មាន​ភាព​ភ័យខ្លាច​​ច្រើន​ដូច​មុន​ទៀត​​​ឡើយ៕

ប្រភព៖ linkedin

 

X
5s