អ្នកជំនាញចិត្តវិទ្យាបង្ហាញថា បុគ្គលិកលក្ខណៈ២នេះមើលទៅល្អ ប៉ុន្តែមិនអាចយកមកធ្វើជាអ្នកដឹកនាំគេបានទេ!
នៅពេលនិយាយពីអ្នកដឹកនាំមិនល្អ អ្នកអាចលើកហេតុផលជាច្រើនពីចំណុចអវិជ្ជមានរបស់បុគ្គលទាំងនោះ។ ក៏ប៉ុន្តែការស្រាវជ្រាវដែលបង្ហាញនៅក្នុងអត្ថបទនេះបានលើកឡើងឫសគល់តែ ២ ចំណុចប៉ុណ្ណោះដែលថា អ្នកណាម្នាក់គ្មានបុគ្គលិកលក្ខណៈពេញលេញធ្វើជាអ្នកដឹកនាំគេ។
បញ្ឈប់វប្បធម៌លើកសរសើរគុណសម្បត្តិរបស់បុរសដែលមានរូបសម្បត្តិទាក់ទាញ និងមានភាពជឿជាក់ច្រើនជ្រុល
អ្វីដែលមនុស្សទូទៅគិតនោះគឺថា ភាពជាអ្នកដឹកនាំដ៏ពិតប្រាកដម្នាក់ គឺខុសគ្នាឆ្ងាយខ្លាំងណាស់ពីពីសេចក្តីពិត។ អ្នកជំនាញខាងចិត្តវិទ្យា លោក Tomas Chamorro-Premuzic មកពីក្រុមហ៊ុន ManpowerGroup និងជាសាស្ត្រាចារ្យចិត្តវិទ្យានៃសាកលវិទ្យាល័យ University of London និងសាកលវិទ្យាល័យ Columbia បានលើកឡើងថា កន្លងមកសង្គមឲ្យតម្លៃបុរសដែលមានភាពជឿជាក់ខ្ពស់ (Confidence) និងរូបសម្បត្តិទាក់ទាញ (Charisma)គឺជាអ្នកដឹកនាំ។
នៅក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា "ហេតុអ្វីបានជាបុរសគ្មានសមត្ថភាពជាច្រើនក្លាយជាមេដឹកនាំ?" ឬ "Why Do So Many Incompetent Men Become Leaders?” សាស្ត្រាចារ្យរូបនេះបានពន្យល់ពីលក្ខណៈសម្បត្តិទាំងពីរខាងលើនេះថា ជាមនុស្សមានភាពជឿជាក់ជ្រុល តួឯកនិយម ហើយអាចមានជំងឺផ្លូវចិត្តដែលនឹងបង្កគ្រោះមហន្តរាយនៅពេលបន្ទាប់។
នេះហើយជាមូលហេតុដែលគេមិនគួរឲ្យតម្លៃដល់មនុស្សដែលមានរូបសម្បត្តិទាក់ទាញ និងមានភាពជឿជាក់ខ្ពស់ខ្លាំងពេក ហើយប្រវត្តិសាស្ត្របានបង្រៀនមនុស្សឲ្យតម្លៃលើការដឹកនាំបែបសម្ភារៈនិយម (Leadership Material) តាំងពីសម័យកាលបដិវត្តឧស្សាហកម្មលើកទីមួយមកម្ល៉េះ។
១. តើភាពជឿជាក់នាំឲ្យជះលទ្ធផលអ្វីត្រឡប់មកវិញខ្លះ?
ភាពជឿជាក់ ជាញឹកញាប់ត្រូវបានគេក្លែងបន្លំ និងត្រូវបានគេដឹងថា ជាសមត្ថភាពនៃភាពជាអ្នកដឹកនាំ។ ក្នុងបទសម្ភាសន៍មួយលោក សាស្ដាចារ្យTomas បានលើកឡើងថា ខណៈពេលដែលមនុស្សភាគច្រើនមើលទៅមនុស្សមានភាពជឿជាក់ ហើយសន្មតថា បុគ្គលនោះជាមនុស្សមានសមត្ថភាពផងនោះ ការពិតគឺវាមិនមានទំនាក់ទំនងអ្វីនោះឡើយរវាងពាក្យថា "ភាពជឿជាក់” និង "សមត្ថភាព”។
ភាពជឿជាក់ គឺជារបៀបដែលអ្នកពូកែខាងអ្វីមួយ។ ភាពជឿជាក់ គឺជារបៀបដែលពូកែគិតខាងអ្វីមួយ។ ការស្រាវជ្រាវជាច្រើនទសវត្សរ៍កន្លងទៅបានបង្ហាញថា ស្ទើរតែគ្រប់លំហនៃសមត្ថភាពរបស់មនុស្សមានទំនោរទៅនឹងការសន្មតរហូតថា ខ្លួនឯងប្រសើរជាងការពិតរបស់ខ្លួនឯងកំពុងមានទៅទៀត។ នេះបើយោងតាមការពន្យល់បន្ថែមរបស់លោក សាស្ដាចារ្យTomas។
លោក Tomas បន្តថា ខណៈដែលមានភាពជឿជាក់គឺជារឿងល្អ អ្នកដឹកនាំដែលដែលមានភាពជឿជាក់ជ្រុលពេក ចូលចិត្តធ្វើការហួសពីដែនសមត្ថភាព និងហួសពីរង្វង់ការងាររបស់ខ្លួន។ គេត្រូវមានការប្រុងប្រយ័ត្នលើអ្នកដឹកនាំ បែបនេះ ពីព្រោះថា បុគ្គលប្រភេទនេះស៊ាំទៅហើយទៅនឹងមតិរិះគន់អវិជ្ជមានពីមនុស្សជុំវិញដែលខ្លួនមិនសូវយកពេលទៅដាក់ត្រចៀកស្តាប់។
២. តើរូបសម្បត្តិទាក់ទាញនាំឲ្យជះលទ្ធផលអ្វីត្រឡប់មកវិញខ្លះ?
