រដ្ឋមន្រ្តីក្រសួងទេសចរណ៍រំពឹងថាទេសចរចិននឹងកើនដល់៣លាននាក់នៅឆ្នាំ២០២០
ថ្លែងនៅក្នុងពិធីសម្ពោធ សមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅខុនដូលីហួត រាជធានីភ្នំពេញ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា កម្ពុជាសង្ឃឹមថានឹងទទួលបានភ្ញៀវទេសចរចិនប្រមាណ ២.៦លាននាក់នៅឆ្នាំ២០១៩ នឹងប្រមាណ ៣លាននាក់ នៅឆ្នាំ២០២០ លើសផែនការកំណត់ដែលបានគ្រោងទុក ហើយនឹងកើនដល់៥លាននាក់ នៅឆ្នាំ២០២៥ និងប្រមាណ ៨លាននាក់ នៅឆ្នាំ២០៣០។ នេះបើតាមការចេញផ្សាយរបស់ក្រសួងទេសចរណ៍។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា នៅឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៦.២លាននាក់ ក្នុងកំណើន ១១% ក្នុងនោះទេសចរចិនមានប្រមាណជាង ២លាននាក់ ឈរលំដាប់លេខ១ ក្នុងចំណោមទីផ្សារធំៗទាំង១០។ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ២.៤លាននាក់ កើនឡើង ១១% ក្នុងនោះទេសចរចិនមានចំនួន ៨៨៧,០៣៩នាក់ កើនឡើង ៣៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។
ជាមួយគ្នានេះដែរឯកឧត្តមបានលើកឡើងបន្ថែមថា ចិនគឺជាប្រទេសដែលបានវិនិយោគធំជាងគេលំដាប់ទី១នៅកម្ពុជា ដោយក្នុងនោះកាលពីឆ្នាំ២០១៨ កន្លងមក វិនិយោគទុនចិនមានទំហំប្រមាណ ២.៧ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៤៨.២% នៃទំហំវិនិយោគសរុបនៅកម្ពុជា៕
ដោយ៖ ជួប ស្រីរ័ត្ន