រាល់ថ្ងៃហេតុអ្វីការចំណាយពេលធ្វើដំណើរ ធ្វើឲ្យអ្នកក្លាយជាសហគ្រិនកាន់តែល្អប្រសើរឡើង?
សហគ្រិនជាច្រើនដឹងថា ផ្លូវឆ្ពោះទៅរកភាពជោគជ័យបំផុត គឺការតស៊ូក្រាញននៀលមិនបោះបង់ និងត្រូវលះបង់ពេលវេលាយ៉ាងច្រើនលើសលប់អង្គុយនៅក្នុងការិយាល័យធ្វើការរបស់ខ្លួន។ ប្រសិនបើអ្នកចង់ទទួលបានជោគជ័យ អ្នកត្រូវបង្ហាញការប្ដេជ្ញាចិត្ត និងបំពេញកិច្ចការមុខជំនួញរបស់អ្នកជារៀងរាល់ថ្ងៃ។
នេះហើយជាមូលហេតុដែលសហគ្រិនជាច្រើនមិនសូវមានពេលទំនេរដើរកម្សាន្ត ម្យ៉ាងទៀតគិតថា វាជារឿងខាតពេល និងចាយលុយអស់ឥតប្រយោជន៍ មិនចំណេញដល់មុខជំនួញ។ ប្រសិនបើអ្នកយល់ដូច្នេះដែរ នោះគឺជារឿងមួយគួរឲ្យអស់សំណើចណាស់។ ហេតុអ្វី? តាមពិតទៅអ្នកប្រហែលជាមិនបានដឹងថា ការធ្វើដំណើរមានសារសំខាន់ធំប៉ុណ្ណាដល់អ្នកនោះទេ។ សូមសម្រាកបន្តិច ហើយអានអត្ថបទនេះ អ្នកនឹងទទួលបានចម្លើយថា តើអ្វីដែលអ្នកគិតកន្លងមក ត្រឹមត្រូវឬក៏ខុស?
១.កាត់បន្ថយអារម្មណ៍តានតឹង
សហគ្រិនភាពភាគច្រើនចូលចិត្តការងារខ្លួនណាស់។ ប៉ុន្តែការប្រកួតប្រជែងនៅលើទីផ្សារ បញ្ហាផ្ទៃក្នុងដ៏ស្មុគស្មាញ ឬមានសម្ពាធច្រើនពេកអាចធ្វើឲ្យមានភាពអវិជ្ជមានដល់ទស្សនវិស័យរបស់ខ្លួន។ នេះហើយដែលការធ្វើដំណើរគឺជាឱកាសមួយដើម្បីអាចធ្វើឲ្យអ្នកចាកចេញពីការិយាល័យមួយរយៈ ទុកសារអ៊ីមែលមួយឡែកសិន ហើយទុកពេលមើលលទ្ធផលក្រុមហ៊ុនរបស់អ្នកនៅពេលអ្នកមិនបាននៅជិតវា។
នៅពេលដែលអ្នកមានអារម្មណ៍ថា ចង់ទុកក្រុមហ៊ុនចោលមួយរយៈសិន ឬបើមិនទុកចិត្តទេ អ្នកអាចកំណត់កាលវិភាគ និងធ្វើតាមអ្វីដែលអ្នកបានកំណត់ទុកនោះ។ ត្រូវស្វែងរកកន្លែងកម្សាន្តបែបធម្មជាតិ ឬកន្លែងដែលអ្នកចូលចិត្តដូចជា មាត់សមុទ្រ ព្រៃភ្នំ រមណីយដ្ឋាន ឡើងភ្នំ ជិះកង់ ជិះទូកជាដើម។ ការបំពេញតម្រូវការផ្ទាល់ខ្លួនអាចធ្វើឲ្យចិត្តរបស់អ្នកផ្ដោតអារម្មណ៍លើការជំរុញឲ្យមុខជំនួញរបស់អ្នកទៅមុខ ហើយការចាកចេញមួយរយៈអាចធ្វើឲ្យអ្នកមានអារម្មណ៍រំភើបក្នុងការវិលត្រឡប់មកកាន់តុធ្វើការវិញជាមួយនឹងគំនិតថ្មីៗ។
២.រៀនសូត្រដកស្រង់បទពិសោធន៍វប្បធម៌ដ៏សំបូរបែប
ជួនកាលការបរាជ័យដ៏ធំបំផុតរបស់អ្នកនៅកន្លែងធ្វើការកើតឡើងដោយសារតែក្រុមការងាររបស់អ្នកមើលឃើញទិដ្ឋភាព ឬស្ថានភាពដូចៗគ្នា។ ដើម្បីជៀសវាងការបង្កើតកំហុសម្តងហើយម្តងទៀត និងដើម្បីបង្កើតការច្នៃប្រឌិតថ្មីៗ អ្នកគួរតែសាកល្បងបង្កើនសមត្ថភាពក្នុងការគិតរបស់អ្នកដោយចាប់ផ្តើមស្វែងយល់ពីវប្បធម៌ខុសៗគ្នា។ ដូច្នេះហើយ អ្នកគូរធ្វើដំណើរទៅកាន់តំបន់ ឬប្រទេសផ្សេងៗ។
