កម្ពុជា - ឥណ្ឌូនេស៊ី បើកជើងហោះហើរត្រង់ឡើងវិញជាលើកដំបូង បន្ទាប់ពីផ្អាកជិត៥០ឆ្នាំ
ភ្នំពេញ ៖ កម្ពុជា - ឥណ្ឌូនេស៊ី បើកជើងហោះហើរត្រង់លើកដំបូងជាផ្លូវការ បន្ទាប់ពីផ្អាកការហោះហើរត្រង់រវាងទីក្រុងទាំងពីរអស់រយៈពេលជិតកន្លះទស្សវត្សកន្លងមក ដោយផ្ដើមជើងហោះហើរដំបូងជាមួយអ្នកដំណើរ ៦៧នាក់ ជាមួយក្រុមហ៊ុនអាកាសចរណ៏citilink។
ឯកឧត្តម ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៏មានប្រសាសន៏ក្នុងពិធីបើកសម្ពោធជើងហោះហើរត្រង់ រវាងទីក្រុងភ្នំពេញនិងទីក្រុងហ្សាកាតាថា៖ ព្រឹត្តិការណ៏ដ៏មានសារៈសំខាន់នេះកើតមានឡើងចំពេលនៃការប្រារព្ធខួបលើកទី៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងឥណ្ឌូនេស៊ី។ កន្លងមក កម្ពុជានិងឥណ្ឌូនេស៊ី បានផ្អាកការហោះហើរត្រង់រវាង ទីក្រុងទាំងពីរអស់រយៈពេលជិត៥០ឆ្នាំ ហើយការបើកសម្ពោធសេវាហោះហើរត្រង់ថ្មីនេះ ជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថានទូត និងស្ថាប័នពាក់ព័ន្ធនានារបស់ប្រទេសទាំងពីរ ដើម្បីឆ្លើយតបតាមតំរូវការ និងការកើនឡើងនៃអ្នកដំណើរ។
ឯកឧត្តមបន្តទៀតថា កាលពីឆ្នាំមុន កម្ពុជាទទួលបនភ្ញៀវទេសចរណ៏ឥណ្ឌូនេស៊ីចំនួន ៥៥.៧៥៣នាក់កើនឡើង ១១,៨%និងរយៈពេលដូចគ្នា៤ខែដើមឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរណ៏ឥណ្ឌូនេស៊ីចំនួន ២១.២៤៣នាក់កើនឡើង១៦,៣%។
ឯកឧត្តម ហោ មុនីរ័ត្នបានលើកឡើងថា៖ ការមិនតំរូវអោយមានទិដ្ឋាការរវាងប្រទេសកម្ពុជានិងឥណ្ឌូនេស៊ីរួមជាមួយការតភ្ជាប់ចើងហោះហើរត្រង់ថ្មីៗទាំងនេះរួមផ្សំនិងការកែលម្អព្រលានយន្តហោះអន្តរជាតិភ្នំពេញ កម្ពុជានឹងប្រែជាច្រកចេញចូលដ៏មានប្រសិទភាពសម្រាប់អ្នកវិនិយោគិន ហើយនិងក្លាយជាគោលដៅទេសចរណ៏ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរណ៏ក្នុងតំបន់ ជាពិសេសភ្ញៀវមកពីឥណ្ឌូនេស៊ី។ លើសពីនេះទៅទៀតអ្នកធ្វើដំណើរពិកម្ពុជា នឹងទទួលបានភាពងាយស្រួលព្រមទាំងចំណេញពេលវេលាក្នុងការធ្វើដំណើរឆ្ពោះទៅទីក្រុងហ្សាកាតា កោះបាលី និងកោះបូរ៉ូបូឌូជាដើម។
ឯកឧត្តមមានទំនុកចិត្តថា ការហោះហើរត្រង់រវាងប្រទេសទាំងពីរពិតជាមានសារៈសំខាន់ណាស់ ដើម្បីបង្កើនសេដ្ឋកិច្ចរបស់យើង ក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៏ វិនិយោគ និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក ដើម្បីភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និតនិងការយល់គ្នាកាន់តែបានល្អ៕
ដោយ៖ ស្រីពេជ្រ