នាយកប្រតិបត្តិ Apple លោក Tim Cook ពន្យល់មូលហេតុដែលអ្នកមិនត្រូវការសញ្ញាប័ត្រដើម្បីជោគជ័យ
ស្របពេលដែលការចំណាយពេលសិក្សាដល់ទៅ ៤ឆ្នាំសម្រាប់ថ្នាក់បរិញ្ញាបត្របានក្លាយជារឿងទូទៅមួយសម្រាប់និស្សិតគ្រប់រូបយកទៅប្រើប្រាស់ក្នុងទីផ្សារការងារក្រោយបញ្ចប់ការសិក្សា លោក Tim Cook ប្រធានក្រុមហ៊ុន Apple បាននិយាយថា រឿងនេះវាមិនចាំបាច់ទៀតនោះឡើយ។
ផ្អែកលើអំណះអំណាងរបស់លោក Cook មានជំនាញចាំបាច់ជាច្រើនដែលនិស្សិតអាចរៀនសូត្របានដោយមិនចាំបាច់ទៅអង្គុយនៅក្នុងថ្នាក់រៀន នោះគឺជំនាញសរសេរកូដ (Coding)។
«យើងបានសម្លឹងមើលជំនាញដែលមិនស៊ីចង្វាក់គ្នារវាងជំនាញដែលទទួលបានពីមហាវិទ្យាល័យ និងជំនាញដែលយើងជឿជាក់ថា យើងត្រូវការចាំបាច់នៅពេលអនាគតដែលអាជីវកម្មជាច្រើនធ្វើអីចឹងដែរ។ យើងបានកំណត់ថា ជំនាញសរសេរកូដ គឺជាជំនាញសំខាន់ជាងគេបំផុតមួយរបស់ក្រុមហ៊ុនយើង»។ នេះជាការលើកឡើងរបស់លោក Cook នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាស្តីពីពលកម្មអាមេរិក (American Workforce Policy Advisory Board meeting) ដ៏ធំមួយជាមួយលោកប្រធានាធិបតី Donald Trump កាលពីពេលកន្លងទៅ។
ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាយក្សរូបនេះថែមទាំងសារភាពទៀតថា កាលពីឆ្នាំទៅមិញ បុគ្គលិកប្រហែលពាក់កណ្តាលដែលចូលធ្វើការនៅក្នុងក្រុមហ៊ុន Apple របស់លោក អត់មានសញ្ញាប័ត្រ ៤ឆ្នាំដូចគេនោះទេ។ ទន្ទឹមនឹងនេះលោកថែមទាំងជឿជាក់ទៀតថា រាល់ក្មេងៗជំនាន់ក្រោយរបស់អាមេរិកគួរទាមទារឲ្យរៀនកម្មវិធីសរសេរកូដមួយចំនួនផងដែរមុនពួកគេបញ្ចប់ថ្នាក់វិទ្យាល័យ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Apple បានចាប់ផ្តើមដាក់ឲ្យដំណើរការកម្មវិធីមួយឈ្មោះថា Everyone Can Code របស់ខ្លួនរួចហើយកាលពីឆ្នាំ ២០១៦ កន្លងទៅ។ វាត្រូវបាន បង្កើតឡើងដើម្បីជួយដល់សិស្សានុសិស្សពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់មហាវិទ្យាល័យអាចសិក្សាពីមេរៀនសរសេរកូដ ហើយរហូតមកដល់ពេលនេះមានសាលារៀនចំនួន ៤ ០០០ នៅសហរដ្ឋអាមេរិកកំពុងយកកម្មវិធីនេះទៅសិក្សា។
សម្រាប់ក្រុមហ៊ុន Apple មានការងារជាក់លាក់មួយចំនួនដែលក្រុមហ៊ុននេះមិនទាមទារឲ្យបុគ្គលិកមានសញ្ញាប័ត្រមកធ្វើការ ហើយក្រុមហ៊ុន Google ក្រុមហ៊ុន IBM ធនាគារអាមេរិក Bank of America និងក្រុមហ៊ុន Hilton ក៏សុទ្ធតែបានអនុវត្តគោលការណ៍នេះជាបន្តបន្ទាប់រួចមកហើយដែរ។
ដោយសំអាងលើបទពិសោធន៍ជីវិតរបស់លោក Steve Jobs ស្ថាបនិកក្រុមហ៊ុន Apple ដែលធ្លាប់បោះបង់សាលាហើយបង្កើតក្រុមហ៊ុននេះជាលើកដំបូងពីកន្លែងចំណតរថយន្តរបស់លោកកាលពីឆ្នាំ ១៩៧៦ លោក Tim Cook បានបញ្ជាក់ថា ការបញ្ចប់ថ្នាក់នៅមហាវិទ្យាល័យមិនមែនសុទ្ធតែជារឿងដែលអ្នកត្រូវធ្វើឲ្យបានល្អបំផុតនោះទេ។
«ដូច្នេះយើងមិនដែលធ្លាប់គិតថា ជំនាញរៀននៅមហាវិទ្យាល័យគឺជាអ្វីដែលអ្នកចាំបាច់ត្រូវធ្វើឲ្យបានល្អបំផុតនោះទេ។ ក្រុមហ៊ុនរបស់យើងតែងតែព្យាយាមសាបព្រោះចំណេះដឹងជាប្រចាំសម្រាប់អ្នកដែលមានឱកាសចូលមកធ្វើការនៅទីនេះ» ។ នេះគឺ ជាការបញ្ជាក់បន្ថែមរបស់លោក Tim Cook៕
ប្រភព៖ Businessinsider