មេដឹកនាំជោគជ័យបំផុតមួយចំនួននៅលើពិភពលោកត្រូវបានគេស្គាល់ច្រើនតាមរយៈរូបសម្បត្តិដ៏ទាក់ទាញរបស់ខ្លួន។ ប៉ុន្តែខណៈភាពទាក់ទាញនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពចម្រូងចម្រាសនៃជំងឺតួឯក ជាមនុស្សសំខាន់ និងមានកាយសម្បទាគួរឲ្យទាក់ទាញ គេមានការពិបាកក្នុងការកំណត់ វាស់ស្ទង់ និងប្រាកដក្នុងចិត្តថា បុគ្គលនោះជាមនុស្សសំខាន់ស្ថិតនៅក្នុងក្រសែភ្នែករបស់មនុស្សគ្រប់គ្នា។
ផ្អែកលើការស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យ Tomas រូបសម្បត្តិទាក់ទាញ គឺជារនាំងឧបសគ្គដល់ការវាយតម្លៃរបស់មនុស្សថាតើអ្នកដឹកនាំពិតប្រាកដអនុវត្តការងារយ៉ាងដូចម្តេច? ជាជាងការវិនិច្ឆ័យដោយគ្មានហេតុផល គេមិនសូវបានវិនិច្ឆ័យឲ្យបានដិតដល់អំពីការដឹកនាំរបស់មេដឹកនាំទេនៅពេលដែលគេមើលឃើញអ្នកដឹកនាំនោះជាមនុស្ស Charisma ។
លោកសាស្ត្រាចារ្យបានបន្តទៀតថា នៅពេលរូបសម្បត្តិទាក់ទាញកើតមានព្រមគ្នាទៅនឹងជំងឺតួឯក និងជំងឺផ្លូវចិត្ត អ្នកដឹកនាំនោះនឹងបង្កបញ្ហាគ្រោះថ្នាក់កាន់តែខ្លាំងឡើង។ យ៉ាងណាមិញ ការស្រាវជ្រាវរបស់លោកបានបង្ហាញថា នៅពេលដែលអ្នកដើរតាមអ្នកដឹកនាំទទួលបានព័ត៌មានកាន់តែច្រើនឡើងពីអ្នកដឹកនាំនោះ ភាពសារៈសំខាន់នៃភាព charisma របស់អ្នកដឹកនាំនោះក៏ចាប់ផ្តើមធ្លាក់ចុះបន្តិចម្តងៗ។
ជំនួសឲ្យមេដឹកនាំប្រភេទនេះ តើអ្នកណាគួរតែត្រូវបានផ្តល់រង្វាន់ឲ្យធ្វើជាអ្នកដឹកនាំពិតប្រាកដ?
យោងទៅតាមការស្រាវជ្រាវរបស់លោក Tomas Chamorro-Premuzic មេដឹកនាំដ៏ល្អបំផុតគឺនៅពេលដែលអ្នកដឹកនាំនោះមាន IQ (ភាពឆ្លាតវៃផ្នែកបញ្ញា) ជាមួយនឹង EQ (ភាពឆ្លាតវៃផ្នែកអារម្មណ៍) ដែលអាចធ្វើឲ្យអ្នកដឹកនាំនោះបានដឹងពីប្រសិទ្ធភាព និងស្គាល់ពីខ្លួនឯង។ ខណៈដែលបុរស និងស្ត្រីមានភាពស្មើគ្នានៅពេលនិយាយពី IQ ការស្រាវជ្រាវបានបង្ហាញថា ស្ត្រីមាន EQ កាន់តែច្រើន ហើយជាទូទៅពួកគេស័ក្តិសមធ្វើជាអ្នកដឹកនាំ។
លោក Tomas បានបញ្ជាក់បន្ថែមទៀតថា EQ ខ្ពស់មានការពាក់ព័ន្ធជាមួយនឹងមេដឹកនាំដែលសុភាពរាបសា ស្មោះត្រង់ និងសីលធម៌ខ្ពស់។ ទាំងនេះបានជំរុញឲ្យមេដឹកនាំបែបនេះផ្ដោតលើការជ្រើសរើស និងអភិវឌ្ឍភាពជាអ្នកដឹកនាំដែលមានសមត្ថភាពពិតប្រាកដ ព្រមទាំងអាចជួយកែទម្រង់បញ្ហាវិសមភាពយេនឌ័រនៅក្នុងជូរថ្នាក់ដឹកនាំ មិនមែនមានតែបុរសលើសលប់នោះទេ៕
ប្រភព៖ Inc