បើអ្នកបានធ្វើដំណើរទៅប្រទេសបារាំងវិញ អ្នកបម្រើនឹងមិនប្រញាប់ប្រញាល់យកបញ្ជីមុខម្ហូបមកឲ្យអ្នកមើលនោះទេ ប្រសិនបើអ្នកមិនបានស្នើសុំពួកគេ។ បើទៅប្រទេសជប៉ុនមេចុងភៅម្នាក់អាចចំណាយពេលមិនក្រោម ៥ឆ្នាំទេទម្រាំអាចធ្វើមុខម្ហូបស៊ួស៊ី (Sushi) ដ៏ឆ្ងាញ់ពិសារឲ្យអ្នក។ ត្រង់នេះការធ្វើដំណើរនៅតាមប្រទេសផ្សេងៗគ្នាបានបង្រៀនអ្នកថា ពិភពលោកនេះពីកន្លែងមួយទៅកន្លែងមួយ គឺមិនដូចគ្នាទេ។ បើអ្នកធ្វើដំណើរកាន់តែច្រើន អ្នកនឹងទទួលបានផ្នត់គំនិតផ្សេងគ្នាពីជីវិតផ្ទាល់ខ្លួន អាជីពការងារ ការរកស៊ី វប្បធម៌ និងការទំនាក់ទំនងកាន់តែច្រើនដែលអ្នកអាចរៀនសូត្របានយកទៅ បំពេញចំណុចខ្វះខាតនៅក្នុងមុខជំនួញរបស់អ្នក។
៣.ការច្នៃប្រឌិតថ្មីៗ គឺជារឿងដែលចាំបាច់បំផុត
មិនខុសពីបទពិសោធន៍ជីវិតសំខាន់ៗដទៃទៀត ការធ្វើដំណើរបានចង្អុលបង្ហាញអ្នកពីបញ្ហាប្រឈមនានាដែលកំពុងកើតមានឡើង។ ពេលខ្លះជើងហោះហើររបស់ត្រូវបានពន្យារពេល។ ឧបសគ្គខាងភាសាធ្វើឲ្យអ្នកយល់ច្រឡំ។ អត្រាប្តូរប្រាក់មានការប្រែប្រួលពីប្រទេសមួយទៅប្រទេសមួយ។ ឥវ៉ាន់ ឬសម្ភារៈរបស់អ្នកមួយចំនួនបានបាត់បង់។ ប៉ុន្តែ ដំណឹងដ៏ល្អគឺនៅត្រង់ថា បញ្ហាប្រឈមទាំងនេះគឺជានំបុ័ង និងនំហាំប៊ឺគ័រដ៏ឈ្ងុយឆ្ងាញ់របស់សហគ្រិនទៅវិញទេ។
សហគ្រិនដែលកំពុងស្វែងរកការចាប់ផ្តើមធ្វើដំណើរផ្សងព្រេង អាចរកឃើញនូវការបំផុសគំនិតប្លែកៗគ្មានដែនកំណត់ក្នុងពិភពទេសចរណ៍ ហើយការចំណាយពេលនៅកន្លែងថ្មីៗ អាចធ្វើឲ្យអ្នករកឃើញមុខជំនួញដែលអាជីវកម្មមានស្រាប់មិនទាន់ធ្វើ។
នៅលើកក្រោយ រាល់ពេលដែលអ្នកធ្វើដំណើរ អ្នកត្រូវនាំសៀវភៅកត់ត្រាទៅជាមួយផង ហើយសរសេរពីបញ្ហាលំបាកៗ និងការបំផុសគំនិតថ្មីៗដែលអ្នកបានជួប។ បន្ទាប់មកយកវាមកពិចារណាហើយប្រៀបធៀបទៅនឹងបញ្ហាប្រឈមដែលក្រុមហ៊ុនរបស់អ្នកកំពុងជួបប្រទះ ហើយថា តើអ្នកត្រូវដោះស្រាយបញ្ហាទាំងនោះដោយរបៀបណា? ប្រសិនបើអ្នកមានចក្ខុវិស័យច្បាស់លាស់ និងអាចគាំទ្រដល់ក្រុមការងាររបស់អ្នក អ្នកអាចឈានជើងចូលទៅកាន់វិថីជំនួញថ្មីមួយទៀតដែលកាន់តែប្រសើរជាងនេះ៕
ប្រភព៖ Inc