សញ្ញាទាំង ៥ បង្ហាញថាអ្នកជាមនុស្សស្រីដែលរឹងមាំ
មនុស្សស្រីបែបណាទៅដែលចាត់ទុកថាជាមនុស្សស្រីដែលរឹងមាំ? ហើយមនុស្សស្រីគ្រប់គ្នាសុទ្ធតែជាមនុស្សស្រីដែលរឹងមាំមែនទេ? មិនមែនមនុស្សស្រីទាំងអស់គ្នាសុទ្ធតែជាមនុស្សដែលរឹងមាំទេ ចុះមនុស្សស្រីបែបណាវិញដែលគេចាត់ទុកថានាងជាមនុស្សរឹងមាំនោះ?
១) នាងជាមនុស្សម្នាក់ដែលគោរពខ្លួនឯង និងអ្នកដទៃ
មនុស្សដែលអាចផ្តល់ភាពគោរពដល់ខ្លួនឯងបានគ្រប់គ្រាន់ នាងក៏អាចគោរពអ្នកដូចគ្នា ព្រោះនាងយល់ច្បាស់ពីតម្លៃនៃការគោរពគ្នាទៅវិញទៅមករបស់មនុស្ស។ ដោយសារការចេះគោរពអ្នកដទៃនេះហើយដែលនាំឲ្យមានភាពចាស់ទុំជាប់ខ្លួនជានិច្ច។
២) នាងមានភាពឯករាជ្យ
នាងមិនសូវជាត្រូវការជំនួយឡើយមិនថាពីមនុស្សស្រី ឬមនុស្សប្រុស។ ស្តាប់ទៅហាក់ដាច់អហង្ការបន្តិច តែនាងជាមនុស្សដែលចូលចិត្តធ្វើការងារអ្វីមួយឲ្យសម្រេចលទ្ធផលដោយខ្លួនឯង ជាជាងប្រើអ្នកដទៃហើយនាំមកនូវរឿងខកចិត្តទៅវិញ។ តែគេក៏សង្កេតឃើញថានាងជាមនុស្សដែលតែងទទួលជោគជ័យដូចគ្នា។
៣) នាងដឹងពីការគ្រប់គ្រងអារម្មណ៍ខ្លួនឯង
ដោយសារនាងមានចរឹតចាស់ទុំច្រើន ដូចនេះនាងអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងនាងបានល្អ មិនថាពេលសប្បាយ ពេលខឹង ឬកើតទុក្ខអ្វីឡើយ។ រួមជាមួយគ្នានេះដែរ នាងតែងជាមនុស្សម្នាក់ដែលមិនសូវជាអនុញ្ញាតឲ្យអ្នកដទៃមកគ្រប់គ្រងលើអារម្មណ៍ ឬសេរីភាពរបស់នាងទេ។
៤) នាងហ៊ានទទួលយកហានិភ័យ
នាងជាអ្នកដែលតែងគិតគួរបានច្បាស់លាស់មុននឹងសម្រេចចិត្តធ្វើអ្វីមួយ ហើយនាងក៏ហ៊ានទទួលយកហានិភ័យពីការសម្រេចចិត្តតបស់នាងដែរ ព្រោះនាងជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់លើខ្លួនឯង លើកិច្ចការងារ និងលើទំនាក់ទំនង។
៥) នាងតែរក្សាចិត្តគំនិត និងអ្វីៗក្នុងផ្លូវវិជ្ជមានជានិច្ច
ការគិតក្នុងផ្លូវវិជ្ជមានគឺជាផ្នត់គំនិតដែលនាងមានដក់ជាប់ខ្លួនជានិច្ច ព្រោះនាងដឹងថាការគិតល្អៗនាំឲ្យនាងទទួលបានអ្វីៗល្អដូចគ្នា។ នាងមិនចូលចិត្តរស់នៅក្នុងភាពអវិជ្ជមាន ឬក្នុងពិភពលោកមួយដែលក្លែងក្លាយទេ។ នាងក៏ដឹងច្បាស់ទៀតថា ភាពវិជ្ជមានអាចផ្លាស់ប្តូរអំពើអាក្រក់បានទោះត្រូវចំណាយពេលយូរបន្តិចក៏ដោយ។ នាងជាមនុស្សដែលស្រេកឃ្លានភាពស្មោះត្រង់ និងមិនបំផ្លាញអ្នកដទៃដោយសារភាពរឹងមាំរបស់នាងឡើយ៕
ដោយ៖ យ៉ាយ៉ា