សួនកម្សាន្តនៅប៉េណាំង ម៉ាឡេស៊ីបើកសម្ពោធសួនទឹកធ្លាក់វែងជាងគេបំផុតលើពិភពលោក​



ព័ត៌មានពី Channel News Asia បានឲ្យដឹងថា សួនកម្សាន្ត Escape Theme Park នៅ Teluk Bahang កំពុងស្ថិតក្រោម​ដំណើរការ​សាង​សង់​នៅ​ឡើយ​ដែល​សួន​កម្សាន្តនេះមានកំពស់ ៧០ ម៉ែត្រ និងប្រវែង ១,១៤០ ម៉ែត្រ វាជាសួនកម្សាន្តទឹកធ្លាក់មួយដែលមានប្រវែងវែងជាងគេលើពិភពលោក។ វា​កំពុង​​ត្រៀមបំបែកឯកទគ្គកម្មពិភពលោក Guinness World Record យកឈ្នះម្ចាស់ពានបច្ចុប្បន្នគឺ New Jersey water slide ដែលបានបង្កើតក្នុងឆ្នាំ ២០១៥ មាន​ប្រវែង ៦០៥ ម៉ែត្រ។


នាយកប្រតិបត្តិ Escape Theme Park លោក Sim Choo Kheng បានរៀបរាប់ប្រាប់ Channel News Asia ថាខាងកំណត់ត្រាពិភពលោក Guinness នឹង​ធ្វើ​ការ​ជិះសាកល្បងមុនពេលសម្រេចទទួលស្គាល់ថាវាជាកន្លែងទឹកធ្លាក់វែងជាងគេលើពិភពលោក។ លោកក៏បានបន្ថែមទៀតដែរថា “គម្រោងរបស់យើងគឺបង្កើត​កន្លែង​ និង​សួនទឹកធ្លាក់វែងជាងគេសម្រាប់អ្នកលេងកម្សាន្ត មិនផ្តោតសំខាន់លើការដណ្តើមពាននៃកំនត់ត្រាពិភពលោក Guinness អ្វីនោះទេ តែទោះជាយ៉ាង​ណាយើងសប្បាយរីករាយនឹងការសម្រេចបានស្នាដៃសួនទឹកធ្លាក់របស់យើងនេះខ្លាំងណាស់”។

នាយកប្រតិបត្តិរូបនេះក៏បានលើកឡើងពីការលំបាកមួយចំនួនដែរចំពោះការសាងសង់នេះ ព្រោះត្រូវធ្វើចុះមកពីទីខ្ពស់រហូតដល់ទៅ ៧០ម៉ែត្រ។ “យើងត្រូវការពារ​ខ្លាំង​បំផុតពីការកាប់បំផ្លាញដើមឈើ តែយើងត្រូវគិតគូរខ្លាំងបំផុតដែរថា សាងសង់យ៉ាងណាកុំឲ្យមានការប៉ះពាល់ដោយសារដើមឈើនៅពេលភ្ញៀវជិះលេង វាពិត​ជា​​បញ្ហាលំបាកខ្លាំងណាស់សម្រាប់យើង”។ “យើងព្យាយាមរក្សាព្រៃបៃតង និងគិតគូរដល់សុវត្ថិភាពអ្នកដែលមកកំសាន្តនៅឧទ្យានរបស់យើង នេះជាហេតុ​ដែល​យើង​មានការព្រួយបារម្ភខ្លាំងចំពោះបរិស្ថាន” លោកបានបញ្ជាក់បន្ថែម៕



 

ដោយ៖ យ៉ាយ៉ា

X
5s